នៅថ្ងៃពុធនេះ ព្រះមហាក្សត្រម៉ាឡេស៊ីបានអំពាវនាវឱ្យមានកិច្ចប្រជុំពិសេសមួយរបស់បណ្ដាព្រះចៅស៊ុលតង់នៅម៉ាឡេស៊ីដើម្បីពិភាក្សាអំពីថា តើនរណាដែលគួរធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីវិបត្តិនៅក្រោយការបោះឆ្នោតដែលមិនធ្លាប់មានពីមុនមកបានឈានចូលដល់ថ្ងៃទី ៤។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ព្រះមហាក្សត្រគ្រោងនឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីគូប្រជែងពីររូបដែលនាំមុខគេនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ១៩ ខែវិច្ឆិកាកន្លងទៅនេះ ដែលនោះគឺមេដឹកនាំគណបក្សប្រឆាំងលោក Anwar Ibrahim និងលោកអតីតនាយករដ្ឋមន្ត្រី Muhyiddin Yassin មិនបានទទួលការគាំទ្រគ្រប់គ្រាន់ដើម្បីឱ្យបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា ដែលជាស្ថានការណ៍មួយមិនធ្លាប់មានពីមុនមកនៅម៉ាឡេស៊ី។
ភាពស្រពិចស្រពិលទាក់ទិននឹងការបោះឆ្នោតនេះបានធ្វើឱ្យមានអស្ថិរភាពនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីកាន់តែអូសបន្លាយទៅមុខបន្ថែមទៀត។ ប្រទេសម៉ាឡេស៊ីមាននាយករដ្ឋមន្ត្រី ៣ រូបរួចមកហើយក្នុងពេល ៣ ឆ្នាំកន្លងមកនេះ ហើយប្រឈមនឹងការពន្យារពេលលើការសម្រេចចិត្តអំពីគោលនយោបាយនានាដែលត្រូវការចាំបាច់ដើម្បីជំរុញការរើបឡើងវិញនៃសេដ្ឋកិច្ច។
ក្រុមប្រឹក្សារាជវង្សស៊ុលតង់ ដែលមានព្រះចៅស៊ុលតង់ទាំង ៩ អង្គ ជាសមាជិក នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ស្អែក ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលថ្មី។ នេះបើតាមការបញ្ជាក់របស់ព្រះរាជវាំងម៉ាឡេស៊ីនៅក្នុងសេចក្ដីថ្លែងការណ៍មួយ។
ព្រះរាជវាំងម៉ាឡេស៊ីបានបញ្ជាក់ថា៖ «គោលបំណងនៃការប្រជុំរបស់ក្រុមប្រឹក្សារាជវង្សស៊ុលតង់នេះគឺដើម្បីឱ្យព្រះមហាក្សត្រទទួលបានមតិយោបល់ពីព្រះចៅស៊ុលតង់ដទៃទៀត ដើម្បីឱ្យព្រះអង្គអាចសម្រេចព្រះទ័យសម្រាប់សុខមាលភាពរបស់ប្រជារាស្ត្រនិងប្រទេស»។
ព្រះមហាក្សត្រ Al-Sultan Abdullah Sultan Ahmad Shah កំពុងត្រូវបានចាប់អារម្មណ៍ជាសាធារណៈ ខណៈពេលដែលព្រះអង្គកំពុងពិចារណាថា តើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់នៃប្រទេសម៉ាឡេស៊ី បន្ទាប់ពីទាំងលោក Anwar និងទាំងលោក Muhyiddin បានបរាជ័យនៅក្នុងការចរចាជាមួយគណបក្សផ្សេងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះតាមកាលបរិច្ឆេទកំណត់។
ព្រះមហាក្សត្រម៉ាឡេស៊ីដែលសោយរាជ្យអាស្រ័យរដ្ឋធម្មនុញ្ញអាចតែងតាំងនាយករដ្ឋមន្ត្រីរូបណាដែលព្រះអង្គជឿថានឹងទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា៕