អ្នកវិភាគនានាបានលើកឡើងថា ភាពតានតឹងចម្បងទាក់ទិននឹងការប្រកួតប្រជែងនិងអំពើពុករលួយនៅក្នុងរដ្ឋាភិបាលថ្មីរបស់ប្រទេសម៉ាឡេស៊ីដែលមានការខ្វែងគំនិតគ្នាទំនងជានឹងសាកល្បងលើភាពរឹងមាំរបស់រដ្ឋាភិបាលនេះនៅក្នុងឆ្នាំទីមួយនិងឆ្នាំទីពីរនៃការកាន់អំណាចរបស់ខ្លួន ហើយនិងធ្វើឱ្យនាយករដ្ឋមន្ត្រីដែលមានទស្សនៈវិវឌ្ឍនិយមរបស់ខ្លួនមិនអាចជំរុញទៅមុខនូវកំណែទម្រង់លើសមភាពជាតិសាសន៍ដែលខ្លួនបានសន្យាជាយូរមកហើយ។
ជាលើកដំបូងបង្អស់សម្រាប់ប្រទេសម៉ាឡេស៊ី ការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី ១៩ ខែវិច្ឆិកាកន្លងទៅនេះបានបញ្ចប់ទៅដោយគ្មានគណបក្សណាមួយឈ្នះបានសំឡេងភាគច្រើននៃអាសនៈចំនួន ២២២ នៅក្នុងរដ្ឋសភា។
បន្ទាប់ពីបានចរចាអស់រយៈពេលប៉ុន្មានថ្ងៃរួចមកក្នុងចំណោមគណបក្សនានាដែលនៅតែមិនអាចបង្កើតសម្ពន្ធភាពដែលមានសំឡេងភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាលថ្មីបាន ព្រះមហាក្សត្រ Al-Sultan Abdullah Sultan Ahmad Shah ដែលជាព្រះរាជាតាមរដ្ឋធម្មនុញ្ញរបស់ម៉ាឡេស៊ី បានតែងតាំងលោក Anwar Ibrahim ដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏យូរអង្វែង ឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី ហើយលោកបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកាកន្លងទៅនេះ។
វាគឺជាការផ្លាស់ប្ដូរដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់លោក Anwar ដែលបានជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំដោយសារការកាត់ទោសពីបទពុករលួយនិងការរួមភេទ ដែលលោកបាននិយាយថាគឺជារឿងនយោបាយ។
ដើម្បីបង្កើតរដ្ឋាភិបាលមួយដែលមានសំឡេងភាគច្រើននៅក្នុងសភា ព្រះមហាក្សត្រក៏បានចេញព្រះរាជបញ្ជាផងដែរឱ្យគណបក្ស Pakatan Harapan ដែលជាគណបក្សមានជាតិសាសន៍ចម្រុះរបស់លោក Anwar ចងសម្ពន្ធភាពជាមួយនឹងគណបក្ស Barisan Nasional ដែលជាគូប្រជែងដ៏ខ្លាំងក្លារបស់ខ្លួនដែលគាំទ្រជាតិសាសន៍ម៉ាឡេកាន់សាសនាអ៊ិស្លាមដែលជាជាតិសាសន៍ភាគច្រើននៅក្នុងប្រទេស។ គណបក្សតូចៗពីរទៀតដែលតំណាងឱ្យជាតិសាសន៍ម៉ាឡេស៊ីភាគតិចនៅលើកោះ Borneo ក៏បានប្ដេជ្ញាស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលថ្មីនេះចាប់តាំងពីពេលនោះមកផងដែរ។
