ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បាតុករ​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​ ខណៈ​ពេល​ដែល​កិច្ច​ប្រជុំ​កំពូល​ APEC​ ឈាន​ដល់​ទី​បញ្ចប់


បាតុករ​ប្រឆាំង​នឹង​កិច្ច​ប្រជុំ APEC តវ៉ា​ប្រឆាំង​នឹង​ស្ថាប័នសេដ្ឋកិច្ច​របស់​អាស៊ីប៉ាស៊ីហ្វិក​ដែល​មាន​ប្រទេស​ចំនួន​២១​ជា​សមាជិក​នេះ​ដោយ​ប្រើ​ពាក្យ​សម្តី ការ​ច្រៀង និង​រាំ​នៅទីក្រុង Pasay នៃ​​រដ្ឋធានី​ម៉ានីល​​ ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (S. Orendain/VOA)
បាតុករ​ប្រឆាំង​នឹង​កិច្ច​ប្រជុំ APEC តវ៉ា​ប្រឆាំង​នឹង​ស្ថាប័នសេដ្ឋកិច្ច​របស់​អាស៊ីប៉ាស៊ីហ្វិក​ដែល​មាន​ប្រទេស​ចំនួន​២១​ជា​សមាជិក​នេះ​ដោយ​ប្រើ​ពាក្យ​សម្តី ការ​ច្រៀង និង​រាំ​នៅទីក្រុង Pasay នៃ​​រដ្ឋធានី​ម៉ានីល​​ ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (S. Orendain/VOA)

ប៉ូលិស​បាន​ប្រើ​ប្រាស់​កាណុង​បាញ់​ទឹក​ ដើម្បី​រារាំង​ក្រុម​បាតុករ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ ខណៈ​ពេល​ដែល​ក្រុម​មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​។

ប៉ូលិស​បាន​ប្រើ​ប្រាស់​កាណុង​បាញ់​ទឹក​ ដើម្បី​រារាំង​ក្រុម​បាតុករ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ ខណៈ​ពេល​ដែល​ក្រុម​មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​ ដែល​ផ្តោត​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច​ ជម្លោះ​ទឹក​ដី​ និង​កិច្ច​ខិត​ខំប្រឹង​ប្រែង​នៅ​ទូទាំង​សកល​លោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម។

ក្រុម​បាតុករ​ឆ្វេង​និយម​បាន​កំពុង​ព្យាយាម​បំបែក​របាំង​ការពារ​របស់​ប៉ូលិស​ និង​ខិត​ចូល​ទៅ​កាន់​តែ​ជិត​កិច្ច​ប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ (APEC) ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​កំពូល​មេដឹកនាំ​ពិភពលោក​ រួម​ទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ បារ៉ាក់​ អូបាម៉ា​ ផង​ដែរ។

លោក​ Renato Reyes នៃ​សម្ព័ន្ធ​មិត្ត​ស្នេហា​ជាតិ​ថ្មី​ថ្លែង​ថា​ ក្រុម​នេះ​ច្រាន​ចោល​សំណើរ​របស់​ក្រុម​សេរី​និយម​បែប​ថ្មី​ ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ APEC ដែល​កំពុង​ពិនិត្យ​មើល​វិធី​ក្នុង​ការ​គាំទ្រ​ពាណិជ្ជកម្ម​ធុន​តូច​ និង​មធ្យម​នោះ។​

លោក​ថ្លែង​ថា៖«ពួក​យើង​បាន​ធ្វើ​តាម​បញ្ញត្តិ​នោះ​នៅ​ក្នុង​ពីរ​ទសវត្សរ៍​កន្លង​មក​ ហើយ​ប្រទេស​របស់​យើង​នៅ​តែ​ស្ថិត​ក្នុង​ប្រទេស​ ដែល​ពុំ​ទទួល​បាន​ការ​អភិវឌ្ឍ​ពេញ​លេញ។នៅ​មាន​មនុស្ស​ជា​ច្រើន​ ដែល​អត់​ការងារ​ធ្វើ​ ស្ថិត​ក្នុង​ភាព​ក្រី​ក្រ​ និង​អត់​ឃ្លាន​ ដូច្នេះ​បញ្ញត្តិ​នេះ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ‍»។​

មិន​មាន​សេចក្តី​រាយការណ៍ណា​មួយ​បាន​បញ្ជាក់​ពី​អ្នក​រង​របួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​ ដែល​បាន​កើតឡើង​នៅ​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ​ពី​មជ្ឈមណ្ឌល​សន្និបាត​ ដែល​កិច្ច​ប្រជុំ​ APEC រយៈ​ពេល​ពីរ​ថ្ងៃ​បាន​ធ្វើ​ឡើង​និង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១៩​ កន្លង​ទៅ​នោះ​ទេ។​

បាតុករ​ប្រទាញ​ប្រទង់​ជាមួយ​នឹង​ប៉ូលិស ខណៈ​ដែល​ពួក​គេ​ព្យាយាម​ដើរ​ក្បួន​បាតុកម្ម​នៅ​ក្បែរ​ទីតាំង​នៃ​កិច្ច​ប្រជុំ​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ដែល​មេ​ដឹក​នាំ​ជា​ច្រើន​បាន​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ម៉ានីល កាល​ពី​ថ្ងៃទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (Reuters/Ezra Acayan)
បាតុករ​ប្រទាញ​ប្រទង់​ជាមួយ​នឹង​ប៉ូលិស ខណៈ​ដែល​ពួក​គេ​ព្យាយាម​ដើរ​ក្បួន​បាតុកម្ម​នៅ​ក្បែរ​ទីតាំង​នៃ​កិច្ច​ប្រជុំ​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ដែល​មេ​ដឹក​នាំ​ជា​ច្រើន​បាន​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ម៉ានីល កាល​ពី​ថ្ងៃទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (Reuters/Ezra Acayan)

