ថ្មី៖ ប៉ូលិស​ម៉ាឡេស៊ី​ថា​​​កិច្ច​ប្រជុំ​អាស៊ាន​​​​ជា​គោលដៅ​វាយប្រហារ​​ភេរវកម្ម

  • Steve Herman

ប៉ូលិស​ម៉ាឡេស៊ី​ពិនិត្យ​ការ​រៀបចំ​ខាង​សន្តិសុខ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​​លើក​ទី​២៧​នៅ​ទី​ក្រុង​គូឡាឡាំពួ​​កាល​ពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥។

មាន​សេចក្តី​រាយការណ៍​ដែល​មិន​មាន​ការ​បញ្ជាក់​ថា​កិច្ច​ប្រជុំ​អាស៊ាន​នៅ​គូឡាឡាំពួ​អាច​ជា​គោលដៅ​​មួយ​របស់​ពួក​ភេរវករ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ទី​ក្រុង​ប៉ារីស។

បន្ទាប់​ពី​មាន​កិច្ច​ពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ បារ៉ាក់ អូបាម៉ា (Barack Obama) ​រួច​មក​ លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​បេ្តជ្ញា​ថា​ នឹង​ធ្វើ​ការ​ជាមួយ​សហរដ្ឋ​អាមេរិក​និង​បណ្តា​ប្រទេស​ដទៃ​ទៀត​ដែល​មាន​មតិ​ដូច​គ្នា​ក្នុង​ការ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​ជីហាត (jihadist)។​

លោក​ Obama បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​ម៉ាឡេស៊ី​ថា​៖ «ប្រទេស​ម៉ាឡេស៊ី​គឺ​ផ្នែក​មួយ​នៃ​ក្រុម​ចម្រុះ​ក្នុង​ការ​ប្រយុទ្ធ​នឹង​[ក្រុម​រដ្ឋ​ឥស្លាម​ Islamic State] ហើយ​អាច​ជួយ​ជា​ពិសេស​ដល់​បញ្ហា​ដូច​ជា​ប្រយុទ្ធ​ប្រឆាំង​នឹង​សារ​អវិជ្ជមាន​និង​មាន​ចរិត​បំផ្លិច​បំផ្លាញ​កំពុង​រីក​ដុះ​ដាល​នេះ‍»។​

លោក​នាយករដ្ឋមន្ត្រី​ Najib Razak បាន​ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​នេះ​ថា៖ «វា​មាន​សារៈសំខាន់​សម្រាប់​យើង​ក្នុង​ការ​បង្ហាញ​ពីអ្នក​កាន់​សាសនា​ឥសា្លម‍​ពិត​ប្រាកដ»។

មាន​សេចក្តី​រាយការណ៍​ដែល​មិន​មាន​ការ​បញ្ជាក់​ទាក់ទិន​នឹង​កិច្ចការ​ក្រៅ​ឆាក​នៅ​កិច្ច​ប្រជុំ​រវាង​មេដឹកនាំ​ទាំង​ពីរ​រូប​នេះ​ ថា​មានការ​គំរាមកំហែង​មួយ​ដែល​មាន​ប្រភព​ពី​ក្រុម​រដ្ឋ​ឥស្លាម​នោះ​ទេ។​ មាន​ទាហាន​ជាង​ ២.០០០​នាក់​ត្រូវ​បាន​ឲ្យ​ឈរ​ជើង​នៅ​ក្នុង​ទីក្រុង​ គូឡាឡាំពួ​ ដើម្បី​ការពារ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ហើយ​និង​ទាហាន​ត្រៀម​ ២.៥០០នាក់​ទៀត​ នេះ​បើ​យោង​តាម​ប្រភព​យោធា​របស់​ប្រទេស​ម៉ាឡេស៊ី។​

នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​សន្និបាត​ គូឡាឡាំពួ​ ដែល​ជា​ទី​កន្លែង​ចម្បង​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ​ ប៉ូលិស​ត្រូវ​បាន​គេ​ដាក់​តម្រៀប​គ្នា​ជាមួយ​នឹង​ទាហាន​លោតឆ័ត្រ​ដែល​ស្ថិតក្នុង​ឯកសណ្ឋាន​មួក​ក្រហម​នឹង​ប្រដាប់​ដោយ​កាំភ្លើង​ M4។

