អ្នកដឹកនាំរឿងនិងផលិតករភាពយន្តម៉ាឡេស៊ីដែលរៀបរាប់ពីជីវិតក្រោយពេលស្លាប់ ដែលជាភាពយន្តត្រូវបានគេហាមឃាត់នៅប្រទេសម៉ាឡើស៊ីបានរងការ ចោទប្រកាន់ពីការបំពានលើអារម្មណ៍នៃជំនឿសាសនារបស់អ្នកដទៃកាលពីថ្ងៃទី១៧ ខែមករាកន្លងទៅ។ ការចោទប្រកាន់នេះ គឺជាវិធានការព្រហ្មទណ្ឌដែលកម្រកើតមានទៅលើអ្នកផលិតភាពយន្ត។ ក្រុមអ្នករិះគន់បានចាត់ទុកចំណាត់ការនេះថា ជាការវាយប្រហារទៅលើសេរីភាពនៃការបញ្ចេញមតិ។
លោក Mohamad Khairianwar Jailani ជាអ្នកដឹកនាំរឿងនិងជាអ្នកសរសេរសាច់រឿងនៃភាពយន្ត«Mentega Terbang» រួមជាមួយផលិតករឈ្មោះ Tan Meng Kheng ត្រូវបានប្រកាសថាគ្មានទោសទណ្ឌពីបទចោទប្រកាន់«មានចេតនាធ្វើឲ្យខូចអារម្មណ៍សាសនារបស់អ្នកដទៃ» តាមរយៈភាពយន្តឯករាជ្យមួយ ដែលផលិតដោយចំណាយប្រាក់បន្តិចបន្តួច។ ប្រសិនបើរកឃើញថាមានទោស ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅមួយឆ្នាំឬត្រូវពិន័យឬត្រូវរងទណ្ឌកម្មទាំងពីរនេះ។
លោក N. Surendran ដែលជាមេធាវីការពារក្ដីបានថ្លែងថាលោកជឿថាផលិតករភាព យន្តទាំងពីររូបនេះជឿថា«ការចោទប្រកាន់ទៅលើពួកគេជារឿងមិនសមហេតុផល និងរំលោភរដ្ឋធម្មនុញ្ញ» ពីព្រោះវារំលោភទៅលើសិទ្ធិសេរីភាពបញ្ចេញមតិ។
លោកថ្លែងថា៖«តាមការយល់ឃើញរបស់យើង ការចោទប្រកាន់ទាំងនេះគ្មានមូល ដ្ឋានទាល់តែសោះ។ យើងនឹងតតាំងទៅនឹងបទចោទទាំងនេះនៅក្នុងតុលាការ»។
ខ្សែភាពយន្តនេះត្រូវបានចាក់ផ្សាយលើកដំបូងនៅក្នុងពិធីបញ្ចាំងភាពយន្តថ្នាក់តំបន់ កាលពីឆ្នាំ២០២១។ ភាពយន្តនេះនិយាយអំពីក្មេងស្រីមូស្លីមដែលព្យាយាមស្វែងយល់អំពីសាសនាដទៃផ្សេងទៀតដើម្បីដឹងថាតើម្ដាយរបស់នាងដែលកំពុងមានជំងឺនឹងទៅទីណាក្រោយពេលស្លាប់។ ឈុតឆាកដែលធ្វើឱ្យអ្នកកាន់សាសនាអុិស្លាមខឹងសម្បានោះគឺនៅត្រង់ចំណុចមួយដែលក្មេងស្រីនេះសម្រេចចិត្តបរិភោគសាច់ជ្រូកដែលត្រូវបានហាមឃាត់នៅក្នុងសាសនាអុិស្លាម ហើយបានធ្វើជាផឹកទឹកមន្ត ចំណែកឪពុករបស់នាងក៏បានធ្វើតាមបំណងរបស់នាងដែលសម្រេចចិត្តចាកចេញពីសាសនាអុិស្លាម។ ភាពយន្តនេះក៏បណ្ដាលឱ្យមានការគំរាមសម្លាប់ទៅលើលោក Khairianwar ផងដែរ។
ភាពយន្តនេះត្រូវបានផ្សព្វផ្សាយក្នុងរយៈពេលខ្លីមួយ នៅលើគេហទំព័រភាពយន្តក្នុងទីក្រុងហុងកុង កាលពីឆ្នាំមុន មុនពេលវាត្រូវបានដកចេញវិញ។ ក្រសួងគេហដ្ឋានម៉ាឡេស៊ីបានហាមមិនឱ្យចាក់ផ្សាយភាពយន្តនេះកាលពីខែកញ្ញាកន្លងទៅ ដោយមិនបានបញ្ជាក់ពីមូលហេតុ។ ផលិតករទាំងពីររូបបានប្ដឹងបកទៅលើការសម្រេចរបស់រដ្ឋាភិបាល មុនពេលពួកគេត្រូវបានចោទប្រកាន់ជាផ្លូវការ។
