កំណត់និពន្ធ៖ កន្លងមកការព្រួយបារម្ភជាច្រើនត្រូវបានគេលើកឡើងចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងរបស់ប្រទេសឡាវ ជាពិសេសពាក់ព័ន្ធនឹងផលប៉ះពាល់ទៅលើចរាចរត្រី និងគុណភាពទឹកទន្លេមេគង្គឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម និងថៃ។ ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍទំនប់នោះគឺក្រុមហ៊ុន Mega First របស់ប្រទេសម៉ាឡេស៊ីលើកឡើងថា ការព្រួយបារម្ភទាំងនោះគឺគ្មានមូលដ្ឋាននិងមិនឆ្លុះបញ្ចាំងការណ៍ពិតទេ។ លោក សាយ មុន្នី នៃវីអូអេ បានធ្វើបទសម្ភាសន៍មួយជាមួយនាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកបរិស្ថានរបស់ក្រុមហ៊ុននោះគឺលោក Peter Hawkins នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីតាំងគម្រោងរបស់ក្រុមហ៊ុននោះកាលពីខែធ្នូកន្លងទៅ។
សំណួរ៖ ជម្រាបសួរលោក Peter Hawkins។ លោកបានលើកឡើងនៅក្នុងបទបង្ហាញរបស់លោកថា ទំនប់ដនសាហុងនឹងគ្មានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយទៅលើប្រទេសនៅខ្សែទឹកខាងក្រោម ដូចជាកម្ពុជា និងវៀតណាម និងប្រទេសនៅខ្សែទឹកខាងលើ ដូចជាថៃជាដើមនោះទេ។ ប៉ុន្តែប្រទេសទាំងនេះបានសម្តែងការព្រួយបារម្ភរបស់ពួកគេអំពីផលប៉ះពាល់ជាច្រើននៃគម្រោងទំនប់ដែលក្រុមហ៊ុនរបស់លោកកំពុងអភិវឌ្ឍ ជាពិសេសផលប៉ះពាល់ ដូចជាកករដី និងចរាចរត្រី។ តើលោកឆ្លើយតបយ៉ាងដូចម្តេចចំពោះការព្រួយបារម្ភទាំងនោះ?
ចម្លើយ៖ ខ្ញុំបានអានតាមសារព័ត៌មានថា ប្រជាជននៅខ្សែទឹកខាងក្រោមមានការព្រួយបារម្ភជាច្រើន។ ឧទាហរណ៍ នៅក្នុងប្រទេសវៀតណាម ខ្ញុំដឹងថា ប្រជាជនព្រួយបារម្ភថា គម្រោងនេះនឹងប៉ះពាល់ទៅលើចំនួនកករដីល្បាប់ដែលកំពុងហូរចូលទៅក្នុងដែនដីសណ្តរ។ ពួកគេបារម្ភថា គម្រោងនេះនឹងផ្លាស់ប្តូរទ្រង់ទ្រាយនៃលំហូរទឹកទន្លេមេគង្គ និងបង្កឲ្យមានការកើនឡើងជាតិប្រៃពីសមុទ្រ ហើយកន្លងមកមានការកើនឡើងជាតិប្រៃនៅក្នុងដែនដីសណ្តរទន្លេមេគង្គ។