នៅ​ខាង​ក្នុង​មជ្ឈមណ្ឌល​សន្និបាត​ គូឡាឡាំពួ​ កាល​ពី​ថ្ងៃ​សុក្រ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​លោក​ Anifah Aman បាន​ប្រាប់​អ្នក​កាសែត​ដោយ​សង្ខេប​អំពី​អ្វី​ដែល​គណៈ​ប្រតិភូ​អាស៊ាន​បាន​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ពួក​គេ​ ប៉ុន្តែ​លោក​មិន​បាន​លើក​ឡើង​ពី​អំពើ​ភេរវកម្ម​ឬ​ក៏​ឆ្លើយ​នឹង​សំណួរ​អ្វី​នោះ​ទេ។​

លោក​ Anifah ឆ្លើប​តប​ទៅ​នឹង​សំណួរ​របស់​ VOA ក្រោយ​ពេល​ដែល​លោក​ចាក​ចេញ​ពី​សាល​ប្រជុំ​នោះ​ថា៖ «ក្រុម​រដ្ឋមន្ត្រី​នឹង​ពិភាក្សា​អំពី​បញ្ហា​នោះ​នៅ​ថ្ងៃ​ស្អែក‍»។​

លោក​ Khalid Abu Bakar ប្រធាន​ប៉ូលិសត្រួត​ពិនិត្យ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​ថា៖«មាន​សេចក្តី​រាយការណ៍​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ មាន​ការ​គំរាមកំហែង​អំពី​អំពើ​ភេរវកម្ម​ជិត​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។​ ខ្ញុំ​ចង់​បញ្ជាក់​ថា​មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​(អំពី​រឿង​នេះ)​នៅ​ឡើយ​នោះ​ទេ‍»។​

សេចក្តី​ថ្លែង​ការណ៍​បាន​ចេញ​ផ្សាយ​បន្ទាប់​ពី​ប៉ូលិស​បាន​បញ្ជាក់​ថា​ ពួក​គេ​បាន​ផ្សព្វផ្សាយ​ការ​ព្រមាន​អំពី​ការ​ជួបគ្នា​មួយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ ក្រុម​ភេរវកម្ម​ Abu Sayyaf និង​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ Moro​ ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​ នៅ​ក្នុង​ខេត្ត​ Sulu ​តំបន់​ស្វយ័ត​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្វីលីពីន។​

សេចក្តី​ថ្លែង​ការណ៍​ដោយ​ប៉ូលិស​រដ្ឋ Sabah នៃ​ប្រទេស​ម៉ាឡេស៊ី​ បាន​ថ្លែង​ថា​ ក្រុម​សកម្ម​ប្រយុទ្ធ​បាន​បញ្ជូន​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ទៅ​កាន់​ខេត្តSabah និងទីក្រុង​ គូឡាឡាំពួ។​

ក្រៅ​ពី​លោក​ប្រធានាធិបតី​ Obama នៃ​សហរដ្ឋ​អាមេរិក​ ក៏​មាន​មេដឹកនាំ​មក​ពី​ប្រទេស​ចិន​ ឥណ្ឌា​ ជប៉ុន​ និង​រុស្ស៊ី​ ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ ១០​ និង​លោក​ Ban Ki-moonអគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ។​

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម​នោះ​ ចលនា​ក្រុម​សកម្ម​ប្រយុទ្ធ​ជ្រុលនិយម Jihad (ជីហាដ) មាន​ការ​កើន​ឡើង​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិភាគ។​ លោក​ Hishammuddin Hussein រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​ម៉ាឡេស៊ី បាន​កត់​សម្គាល់​កាល​ពី​ថ្ងៃ​ច័ន្ទ​អំពី​ ការ​កើន​ឡើង​នៃ​ក្តី​បារម្ភ​អំពី​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស។​

លោក​បាន​ថ្លែង​នៅ​សប្តាហ៍​នេះ​ថា៖«ខ្ញុំ​បាន​ឃើញ​នៅ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​តំបន់(អាស៊ីអាគ្នេយ៍)នេះ​ មិន​ត្រូវ​បាន​រៀប​ចំ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​ ពិសេស​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​និង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្វីលីពីន​ នេះ​មិន​និយាយ​ដល់​ការ​ផ្លាស់​ទី​ដោយ​សេរី​របស់​ប្រជាជន​និង​ការ​រត់ពន្ធ​អាវុធ​ផង។​ បញ្ហា​ទាំង​អស់​នេះ​ហើយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​ប្រាកដ​ប្រជា​ ដោយ​យោង​ទៅ​តាម​ការ​វិវត្តន៍​ថ្មីៗ​នៅ​ក្នុង​តំបន់​អឺរ៉ុប​និង​មជ្ឈិមបូព៌ា»។

កោះ​ Jolo របស់​ហ្វីលីពីន​នៅ​ក្នុង​ប្រជុំ​កោះ​ Sulu ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ខេត្ត​ Sabah នៃ​ប្រទេស​ម៉ាឡេស៊ី​ គឺ​ជា​តំបន់​ការពារ​របស់​ក្រុម​ Abu Sayyaf ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​ដាក់​គ្រាប់បែក​និង​ការ​ចាប់​ជំរិត​ជន​បរទេស​យក​ប្រាក់។​

អាជ្ញាធរ​នៅ​លើ​កោះ​ Jolo ថ្លែង​ថា​ ក្បាល​មនុស្ស​មួយ​ដែល​រលួយហើយ​ដាក់​នៅ​ក្នុង​កាបូប​មួយ​ត្រូវ​បាន​គេ​យក​មក​ដាក់​នៅ​មុខ​ប៉ុស្តិ៍​ប៉ូលិស​កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​ Abu Sayyaf បាន​អះអាង​ថា​ បាន​កាត់​ក្បាល​លោក​ Bernard Then ដែល​ជា​វិស្វករ​អេឡិចត្រូនិក​ម៉ាឡេស៊ី​មួយ​រូប​ ដែល​ត្រូវ​ក្រុម​នេះចាប់​ពង្រត់​នៅ​ក្នុង​សង្កាត់​ Sandakan រដ្ឋ ​Sabah នៅ​ខែ​ឧសភា។​

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​លោក​ Anifah បាន​ថ្លែង​ក្នុង​ពេល​ថ្លែង​យ៉ាង​ខ្លី​បើក​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​ស្តី​ពី​នយោបាយ​និង​សន្តិសុខ​អាស៊ាន​ កាល​ពី​ថ្ងៃ​សុក្រ​ថា៖ ​«ពួក​គេ​បាន​បង្ហាញ​វត្តមាន​របស់​ពួក​គេ​នៅ​ក្នុង​តំបន់​នេះ​យ៉ាង​ច្បាស់​ ហើយ​និង​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដែល​ពួក​គេ​អាច​បង្ក​ឲ្យ​មាន»។​

ក្រោយ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ទី​ក្រុង​ប៉ារីស​ដោយ​ពួក​ភេរវកម្ម​នៃ​ក្រុម​រដ្ឋ​ឥស្លាម​ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ថ្លែង​ថា​ ពួក​គេ​បាន​រឹត​បន្តឹង​សន្តិសុខ​ទ្វេ​ដង​សម្រាប់​កិច្ច​ប្រជុំ​របស់​អាស៊ាន។​ ហើយ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវកម្ម​នៅ​ក្នុង​តំបន់​ ច្បាស់​ណាស់​ថា​ត្រូវ​បាន​ចាត់​ទុក​ជា​របៀបវីរៈ​សំខាន់​ជាង​គេ​មួយ​ នៅ​ក្នុង​កិច្ច​ប្រជុំ​មេដឹកនាំ​នេះ​ ដូច​ដែល​អ្វី​ដែល​បាន​កើត​ឡើងនៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G-20 និង​ APEC កាល​ពី​សប្តាហ៍​មុន​នៅ​ទី​ក្រុង​ម៉ានីល​អញ្ចឹង​ដែរ៕​

ប្រែ​សម្រួល​ដោយ​ ស្រេង​ លក្ខិណា