បញ្ហាជាតិសាសន៍និងសាសនាជាបញ្ហារសើបនៅក្នុងប្រទេសម៉ាឡេស៊ី។ ពលរដ្ឋមានជាតិសាសន៍ម៉ាឡេមានចំនួន២ភាគ៣នៃប្រជាជនសរុបចំនួន ៣៣លាននាក់ ហើយពួកគេត្រូវតែជាអ្នកកាន់សាសនាអុិស្លាម ហើយការដកខ្លួនចេញពីសាសនានេះត្រូវបានចាត់ទុកថាជាអំពើបាប។ ប្រទេសនេះក៏មានពលរដ្ឋភាគតិចចិននិងឥណ្ឌាក្នុងចំនួនដ៏ច្រើនផងដែរ ដែលកាន់សាសនាព្រះពុទ្ធ សាសនាហិណ្ឌូនិងសាសនាគ្រិស្ត។
ក្រុមអ្នករិះគន់និយាយថាការអភិរក្សផ្នែកសាសនាកំពុងមានការកើនឡើងនៅក្នុងប្រ ទេសនេះ បន្ទាប់ពីគណបក្សសម្ព័ន្ធភាពម៉ាឡេ-អុិស្លាមដ៏មានឥទ្ធិពលទទួលបានការគាំ ទ្រយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតសាកលកាលពីខែវិច្ឆិកា ឆ្នាំ២០២២។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចោទរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anwar Ibrahim ថាបានធ្វើទុក្ខបុកម្នេញទៅលើផលិតករភាពយន្តទាំងពីរនាក់ដើម្បីទទួលបានការគាំទ្រពីសំណាក់អ្នកកាន់សាសនាអុិស្លាម។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានថ្លែងថា៖«ការតម្រូវចិត្តផ្នែកនយោបាយ ដោយមិនខ្វល់អំពីបញ្ហាសិទ្ធិមនុស្សបែបនេះ ជាទម្លាប់ដែលលោក Anwar ធ្លាប់បានចោទទៅលើរដ្ឋាភិបាលមុនៗ កាលពីលោកនៅជាគណបក្សប្រឆាំង។ ប៉ុន្តែឥឡូវនេះ លោកបានបង្ហាញច្បាស់ហើយថា លោកបានប្រែប្រួលបន្ទាប់ពីបានឡើងកាន់អំណាច ហើយងាកមកប្រើការរឹតត្បិតនិងយកផ្លូវច្បាប់មកគាបសង្កត់ដូចរដ្ឋាភិបាលមុនដែរ»។
លោកបន្តថា៖«រដ្ឋាភិបាលគួរតែប្ដូរជំហរនេះ និងប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ដោយត្រូវជំរុញឲ្យព្រះរាជអាជ្ញាទម្លាក់បទចោទដែលគួរឱ្យអស់សំណើចនិងរំលោភសិទ្ធិមនុស្សនេះជាបន្ទាន់ ព្រមទាំងដកបម្រាមពីខ្សែភាពយន្ត Mentega Terbang នេះ»។
តុលាការម៉ាឡេស៊ី កាលពីថ្ងៃពុធសប្ដាហ៍មុនបានចេញបញ្ជាហាមមិនឲ្យផលិតករភាព យន្តទាំងពីររូបចេញសេចក្ដីថ្លែងការណ៍អំពីករណីនេះរហូតដល់ដំណើរការរបស់តុលា ការបានបញ្ចប់ និងបញ្ជាឲ្យពួកគេរាយការណ៍ទៅកាន់សមត្ថកិច្ចជារៀងរាល់ខែ។
លោក Khairianwar បានថ្លែងថា ករណីនេះនឹងក្លាយជាករណីទីមួយដែលផលិតករភាពយន្តរងការចោទព្រហ្មទណ្ឌនៅក្នុងប្រទេសនេះ។
លោក Khairianwar បានប្រាប់សារព័ត៌មានអនឡាញ Free Malaysia Today មួយថ្ងៃមុនការចោទប្រកាន់ថា៖«ខ្ញុំមានការខកចិត្ត ប្រសិនបើនេះជាវិធីដើម្បីបំបិទសំឡេងអ្នកដែលហ៊ាននិយាយរឿងរ៉ាវនានា ហើយខ្ញុំបារម្ភថាវានឹងធ្វើឲ្យអ្នកសរសេរសាច់រឿងផ្សេងទៀតមិនហ៊ាននិយាយរឿងរ៉ាវរបស់ពួកគេ ដោយសារតែភ័យខ្លាចការចោទប្រកាន់ព្រហ្មទណ្ឌ»៕
ប្រែសម្រួលដោយលោក នាម ឆេង