ដូច្នេះទាំងពីរនេះគឺជាបញ្ហាដែលសារព័ត៌មានវៀតណាម ជាពិសេស បានកំពុងផ្សព្វផ្សាយ ហើយពួកគេកំពុងភ្ជាប់បញ្ហាទាំងពីរនេះទៅនឹងគម្រោងទំនប់នេះ។
ឥឡូវ ដូចខ្ញុំបាននិយាយនៅថ្ងៃនេះរួចហើយគឺថា ការព្រួយបារម្ភទាំងនោះមិនពិតនោះទេ។ មូលហេតុគឺថា បើតាមទំហំនៃការអភិវឌ្ឍវារីអគ្គិសនីនៅក្នុងអាងទន្លេមេគង្គ គម្រោងនេះតូចតាចណាស់គឺតូចមែនទែន បើធៀបទៅនឹងទំនប់ធំៗដទៃទៀតនៅខ្សែទឹកខាងលើក្នុងប្រទេសឡាវ ហើយជាពិសេសនៅក្នុងប្រទេសចិន។
ខ្ញុំបានបង្ហាញនៅថ្ងៃនេះដែរនូវទិន្នន័យខ្លះៗ ដែលបង្ហាញថា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ទំនប់ចំនួន២របស់ចិនបានបង្កើន និងកំពុងស្តុកទឹកចំនួនទ្វេដងហើយអាចបញ្ចេញពេលណាក៏បាន។
នៅក្នុងការវាយតម្លៃហានិភ័យនៃអាងស្តុកទឹករបស់ទំនប់វារីអគ្គិសនី ទំហំអាងគឺស្ទើរតែក្តោបអ្វីៗទាំងអស់។ ទំនប់កាន់តែធំ ទំហំអាងក៏កាន់តែធំ ហើយលទ្ធភាពនៃការរាំងខ្ទប់កករ និងការផ្លាស់ប្តូរគុណភាពទឹកក៏កាន់តែខ្ពស់។ ប្រាកដណាស់វានឹងធ្វើឲ្យមានការប្រែប្រួលទ្រង់ទ្រាយនៃលំហូរទឹក ប្រសិនបើអ្នកស្តុកទឹកបរិមាណដ៏ច្រើននោះ។
ប៉ុន្តែសម្រាប់គម្រោងនេះ អាងស្តុកទឹកត្រូវបានគេហៅថា ស្រះទឹកជម្លៀស។ វាមានចំណុះតិចតួច គឺអាចស្តុកទឹកបាន២ម៉ឺន៧ពាន់ម៉ែត្រគុប។ ចំណុះអាងស្តុកទឹកនៅក្នុងអាងទន្លេមេគង្គ បច្ចុប្បន្នគឺមានចំនួន៤៦គីឡូម៉ែត្រគុប។ ដូច្នេះគម្រោងនេះតំណាងឲ្យតែ០.០១ភាគរយនៃចំណុះនោះប៉ុណ្ណោះ។
ចុះចំណែកទំនប់ចិនទាំងពីរនោះវិញ? ពួកវាមានចំណុះ២៣គីឡូម៉ែត្រគុបគឺពាក់កណ្តាលនៃចំណុះទឹកនៅក្នុងអាងទន្លេមេគង្គក្នុងរយៈពេល៤ឆ្នាំចុងក្រោយ ដែលត្រូវបានបន្ថែម។
ខ្ញុំយល់ពីការព្រួយបារម្ភនេះ ប៉ុន្តែខ្ញុំគិតថា ការព្រួយបារម្ភដែលចេញមកពីប្រទេសវៀតណាម តាមពិតគឺព្រួយបារម្ភអំពីទំនប់ចិនទៅវិញទេ។ ពួកគេនឹងយល់ខុស ប្រសិនបើពួកគេគិតថា គម្រោងទំនប់ដនសាហុងនេះនឹងបង្កបញ្ហាទាំងពីរនោះគឺការរាំងខ្ទប់កករដីល្បាប់ និងការកើនឡើងជាតិប្រៃពីសមុទ្រ ពីព្រោះវាមិនមែនដូច្នេះទេ។ វាមិនអាចទៅរួចទេ ពីព្រោះទំនប់នេះតូចណាស់។