ក្រៅពីទស្សនៈផ្ទុយគ្នាទាក់ទិននឹងសិទ្ធិជាតិសាសន៍ គណបក្ស Pakatan Harapan និងគណបក្ស Barisan Nasional ក៏ស្ថិតនៅជ្រុងផ្សេងគ្នាផងដែរនៃរឿងអាស្រូវពុករលួយកាលពីពេលថ្មីៗនេះរបស់ប្រទេសម៉ាឡេស៊ី។
លោក Najib Razak ដែលជាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានគណបក្ស Barisan Nasional កំពុងជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំក្រោមការផ្តន្ទាទោសលើបទចោទប្រកាន់ដែលថាលោកបានលួចថវិកាប្រមាណ ៤.៥០០ លានដុល្លារអាមេរិកពីមូលនិធិរបស់ក្រុមហ៊ុន 1MDB របស់រដ្ឋ។
មន្ត្រីមួយចំនួនទៀតនៃគណបក្ស Barisan Nasional ក៏កំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយផ្សេងទៀតដែរ ដែលក្នុងនោះរួមមានទាំងលោក Ahmad Zahid Hamidi ដែលជាប្រធានគណបក្សនេះនាពេលបច្ចុប្បន្នផងដែរ។
ប៉ុន្តែសម្រាប់លោក Anwar នៃគណបក្ស Pakatan Harapan លោកបានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយថាជាអាទិភាពចម្បងមួយនៅក្នុងអាជីពនយោបាយរបស់លោក។
លោក James Chin ដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Tasmania ដែលសិក្សាអំពីនយោបាយម៉ាឡេស៊ី បាននិយាយថា រដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ីនេះអាចឆ្លងផុតពីភាពផ្ទុយគ្នានេះនិងអាចដំណើរការទៅមុខរហូតដល់ចប់អាណត្តិរយៈពេល ៥ ឆ្នាំរបស់ខ្លួនបានឬក៏អត់គឺអាស្រ័យយ៉ាងខ្លាំងលើគណៈរដ្ឋមន្ត្រីថ្មីដែលលោក Anwar នឹងបង្កើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ និងលើថាតើគណបក្សមួយណានឹងកាន់មុខតំណែងសំខាន់ៗ។
លោក Chin ថ្លែងទៀតថា ការពិតដែលថាសម្ពន្ធភាពគណបក្សនេះត្រូវបានបង្កើតឡើងដោយរាជវង្សានុវង្សដ៏មានឥទ្ធិពលរបស់ប្រទេសម៉ាឡេស៊ីនេះគឺប្រហែលជាអាចជួយឱ្យគណបក្សនេះអាចឈរជើងបានយ៉ាងហោចណាស់ក៏រយៈពេលពីរបីឆ្នាំដែរ។
លោក Chin បញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលនេះនឹងមានស្ថិរភាពខ្លាំងគួរសម យ៉ាងហោចណាស់គ្មានអ្វីនឹងកើតឡើងនោះទេសម្រាប់រយៈពេលពីរឬក៏បីឆ្នាំខាងមុខនេះ»។
លោកបានបន្ថែមថា៖ «វាច្បាស់ណាស់ថា លោក [Anwar] បានទទួលការគាំទ្រពីព្រះមហាក្សត្រ។ នេះគឺជាកត្តាសំខាន់មួយនៅក្នុងនយោបាយម៉ាឡេស៊ី»។
ដោយសារការបោះឆ្នោតថ្នាក់ក្រោមជាតិគ្រោងនឹងធ្វើឡើងនៅក្នុងរដ្ឋចំនួន ៦ ក្នុងចំណោមរដ្ឋទាំង ១១ របស់ម៉ាឡេស៊ីនៅឆ្នាំក្រោយ លោក Chin បាននិយាយថា គណបក្សដែលបង្កើតរដ្ឋាភិបាលថ្មីនេះនឹងមិនចង់ «ធ្វើឱ្យមានការរង្គោះរង្គើ» នោះទេ យ៉ាងហោចណាស់ក៏រហូតដល់ពេលនោះដែរ។