ខណៈ​ដែល​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ APEC ជា​រឿយៗ​តែង​តែ​ផ្តោត​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច​ កិច្ច​ប្រជុំ​ឆ្នាំ​នេះ​បាន​ធ្វើ​ការ​ពិភាក្សាច្រើន​ទៅ​លើ​អំពើ​ភេរវកម្ម​ ក្រោយ​ពី​មានការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ និង​គ្រាប់​បែក​នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​សប្តាហ៍​មុន។​

យោង​ទៅ​តាម​ សេចក្តី​ព្រាង​នៃ​សេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​ មេដឹកនាំ​នៃ​កិច្ច​ប្រជុំ​កំពូល​ APEC ​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​ការ​ថ្កោលទោស​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​រាល់​សកម្មភាព​ភេរវកម្ម​ ដែល​ពួក​គេ​បាន​និយាយ​ថា​ បាន​គំរាមកំហែង​ដល់​តម្លៃ​មូលដ្ឋាន​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រកប​ដោយ​សេរី​និង​បើក​ជំហរ​នោះ។

សេចក្តី​ព្រាង​នោះ​មាន​សេចក្តី​ថា​៖«ពួក​យើង​បាន​សង្កត់​ធ្ងន់​ទៅ​លើ​តម្រូវ​ការ​ជា​បន្ទាន់​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ និង​សាមគ្គីភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម‍»។​

កិច្ច​ប្រជុំ​កំពូល​នេះ​ក៏​បាន​ផ្តោត​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ រួម​ទាំង​កិច្ច​ព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វីក​ (TPP) ដែល​តម្រូវ​ឲ្យ​ប្រទេស​ជា​សមាជិក​ផ្តល់​សច្ចានុម័ត។​

ប្រធានាធិបតី​ហ្វីលីពីន​លោក​ Benigno Aquino​ ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ នេះ​ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ កំណើន​សេដ្ឋកិច្ច​គឺ​ជា​អាទិភាព​នៅ​ក្នុង​តំបន់។​

លោក​ Aquino បាន​ថ្លែង​ថា៖«កំណើន​សេដ្ឋកិច្ច​ដែល​បង្កើត​ការងារ​ បញ្ជូន​ក្មេងៗ​ទៅ​សាលារៀន​ ផ្តល់​អាហារ​ លើក​កម្ពស់​ជីវភាព​រស់នៅ​ ការពារ​បរិស្ថាន​ បង្កើន​ភាព​ច្នៃ​ប្រឌិត​ និង​ការ​បង្កើត​ថ្មី​ និង​បង្កើន​កន្លែង​កំសាន្ត។​

បញ្ហា​ជម្លោះ​ទឹក​ដី​រវាង​ចិន​ និង​ប្រទេស​ជិតខាង​នោះ​ ក៏​ត្រូវ​បាន​ផ្តោតសំខាន់នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នោះ​ដែរ។​ លោក​ Obama បាន​ប្រើ​ប្រាស់​កិច្ច​ប្រជុំ​នេះ​ ដើម្បី​សន្យា​បន្ថែម​ការ​គាំទ្រ​របស់​ខ្លួន​ ចំពោះ​ប្រទេស​ដែល​កំពុង​ប្រជែង​ទាមទារ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក​ Obama បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា៖«ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​នៅ​ទី​នេះ​ គឺ​ដើម្បី​គូស​បញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជា​រួម​របស់​ពួក​យើង​ ក្នុង​ការ​រក្សា​សន្តិសុខ​នៅ​ក្នុង​ដែន​សមុទ្រ​នៃ​តំបន់​នេះ​ ហើយ​នឹង​ដើម្បី​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​ផង​ដែរ‍»។​

សេតវិមាន​បាន​ប្រកាស​ផ្តល់​ជំនួយ​រហូត​ដល់​ ២៥៩លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈ​ពេល២ឆ្នាំ​ ដែល​រួម​បញ្ចូល​ទាំង​ថវិកា​៧៩លាន​ដុល្លារ​សម្រាប់​ប្រទេស​ហ្វីលីពីន​ ៤០លាន​ដុល្លារ​សម្រាប់​វៀតណាម​ ២១លាន​ដុល្លារ​សម្រាប់​ឥណ្ឌូនេស៊ី​ និង​២,៥លាន​ដុល្លារ​សម្រាប់​ម៉ាឡេស៊ី។​

លោក​ Obama និង​មេដឹកនាំ​ដទៃ​ទៀត​ដែល​ស្ថិត​ក្នុង​កិច្ច​ប្រជុំ​កំពូល​ APEC នោះ​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Kuala Lumpur ប្រទេស​ម៉ាឡេស៊ី​ នៅ​ចុង​សប្តាហ៍​នេះ​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ប្រចាំ​ឆ្នាំ​ ឬ​ អាស៊ាន៕

ប្រែ​សម្រួល​ដោយ​ ស្រេង​ លក្ខិណា

XS
SM
MD
LG