មានការព្រួយបារម្ភមួយទៀតដែរ ដែលត្រូវបានលើកឡើងដោយប្រជាជននៅក្នុងប្រទេសកម្ពុជា និងប្រជាជននៅក្នុងប្រទេសវៀតណាម។ នោះគឺផ្លូវត្រី។ កង្វល់នេះចេញមកពីស្នាដៃការងាររបស់លោកបណ្ឌិត Ian Baird ដែលត្រូវបានធ្វើឡើងនៅក្នុងអំឡុងទសវត្សន៍ឆ្នាំ១៩៩០។ លោក Ian Baird ធ្លាប់រស់នៅក្នុងតំបន់នេះ អស់រយៈពេល៥ឆ្នាំ ហើយអ្វីដែលគាត់ធ្វើគឺឃ្លាំមើលអ្នកនេសាទឃ្លាំមើលអ្វីដែលពួកគេធ្វើ ឃ្លាំមើលថា តើពួកគេចាប់បានត្រីអ្វីខ្លះ ហើយពួកគេចាប់ត្រីទាំងនោះដោយរបៀបណា? គាត់បានសរសេររបាយការណ៍វិទ្យាសាស្ត្រមួយចំនួនអំពីសកម្មភាពទាំងនោះ។ របាយការណ៍មួយក្នុងចំណោមរបាយការណ៍ដែលគាត់បានផលិតនោះ ឥឡូវនេះមានសម្រង់សម្តីដ៏ល្បីល្បាញមួយនៅក្នុងនោះ ដែលនិយាយថា ច្រកសាហុងគឺជាផ្លូវតែមួយគត់ដែលត្រីអាចហែលឆ្លងកាត់បានពេញមួយឆ្នាំ។ ទឡ្ហីករណ៍របស់គាត់គឺថា វាគឺជាច្រកដ៏សំខាន់ស្លាប់រស់សម្រាប់ឲ្យត្រីហែលឆ្លងកាត់។ ប្រយោគជាក់លាក់នោះត្រូវបានគេដកចេញពីរបាយការណ៍របស់គាត់ដែលផលិតក្នុងឆ្នាំ១៩៩៥ ហើយត្រូវបានមនុស្សជាច្រើននិយាយតាមច្រំដែលៗ ចាប់តាំងពីពេលនោះមក ដោយរួមទាំងសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និងសូម្បីតែអ្នកវិទ្យាសាស្ត្រផងដែរ។
កង្វល់របស់ខ្ញុំគឺថា ទិន្នន័យសម្រាប់គាំទ្រទឡ្ហីករណ៍នោះគឺមិនមានលក្ខណៈវិទ្យាសាស្ត្រទេ។ គ្មានទិន្នន័យអំពីចំនួនត្រីដែលគេចាប់បាន និងផ្លូវត្រីតាមបណ្តោយច្រកនេះទេ។ គ្មានការវាស់វែងតាមបែបបរិមាណអំពីចំនួនត្រី ដែលចូលតាមច្រកសាមភឿក និងច្រកសាដាម ហើយនឹងចំនួនត្រីដែលចេញតាមច្រកទាំងពីរនេះទេ។
អ្នកត្រូវកត់ត្រាពីជោគជ័យនៃច្រកត្រីហែលឆ្លងកាត់នេះ។ អ្នកត្រូវតែដឹងថា តើត្រីចូលប៉ុន្មាន និងចេញទៅវិញប៉ុន្មាន។
សំណួរ៖ ប៉ុន្តែ គេក៏រិះគន់របាយការណ៍របស់លោកផងដែរ ដោយនិយាយថា របាយការណ៍របស់ក្រុមហ៊ុនលោកពុំបានបង្ហាញអំពីការវាយតម្លៃទៅលើផលប៉ះពាល់ឆ្លងព្រំដែននោះទេ។
ចម្លើយ៖ ជាការណ៍ពិតណាស់ ខ្ញុំបានពន្យល់ពីផលប៉ះពាល់ឆ្លងដែនសំខាន់ៗ ពីផលប៉ះពាល់នៃគម្រោងវារីអគ្គិសនីទៅលើខ្សែទឹកខាងក្រោម។ ទាំងនេះត្រូវតែមានការប្រែប្រួលគុណភាពទឹក ការរាំងខ្ទប់កករដី ការប្រែប្រួលលំហូរទឹក ការជម្លៀសប្រជាជន ដោយសារការបញ្ចេញទឹកដែលធ្វើឲ្យប៉ះពាល់។
ប៉ុន្តែគម្រោងដនសាហុងនេះគ្មានបាតុភូតទាំងអស់នេះទេ ពីព្រោះវាតូចណាស់។ វាមិនបានធ្វើឲ្យមានការប្រែប្រួលទ្រង់ទ្រាយនៃលំហូរទឹកនៅខាងក្រោមខ្សែទឹកទេ។ វាមិនបានរាំងខ្ទប់កករដី ហើយវាក៏មិនបានធ្វើឲ្យប្រែប្រួលគុណភាពទឹកដែរ។
ដូច្នេះ ការព្រួយបារម្ភទាំងអស់នេះគឺគ្មានមូលដ្ឋានអ្វីឡើយ។ គ្មានអំណះអំណាងណាមួយដើម្បីគាំទ្រវាទេ។ មានភស្តុតាងតាមបែបវិទ្យាសាស្រ្តជាច្រើនដែលគាំទ្រអ្វីដែលខ្ញុំកំពុងនិយាយនេះ។ ដូច្នេះវាបានបន្សល់នូវសំណួរមួយគឺ៖ តើនឹងមានផលប៉ះពាល់ដល់ចរាចរត្រីនៅខ្សែទឹកខាងលើ និងខាងក្រោមឬទេ?
ខ្ញុំកំពុងតែព្យាយាមឆ្លើយទៅនឹងសំណួរនេះ ដោយនិយាយថា នេះជាលើកដំបូងហើយដែលយើងកំពុងប្រមូលភស្តុតាង។ យើងកំពុងតែប្រមូលទិន្នន័យគោលដែលផ្អែកទៅលើការត្រួតពិនិត្យតាមបែបវិទ្យាសាស្ត្រយ៉ាងល្អិតល្អន់អំពីផ្លូវត្រីនៅក្នុងច្រកទាំងនេះ។ ឧទាហរណ៍ ដូចយើងឃើញស្រាប់ច្រកនេះគឺជាផ្លូវត្រីហែលឆ្លងកាត់បានដោយជោគជ័យ។
ឥឡូវលោកអៀន បៀតបានសរសេរនៅក្នុងឆ្នាំ១៩៩៥ថា ផ្លូវត្រីនេះគឺច្រកសាដាម គឺជាច្រកដ៏សំខាន់សម្រាប់ត្រីធ្វើចរាចរនៅក្នុងពេលមួយក្នុងមួយឆ្នាំ ហើយថា ច្រកសាមភឿក ច្រកមួយទៀតដែលគម្រោងនេះកំពុងយកជាគោលដៅធ្វើជាផ្លូវត្រីជំនួសគឺជាច្រកដ៏សំខាន់ នៅពេលជាក់លាក់មួយក្នុងមួយឆ្នាំ។ សំណួរដែលខ្ញុំសួរគឺថា ហេតុអ្វី?
ហេតុអ្វីបានជាវាសំខាន់នៅពេលជាក់លាក់ណាមួយក្នុងមួយឆ្នាំ ហើយម៉េចមិនសំខាន់នៅពេលផ្សេងទៀត?