លោក Adib Zalkapli នៃក្រុមហ៊ុនប្រឹក្សាយោបល់ BowerGroupAsia បាននិយាយថា ការណ៍ដែលមានគណបក្ស Barisan Nasional និងគណបក្សដែលតំណាងឱ្យជាតិសាសន៍ម៉ាឡេស៊ីភាគតិចនៅលើកោះ Borneo នៅក្នុងសម្ពន្ធភាពគណបក្សនេះក៏នឹងជួយកាត់បន្ថយការភ័យខ្លាចដែលថាគណបក្ស Pakatan Harapan នឹងធ្វើព្រងើយកន្ដើយចំពោះផលប្រយោជន៍របស់ជាតិសាសន៍ម៉ាឡេនិងជាតិសាសន៍ភាគតិចនានាផងដែរ។
គណបក្ស Pakatan Harapan គឺជាគណបក្សដែលទទួលបានការគាំទ្រភាគច្រើនពីជាតិសាសន៍ចិននិងឥណ្ឌាដែលជាជាតិសាសន៍មានចំនួនច្រើនគួរសមនៅក្នុងប្រទេសម៉ាឡេស៊ី។
មជ្ឈមណ្ឌលសម្រាប់សារព័ត៌មានឯករាជ្យ (Center for Independent Journalism) នៅប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ខ្លួនបានរាប់ឃើញថាមានការកើនឡើងនូវសារតាមអនឡាញដែលមានលក្ខណៈរើសអើងនិងហិង្សាអំពីជាតិសាសន៍និងសាសនានៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតចូលមកដល់ ដែលក្នុងនោះរួមមានទាំងសារមួយចំនួនដែលហាក់ដូចជាមានគោលបំណងញុះញង់ឱ្យមានអំពើហិង្សាផងដែរ។
លោក Adib ថ្លែងថា៖ «នេះគឺជាសម្ពន្ធភាពគណបក្សចម្រុះដែលតំណាងឱ្យជាតិសាសន៍ផ្សេងៗច្រើនបំផុតដែលអ្នកអាចរំពឹងទុកបាន បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិបានបញ្ចប់ទៅ។ ដូច្នេះ វានឹងធ្វើឱ្យភាពតានតឹងថយចុះ យ៉ាងហោចណាស់ក៏សម្រាប់រយៈពេលខ្លីដែរ»។
លោក Ahmad Martadha Mohamad សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Utara Malaysia ក៏គិតថា រដ្ឋាភិបាលថ្មីនេះនឹងអាចឈរជើងបានយ៉ាងហោចណាស់ក៏រយៈពេល ១ ឆ្នាំដែរ ដោយសារតែការគាំទ្រដ៏មានឥទ្ធិពលពីព្រះមហាក្សត្រ។
ទោះជាយ៉ាងនេះក្ដី លោក Ahmad បានបញ្ជាក់ថា ការខ្វែងគំនិតគ្នាផ្ទៃក្នុងនឹងចាប់ផ្ដើមធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ចំណងរបស់សម្ព័ន្ធភាពគណបក្សចម្រុះនៃរដ្ឋាភិបាលថ្មីនេះ ដែលអាចធ្វើឱ្យរដ្ឋាភិបាលថ្មីនេះដួលរលំនៅមុនបញ្ចប់អាណត្តិរយៈពេល ៥ ឆ្នាំរបស់ខ្លួន។
លោក Ahmad បានលើកឡើងអំពីកម្មវិធីចំណាត់ការវិជ្ជមានសម្រាប់ក្រុមពលរដ្ឋ Bumiputra របស់ប្រទេសម៉ាឡេស៊ី។ ពាក្យ Bumiputra នេះគឺជាពាក្យដែលគេប្រើសម្រាប់សំដៅលើទាំងជាតិសាសន៍ម៉ាឡេនិងជាតិសាសន៍ភាគតិចផ្សេងទៀត ដែលជាស្នូលនៃអត្តសញ្ញាណដ៏សំខាន់របស់គណបក្ស Barisan Nasional។
