ស្តេចម៉ាឡេស៊ីបានដាក់រាជនៅក្នុងប្រវត្តិសាស្ត្រដំបូងបង្អស់នៃប្រទេសសម្បូរអ្នកកាន់សាសនាឥស្លាមមួយនេះ។ នេះបើយោងតាមការិយាល័យរបស់ព្រះអង្គកាលពីថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍ពីលោក Wan Ahmad Dahlan Abdul Aziz នៃការិយាល័យព្រះមហាក្សត្រម៉ាឡេស៊ី បានឲ្យដឹងថា «ព្រះអង្គបានប្រាប់ដល់ប្រជាជនម៉ាឡេស៊ីឲ្យបន្តរួបរួមគ្នា ដើម្បីរក្សាសាមគ្គីភាព ភាពអត់ឱនឲ្យគ្នា និងធ្វើការជាមួយគ្នា»។
ការដាក់រាជរបស់ព្រះអង្គ Sultan Muhammad ទី៥ ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែ បន្ទាប់ពីមានមន្ទិលសង្ស័យថា ព្រះអង្គបានឈប់សម្រាកទទួលការព្យាបាលកាលពីដើមខែវិច្ឆិកាកន្លងទៅនេះ ខណៈមានពាក្យចចាមអារ៉ាមថា ព្រះអង្គរៀបអភិសេកជាមួយនឹងអតីតបវរកញ្ញារុស្ស៊ីម្នាក់។
សេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់ពីមូលហេតុដែលព្រះមហាក្សត្រព្រះជន្ម៤៩ព្រះវស្សារូបនេះសម្រេចព្រះទ័យដូច្នេះនោះទេ។
នេះគឺជាការដាក់រាជលើកដំបូងបង្អស់ចាប់តាំងពីប្រទេសម៉ាឡេស៊ីទទួលបានឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ១៩៥៧មក។
ប្រមុខដឹកនាំតាមរយៈឈាមជ័រនៅតាមរដ្ឋទាំង៩នាក់នៃប្រទេសនេះ ត្រូវប្ដូរវេនគ្នាឡើងគ្រងរាជសម្បត្តិជាស្តេចរយៈពេល៥ឆ្នាំ។
ព្រះអង្គ Sultan Muhammad ទី៥ នៃរដ្ឋ Kelantan ដែលស្ថិតនៅប៉ែកឥសាន្តនៃប្រទេសម៉ាឡេស៊ី គឺជាព្រះមហាក្សត្រធម្មនុញ្ញដ៏ក្មេងបំផុតមួយអង្គ ហើយទើបតែបានឡើយគ្រងរាជសម្បត្តិជាស្តេចកាលពីខែ ធ្នូ ឆ្នាំ ២០១៦ ប៉ុណ្ណោះ៕