ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស UMNO នៅ​ម៉ាឡេស៊ី​ស្វែងរក​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត


លោក Ahmad Zahid Hamidi ប្រធាន​សម្ពន្ធភាព​ចម្រុះ​នៃ​គណបក្ស UMNO និង​គណបក្ស Barisan National (ឆ្វេង) និង​លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចាំផ្ទះ (ស្តាំ) បក់​ទង់ជាតិ​ម៉ាឡេស៊ី នៅ​ទីក្រុង​គូឡាឡាំពួ កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
លោក Ahmad Zahid Hamidi ប្រធាន​សម្ពន្ធភាព​ចម្រុះ​នៃ​គណបក្ស UMNO និង​គណបក្ស Barisan National (ឆ្វេង) និង​លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចាំផ្ទះ (ស្តាំ) បក់​ទង់ជាតិ​ម៉ាឡេស៊ី នៅ​ទីក្រុង​គូឡាឡាំពួ កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ដោយ​សម្លឹង​ទៅ​រក​ការ​ទទួល​បាន​ជ័យជម្នះ​មក​វិញ​នៅ​ក្នុង​ការ​ប្រជែង​ការ​បោះឆ្នោត​ដ៏​តឹងតែង​មួយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា​ខាង​មុខ គណបក្ស United Malays National Organization (UMNO) បាន​លើកឡើង​អំពី «ស្ថិរភាព​និង​វិបុលភាព» នៅ​ក្នុង​គោល​នយោបាយ​របស់​ខ្លួន​ដែល​រួម​មាន​វិធានការ​នានា​ដូចជា​ការ​កាត់​បន្ថយ​ពន្ធ ជំនួយ​ហិរញ្ញវត្ថុ និង​កំណែ​ទម្រង់​មួយ​ចំនួន​ជាដើម។

គណបក្ស UMNO នេះ​ធ្លាប់ជា​គណបក្ស​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​តាម​រយៈ​ការ​អភិវឌ្ឍ​និង​ការ​ធ្វើ​ទំនើប​កម្ម​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​ការ​ខឹង​សម្បា​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស UMNO នេះ​បាន​ធ្វើ​ឱ្យ​គណបក្ស​នេះ​ទទួល​រង​បរាជ័យ​យ៉ាង​ធ្ងន់​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ ២០១៨។

គណបក្ស​នេះ​បាន​វិល​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ ២០២០ ក្នុង​លក្ខណៈ​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​ថ្មី ប៉ុន្តែ​ទំនាក់ទំនង​របស់​គណបក្ស​នេះ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ធ្លាក់ចុះ ហើយ​គណបក្ស​នេះ​កំពុង​ស្វះស្វែង​ដើម្បី​បាន​កាន់កាប់​អំណាច​សារ​ជា​ថ្មី។

នៅ​ពេល​បច្ចុប្បន្ន​នេះ អ្វី​ដែល​អំណោយផល​សម្រាប់​គណបក្ស​នេះ​គឺ​ថា គណបក្ស​ប្រឆាំង​កំពុង​ប្រេះស្រាំ ហើយ​អ្នក​បោះឆ្នោត​កំពុង​ឆ្អែតឆ្អន់​ជាមួយ​នឹង​ភាព​ចលាចល​នយោបាយ អតិផរណា​កើនឡើង និង​សេដ្ឋកិច្ច​ធ្លាក់​ចុះ។

ទោះជា​យ៉ាង​ណា​ក៏ដោយ គណបក្ស UMNO កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ បន្ទាប់ពី​មេដឹកនាំ​ជាន់​ខ្ពស់​របស់​ខ្លួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ។ គណបក្ស​នេះ​បាន​បរាជ័យ​នៅ​ក្នុង​ការ​លះបង់​ចោល​នូវ​វប្បធម៌​បក្ខពួក​និយម​និង​វប្បធម៌​កេង​ចំណេញ ហើយ​ជម្លោះ​ផ្ទៃ​ក្នុង​គណបក្ស​ក៏​ជា​បញ្ហា​ចោទ​ផង​ដែរ។

ជាង​នេះ​ទៀត គេ​ឃើញ​ថា​អាច​មាន​ការ​រិះគន់​ពី​សាធារណជន​ចំពោះ​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បោះឆ្នោត​មុន​កាល​កំណត់​នៅ​ចំ​រដូវ​ភ្លៀង​ធ្លាក់​នេះ ដោយសារ​តែ​ទឹក​ជំនន់​ដែល​បង្ក​ឡើង​ដោយសារ​ភ្លៀង​ធ្លាក់​អាច​បង្អាក់​ដល់​ការ​ចេញ​ទៅ​បោះឆ្នោត​របស់​ពលរដ្ឋ។

លោក Amir Fareed Rahim ប្រធាន​ផ្នែក​យុទ្ធសាស្រ្ត​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​កិច្ចការ​សាធារណៈ​និង​ហានិភ័យ​នយោបាយ KRA Group បាន​និយាយ​ថា ការ​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​នៅ​ក្នុង​ជួរ​គណបក្ស UMNO មាន​ភាព​យឺតយ៉ាវ បន្ទាប់ពី​គណបក្ស​នេះ​បាន​ចូល​កាន់កាប់​រដ្ឋាភិបាល​ឡើង​វិញ​ក្នុង​ពេល ២២ ខែ​ក្រោយ​មក​បន្ទាប់ពី​ខ្លួន​បាន​ចាញ់​ការ​បោះឆ្នោត​នៅ​ឆ្នាំ ២០១៨។