លោកអៀន បៀតមិនបានបង្ហាញទិន្នន័យណាមួយអំពីលំហូរទឹកនៅក្នុងច្រកទាំងនេះទេ នៅពេលដែលគាត់កំពុងប្រមូលទិន្នន័យពីអ្នកនេសាទ និងស្តាប់រឿងរ៉ាវរបស់ពួកគេនោះ។
ដូច្នេះអ្វីដែលខ្ញុំបានបង្ហាញអ្នកកាលពីព្រឹកមិញនេះគឺជាការទស្សន៍ទាយរបស់យើងអំពីអ្វីមួយដែលលំហូរទឹកអាចមាននៅក្នុងច្រកសាមភឿក និងច្រកសាហុងនៅក្នុងឆ្នាំដែលលោកអៀន បៀតនៅទីនេះក្នុងឆ្នាំ១៩៩២ ឆ្នាំ១៩៩៣ឆ្នាំ១៩៩៤និងឆ្នាំ១៩៩៥។ នៅក្នុងឆ្នាំទាំងនោះ ទឹកនៅក្នុងច្រកសាមភឿក និងសាហុងមានកម្រិតទាបមែនទែននៅរដូវប្រាំង។ នៅក្នុងច្រកសាមភឿក គេព្យាករណ៍ថា លំហូរទឹកប្រចាំថ្ងៃអាចតិចជាង១០ម៉ែត្រគុបក្នុងមួយវិនាទី។
ឥឡូវ២០ឆ្នាំក្រោយមក វាជាពិភពផ្សេងមួយទៀត។ ភាពខុសគ្នាគឺដោយសារតែទំនប់ចិន។ ទំនប់ធំៗទាំងពីរនៅខ្សែទឹកខាងលើនោះកំពុងតែរាំងខ្ទប់បរិមាណទឹកចំនួន២៣គីឡូម៉ែត្រគុបបន្ថែមទៀត។ ពួកវារាំងខ្ទប់ទឹកនៅរដូវវស្សា និងបញ្ចេញទឹកទាំងនោះមកវិញនៅរដូវប្រាំង។
ដូច្នេះការអង្កេតដែលយើងបានធ្វើបង្ហាញថា លំហូរទឹកប្រចាំថ្ងៃនៅក្នុងច្រកសាមភឿកគឺមានចំណុះច្រើនជាងមុន១០ដង។ លំហូរប្រចាំថ្ងៃតិចបំផុតដែលយើងមានឥឡូវនេះគឺមានចំនួន១០ដងច្រើនជាងពេលលោកអៀន បៀតកំពុងប្រមូលទិន្នន័យពីអ្នកនេសាទទៅទៀត។ ដូច្នេះឥឡូវយើងមានទឹកដែលមិនធ្លាប់មានពីមុននៅរដូវប្រាំង។
ហេតុដូច្នេះហើយច្រកសាមភឿកគឺជាផ្លូវត្រីហែលឆ្លងកាត់ដ៏ជោគជ័យនៅរដូវវស្សា និងរដូវទឹករាក់ ប៉ុន្តែទឹកមិនអាចឡើងដល់កំពូលនៅរដូវប្រាំងបានទេ ដោយសារវារាំងស្ងួត គ្មានទឹកឲ្យត្រីហែលទេ។
ប៉ុន្តែគឺដោយសារទំនប់ចិន និងដោយសារការអភិវឌ្ឍវារីអគ្គិសនីផ្សេងៗទៀតដែរ។ សូមកុំភ្លេចថា ចាប់តាំងពីសម័យលោកអៀន បៀតមក មានការបន្ថែមបរិមាណទឹកចំនួន២៥ភាគរយទៀត ដោយទំនប់នៅក្នុងប្រទេសឡាវ និងទំនប់នៅក្នុងប្រទេសថៃ។ ដូច្នេះ ទឹកទាំងអស់នោះ រួមគ្នាអាចរួមចំណែកដល់ឱកាសធ្វើឲ្យប្រសើរឡើងនូវផ្លូវត្រីក្នុងច្រក សាមភឿក ដោយគម្រោងនេះមិនចាំបាច់ធ្វើអ្វីទាំងអស់។ ឥឡូវទឹកទាំងនោះមានហើយ ដែលវាមិនធ្លាប់មានពីមុនមក។
ប៉ុន្តែយ៉ាងណាក៏ដោយ គម្រោងនេះអាចធ្វើអ្វីផ្សេងៗទៀតដើម្បីកែលម្អផ្លូវត្រី។របៀបដែលគេអាចធ្វើបានគឺការកែសម្រួលដ៏សាមញ្ញទៅលើច្រកចំនួនពីរ ដូចជាច្រកមួយនេះជាដើម។ ជីកមុខទឹកឲ្យជ្រៅបន្តិចដើម្បីបង្កើនលំហូរ ហើយពិនិត្យលើលក្ខណៈជលសាស្ត្រនៅទីដែលត្រីពិបាកឆ្លងកាត់។ កែសម្រួលលក្ខណៈទាំងនោះដើម្បីបង្កភាពងាយស្រួលជាងមុន។ ទាំងនេះមិនមែនជាកិច្ចការពិបាកធ្វើនោះទេ។
ដំបូងគឺការស្ទង់វាស់វែងដើម្បីស្វែងរកកន្លែងដែលមានឧបសគ្គខាងជលសាស្ត្រ កន្លែងមានថ្ម ដែលត្រូវកែសម្រួលដើម្បីកែលម្អផ្លូវត្រីក្នុងច្រកទាំងនេះ។
ប៉ុន្តែក៏មានអ្វីមួយទៀតដែរ នោះគឺសកម្មភាពមនុស្សគឺអ្នកនេសាទត្រី។ នៅក្នុងតំបន់នេះ វាជាតំបន់ត្រូវប៉ាន់សម្រាប់ការនេសាទ។ វាងាយស្រួលក្នុងការចាប់ត្រីដែលផ្លាស់ទីតាមខ្សែទឹកខាងក្រោមទឹកធ្លាក់ទាំងនេះក្នុងរដូវត្រីធ្វើចរាចរចុះឡើង។ ហើយឧបករណ៍នេសាទ ដូចជាលប ដែលពួកគេប្រើនោះមានតម្លៃថ្លៃក្នុងកម្រិតថ្នាក់ភូមិ ប៉ុន្តែវាជាឧបករណ៍ខុសច្បាប់។
ដូច្នេះ ផែនការរបស់ក្រុមហ៊ុនគឺផ្តល់ឲ្យអ្នកនេសាទទាំងនោះនូវការរស់នៅជាលក្ខណៈមួយថ្មី ជារបៀបផ្សេងក្នុងការរកប្រាក់ដើម្បីកុំឲ្យពួកគេពឹកផ្អែកទៅលើការចាប់ត្រីដែលកំពុងហែលឡើងទៅពងនៅខ្សែទឹកខាងលើ។ ត្រីទាំងនេះឡើងមកពងនៅខ្សែទឹកខាងលើល្បាក់ខោននេះ ហើយពងទាំងនោះចុះទៅខ្សែទឹកខាងក្រោម ចូលទៅក្នុងប្រទេសកម្ពុជាដើម្បីញាស់ ហើយធំលូតលាស់ទៅជាត្រីធំៗ។
ឥឡូវគម្រោងទំនប់ដនសាហុងនេះមិនអាចគ្រប់គ្រងអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាទៅលើត្រីទាំងនោះបានទេ ក្នុងអំឡុងវដ្តនៃជីវិតរបស់ពួកគេ។ ឧទារហណ៍មួយគឺថា ប្រហែលជា១០០គីឡូម៉ែត្រ ពីទីនេះ អ្នកមានទំនប់មួយកំពុងត្រូវបានសាង់សង់ក្នុងពេលដែលយើងកំពុងនិយាយនេះគឺទំនប់សេសានក្រោម២។ ទំនប់នេះគ្រោងនឹងកាត់បន្ថយផលិតភាពត្រីនៅក្នុងអាងទន្លេមេគង្គចំនួន១០ភាគរយ។ គ្មានព័ត៌មានណាមួយអំពីអ្វីដែលអ្នកអភិវឌ្ឍទំនប់នេះកំពុងធ្វើដើម្បីកែលម្អផ្លូវត្រីជុំវិញទំនប់នោះទេ។ ប្រហែលវាជាកិច្ចការដ៏ពិបាកហើយមើលទៅ។ គ្មាននរណាដឹងឡើយ។ គ្មានព័ត៌មានដល់ប្រជាជនកម្ពុជា ហើយក៏គ្មានព័ត៌មានដល់ពួកយើងដែលជាអ្នកអភិវឌ្ឍទំនប់នៅទីនេះដែរ។
ប៉ុន្តែអ្នកបានឃើញនៅថ្ងៃនេះហើយថា ពួកយើងបើកទូលាយអំពីការផ្លាស់ប្តូរព័ត៌មានដែលពួកយើងកំពុងប្រមូលអំពីវិធីសាស្ត្រ ដែលពួកយើងកំពុងបង្កើតនិងបច្ចេកវិទ្យាផ្លូវត្រីដែលពួកយើងកំពុងតែប្រើប្រាស់។ ដូច្នេះ គេអាចមើលឃើញអ្វីដែលពួកយើងកំពុងធ្វើ និងអ្វីដែលយើងចង់ធ្វើនៅពេលអនាគត។
ក្រុមហ៊ុនបានធ្វើការធានាថា យើងនឹងបន្តកែសម្រួលច្រកនានានៅក្នុងតំបន់នេះដើម្បីកែលម្អពួកវារហូតដល់ទទួលបានជោគជ័យនៃផ្លូវត្រីកាត់តាមតំបន់នេះ ដែលដូចច្រកសាហុងអញ្ចឹងដែរ។ តាមពិតទៅ ក្រុមហ៊ុនក៏មានគោលបំណងកែលម្អច្រកហ្នឹងដែរ។
សំណួរ៖ តើក្រុមហ៊ុនរបស់លោកនឹងចាប់ផ្តើមសាងសង់ទំនប់ដនសាហុងនេះនៅពេលណា?
ចម្លើយ៖ការសាង់សង់មិនអាចចាប់ផ្តើមបានទេ បើមិនទាន់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានរវាងក្រុមហ៊ុនអភិវឌ្ឍទំនប់ និងរដ្ឋាភិបាលឡាវទេនោះ។ ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះមិនទាន់កើតឡើងនៅឡើយទេ។
សំណួរ៖ តើវានឹងអាចកើតឡើងនៅដើមឆ្នាំ២០១៥នេះទេ?
ចម្លើយ៖ ខ្ញុំមិនដឹងទេ។ ខ្ញុំមានបទពិសោធន៍ខ្លះក្នុងការធ្វើការងារក្នុងប្រទេសឡាវនេះ។ ខ្ញុំអាចជម្រាបលោកថា ជួនកាលដំណើរការរបស់រដ្ឋាភិបាលឡាវមានភាពយឺតយ៉ាវបន្តិច ហើយពិតណាស់ គេមិនអាចព្យាករណ៍ពួកគេបានទេ។ដូច្នេះខ្ញុំមិនអាចស្មានថា ខ្ញុំអាចជម្រាបលោកថា តើពួកគេនឹងធ្វើការសម្រេចចិត្តនៅពេលណាបានទេ។
ប៉ុន្តែខ្ញុំអាចជម្រាបលោកបានថា ក្រោយពីធ្វើការសម្រេចចិត្តហើយ គេរំពឹងថា ការសាងសង់ទំនប់នេះនឹងចំណាយពេលពី៤ឆ្នាំកន្លះទៅ៥ឆ្នាំដើម្បីឈានដល់ការបញ្ចប់ ហើយគម្រោងអាចចាប់ផ្តើមប្រតិបត្តិការបាន។
សំណួរ៖ សូមអរគុណសម្រាប់ពេលវេលារបស់លោក។
ចម្លើយ៖ បាទ សូមអរគុណ៕