លោក Ahmad បានថ្លែងថា៖ «ចាប់តាំងពីដំបូងមក ពួកគេតែងតែតស៊ូដើម្បីការពារផលប្រយោជន៍របស់ជាតិសាសន៍ម៉ាឡេនិងក្រុមពលរដ្ឋ Bumiputra។ ដូច្នេះ ការណ៍ដែលមានលោក Anwar ដែលមានរបៀបវារៈបែបកំណែទម្រង់និយមដែលត្រូវបានគាំទ្រដោយគណបក្សនានាដូចជាគណបក្ស DAP [the Democratic Action Party] ជាដើម ដែលបានតស៊ូជាបន្ដមកផងដែរដើម្បីសមភាពសម្រាប់ប្រជាជន ជាពិសេសសម្រាប់ជនជាតិភាគតិចនោះ គឺជារឿងសំខាន់»។
គណបក្ស DAP ដែលថ្នាក់ដឹកនាំនិងអ្នកគាំទ្ររបស់ខ្លួនភាគច្រើនគឺជាជាតិសាសន៍ចិននិងឥណ្ឌា បានឈ្នះអាសនៈភាគច្រើននៅក្នុងសម្ពន្ធភាពគណបក្ស Pakatan Harapan។
លោក Ahmad បាននិយាយថា៖ «ខ្ញុំពិតជាគិតថា លោក [Anwar] កំពុងតែប្រឈមនឹងកិច្ចការដ៏លំបាកមួយ»។
លោក Ahmad បានបន្ថែមថា៖ «លោក [Anwar] ត្រូវតែធ្វើឱ្យមានតុល្យភាពនូវរបៀបវារៈរបស់គណបក្សលោកនិងរបៀបវារៈរបស់គណបក្សដទៃទៀតនៅក្នុងជួររដ្ឋាភិបាល»។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយក្នុងចំណោមសេចក្ដីថ្លែងការណ៍ដំបូងៗរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រី លោក Anwar ហាក់ដូចជាបានផ្ដោតលើបញ្ហាដ៏ធំនោះរួចទៅហើយ ដោយលោកបានសន្យាថានឹងប្រកាន់យកសាសនាអ៊ិស្លាមជាសាសនាផ្លូវការរបស់ប្រទេសម៉ាឡេស៊ី ហើយស្របពេលនោះដែរអំពាវនាវឱ្យមាន «ប្រទេសម៉ាឡេស៊ីមួយសម្រាប់ប្រជាជនម៉ាឡេស៊ីទាំងអស់»។
ទោះជាយ៉ាងនេះក្ដី លោក Chin បាននិយាយថា លោក Anwar មិនអាចលៃលកឱ្យមានការកែប្រែជាដុំកំភួនណាមួយលើកម្មវិធីចំណាត់ការវិជ្ជមានរបស់ប្រទេសម៉ាឡេស៊ីបានទេ។
លោក Chin លើកឡើងដូច្នេះថា៖ «ប្រសិនបើប្រជាជនម៉ាឡេភាគច្រើនគិតថា ជាតិសាសន៍ម៉ាឡេមិនត្រូវបានគេផ្ដល់តម្លៃឱ្យ ជាពិសេសទាក់ទិននឹងបញ្ហាសាសនាអ៊ិស្លាម នោះគណបក្សនេះនឹងមិនអាចនៅឋិតថេរបានទេ ដូច្នេះលោក [Anwar] ត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្លាំងបំផុត»។
លោក Chin បានថ្លែងបន្ថែមថា៖ «ប្រជាពលរដ្ឋណាដែលគិតថាលោក [Anwar] នឹងធ្វើកំណែទម្រង់សំខាន់ខ្លាំងក្លាណាមួយគឺកំពុងតែយល់ច្រឡំហើយ»។
លោក Chin បានបញ្ជាក់បន្តទៀតថា ការគ្រប់គ្រងសំណុំរឿងពុករលួយរាប់សិបករណីដែលមន្ត្រីមួយចំនួននៃគណបក្ស Barisan Nasional កំពុងប្រឈមក៏ជាបញ្ហា «លំបាកខ្លាំងបំផុត» ផងដែរសម្រាប់រដ្ឋាភិបាលថ្មីនេះ។
ទាំងលោក Najib និងលោក Ahmad Zahid សុទ្ធតែបានបដិសេធថាខ្លួនមិនបានធ្វើខុសនៅក្នុងសំណុំរឿងពុករលួយរបស់ពួកគេនោះទេ ដែលសំណុំរឿងទាំងនេះបានចាប់ផ្ដើមឡើងក្នុងអំឡុងពេលដែលគណបក្ស Pakatan Harapan កាន់អំណាចចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០។ លោកទាំងពីរក៏បានអះអាងផងដែរថា ពួកគេកំពុងត្រូវបានគេធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
លោក Chin បាននិយាយថា ករណីទាំងនេះនឹងមិនបញ្ចប់នោះទេ ប៉ុន្តែប្រហែលជានឹងមានដំណើរយឺតៗ ដោយគ្មានការចោទប្រកាន់ថ្មីណាមួយធ្វើឡើងនោះឡើយ យ៉ាងហោចណាស់ក្នុងរយៈពេលមួយ ដើម្បីជួយរក្សាគណបក្ស Barisan Nasional ឱ្យស្ថិតនៅក្នុងសម្ពន្ធភាពគណបក្សចម្រុះរបស់រដ្ឋាភិបាលថ្មីនេះ។
លោក Chin បានបន្ថែមថា លោក Anwar ក៏ទំនងជានឹងព្យាយាមផ្គាប់ចិត្តគណបក្ស Barisan Nasional ផងដែរតាមរយៈការផ្ដល់តំណែងដ៏មានឥទ្ធិពលបំផុតនិងមានថវិកាផ្គត់ផ្គង់ច្រើនបំផុតមួយចំនួននៅក្នុងគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ដូចជាតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឬពាណិជ្ជកម្ម និងឧស្សាហកម្មជាដើម។
លោក Ahmad បានថ្លែងថា មានមនុស្សជាច្រើនកំពុងទន្ទឹងរង់ចាំមើលថាតើតំណែងសំខាន់ៗក្នុងគណៈរដ្ឋមន្ត្រីរបស់លោក Anwar នឹងបានទៅលើមន្ត្រីរបស់គណបក្ស Barisan Nasionalដែលកំពុងប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយដែរឬក៏អត់។
លោក Ahmad បានបញ្ជាក់ថា ប្រសិនបើពួកគេអាចទទួលបានតំណែងសំខាន់ៗមែននោះ នោះគណបក្សនានានៅក្នុងសម្ពន្ធភាពគណបក្ស Pakatan Harapan របស់លោក Anwar ផ្ទាល់អាចនឹងរងសម្ពាធដ៏តឹងតែងពីក្រុមអ្នកគាំទ្ររបស់ពួកគេឱ្យចាកចេញពីរដ្ឋាភិបាល ដែលអាចធ្វើឱ្យរដ្ឋាភិបាលដួលរលំ។
លោក Ahmad និយាយដូច្នេះថា៖ «មនុស្សជាច្រើននឹងរំពឹងនូវអ្វីដែលខុសពីនេះ ដែលតំណែងសំខាន់ៗនៅគណៈរដ្ឋមន្ត្រីគួរតែត្រូវបានទៅអ្នកដែលមានភាពស្អាតស្អំ»។
លោកបានបន្ថែមថា៖ «រដ្ឋាភិបាលរបស់លោក [Anwar] នឹងមិនមានភាពឋិតថេរខ្លាំងនោះទេ ប្រសិនបើលោកបញ្ចូលអ្នកដែលជាប់ពាក់ព័ន្ធនឹងករណីពុករលួយទៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកនោះ»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា
បាងកក —