លោក Rahim ថ្លែង​ដូច្នេះ​ថា៖ «ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​គណបក្ស UMNO ហាក់​មិន​មាន​ការ​ផ្លាស់ប្ដូរ ដែល​នេះ​មាន​ន័យ​ថា សាធារណជន​នៅតែ​មាន​ទស្សនៈ​អវិជ្ជមាន​និង​កង្វះ​ជំនឿ​ទុកចិត្ត​លើ​គណបក្ស​នេះ»។

គណបក្ស UMNO ដឹកនាំ​ក្រុម​សម្ព័ន្ធ​ភាព Barisan Nasional ដែល​បាន​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី​ចាប់​តាំងពី​ម៉ាឡេស៊ី​ទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​រហូត​ដល់​ឆ្នាំ ២០១៨។

ការ​បោះឆ្នោត​កាលពី​ឆ្នាំ ២០១៨ បាន​នាំ​ឱ្យ​មាន​ក្តី​សង្ឃឹម​អំពី​កំណែ​ទម្រង់​ផ្សេងៗ ស្រប​ពេល​ដែល​មេដឹកនាំ​មួយ​ចំនួន​នៃ​គណបក្ស UMNO ដែល​ធ្លាប់​មាន​អំណាច​ខ្លាំងក្លា​កាលពី​លើក​មុន ត្រូវ​បាន​ដាក់​ពន្ធនាគារ​ឬ​នាំ​យក​មក​តុលាការ​ដើម្បី​កាត់ទោស​ពី​បទ​ពុករលួយ។

អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក Najib Razak បាន​ក្លាយជា​មេដឹកនាំ​ម៉ាឡេស៊ី​ដំបូង​គេ​បង្អស់​ដែល​បាន​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ថវិកា​វិនិយោគ​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន 1MDB របស់​រដ្ឋ ដែល​ករណី​នេះ​បាន​បណ្ដាល​ឱ្យ​គណបក្ស UMNO របស់​លោក​ចាញ់​ការ​បោះឆ្នោត។ ភរិយា​របស់​លោក Najib ក៏​កំពុង​ប្រឈម​នឹង​ការ​កាត់ទោស​របស់​តុលាការ​ដាច់​ដោយ​ឡែក​មួយ​ផង​ដែរ​រឿង​ពុករលួយ ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ជាប់​ពន្ធនាគារ ១០ ឆ្នាំ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ផងដែរ​ដូច​ទៅ​នឹង​ការ​បរាជ័យ​របស់​គណបក្ស UMNO នេះ​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ ២០១៨ គឺ​ការ​វិល​ត្រឡប់​ចូល​មក​កាន់​អំណាច​វិញ​យ៉ាង​ឆាប់​រហ័ស​របស់​គណបក្ស​នេះ​កាលពី​ដើម​ឆ្នាំ ២០២០ បន្ទាប់ពី​ការ​ផ្តាច់​ខ្លួន​នានា​បាន​ធ្វើ​ឱ្យ​ក្រុម​សម្ព័ន្ធភាព​គណបក្ស​ Pakatan Harapan (PH) ដែល​ជា​គណបក្ស​ដឹកនាំ​ប្រទេស​ដែល​មាន​ទស្សនៈ​កំណែ​ទម្រង់​និយម​នៅ​ពេល​នោះ​បាន​ដួល​រលំ។

សម្ព័ន្ធភាព​បែប​មិត្ត​និង​សត្រូវ​របស់​គណបក្ស UMNO ជាមួយ​នឹង​គណបក្ស​ពីរ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​គណបក្ស​ទាំង​អស់​នេះ​បាន​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ដែល​ជា​ជនជាតិ​ដើម​ម៉ាឡេស៊ី បាន​ប្រឈម​នឹង​ភាព​ច្របូកច្របល់​ជា​បន្ត​បន្ទាប់។

សរុប​មក ប្រទេស​ម៉ាឡេស៊ី​មាន​នាយករដ្ឋមន្រ្តី ៣ រូប​ចាប់​តាំងពី​ឆ្នាំ ២០១៨ មក។ នៅ​ទី​បំផុត លោក​នាយករដ្ឋមន្រ្តី Ismail Sabri Yaakob បាន​រង​សម្ពាធ​ពី​គណបក្ស UMNO ហើយ​បាន​រំលាយ​សភា​កាលពី​ខែ​មុន​ដើម្បី​ឱ្យ​មាន​ការ​បោះឆ្នោត​មុន​កាល​កំណត់។

លោក Ismail គឺ​ជា​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ដំបូង​បង្អស់​ដែល​មិនមែន​ជា​មេដឹកនាំ​គណបក្ស UMNO ដោយ​ករណី​នេះ​បាន​បង្កើត​ឱ្យ​មាន​ការ​បែងចែក​ជា​ក្រុម​បក្ខពួក​ផ្សេងៗ​នៅ​ក្នុង​ជួរ​គណបក្ស។ នេះ​គឺ​ដោយសារតែ​ប្រធាន​គណបក្ស UMNO លោក Ahmad Zahid Hamidi កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ​រាប់​សិប​ករណី ហើយ​មន្រ្តី​កំពូល​លំដាប់​ទី​ពីរ​នៅ​ក្នុង​ជួរ​គណបក្ស​គឺ​មិន​មែន​ជា​តំណាងរាស្រ្ត។

ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​បាន​រំឭក​អ្នក​បោះឆ្នោត​ថា លោក Zahid ដែល​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​មុន​កាល​កំណត់ កំពុង​រំពឹង​លើ​ការ​ឈ្នះ​របស់​ក្រុម​សម្ព័ន្ធភាព​របស់​លោក​ដើម្បី​ឱ្យ​លោក​អាច​រួច​ផុត​ពី​ការ​កាត់ទោស​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​និង​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី។ លោក Zahid បាន​ចាត់​ទុក​ខ្លួន​លោក​និង​លោក Najib ថា​ជា​ជន​រងគ្រោះ​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ៕

ប្រែ​សម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG