របាយការណ៍​អំពី​​យន្ត​ហោះ​ជើង​បាត់ដាន MH370 ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ខួប​មួយ​ឆ្នាំ

  • Steve Herman

រូប​ឯកសារ៖ យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​កំពុង​ហោះ។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​មួយ​រយៈ​ពេល​ខ្លី​ស្តី​អំពី​ការ​បាត់​ដាន​យន្តហោះ​ជើង​ហោះ​ហើរ​លេខ ៣៧០ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ដែល​បាន​បាត់​ដាន​អស់​រយៈពេល​១ឆ្នាំ​កន្លង​ទៅ​នេះ។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី​បាន​ប្រគល់​របាយការណ៍​របស់​ខ្លួន​មួយ​ច្បាប់​ស្តី​អំពី​យន្តហោះ​ជើង​ហោះ​ហើរ​លេខ​៣៧០ ទៅ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី។ ឯកសារ​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អាទិត្យ ដែល​គម្រប់​ខួប​១ឆ្នាំ​គត់​នៃ​ការ​បាត់​ដាន​យន្តហោះ​ជើង​ហោះ​ហើរ​លេខ ៣៧០ ប្រភេទ Boeing 777 នេះ។

មាន​មនុស្ស ២៣៩នាក់ រួម​ទាំង​បុគ្គលិក​លើ​យន្ត​ហោះ​បាន​ជិះ​យន្តហោះ​ជើង​ហោះ​ហើរ​លេខ ៣៧០ របស់​ក្រុមហ៊ុន​អាកាសចរ​ម៉ាឡេស៊ី​នេះ។ យន្តហោះ​នេះ​បាន​ហោះ​ចេញ​ពី​គោល​ដៅ​ហោះ​ហើរ​ទៅ​កាន់​ក្រុង​ប៉េកាំង បន្ទាប់​ពី​បាន​ហោះ​ចេញ​ពី​ទីក្រុង​កូឡាឡាំពួរ ហើយ​បាន​បាត់​ខ្លួន​ចេញ​ពី​រ៉ាដា។

ទោះ​បី​ជា​មាន​ការ​ចំណាយ​ជា​ទឹក​ប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ​លើ​ការ​ស្វែងរក​ជា​លក្ខណៈ​អន្តរជាតិ​រហូត​ទៅ​ដល់​ដែន​សមុទ្រ​ដែល​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ​អូស្ត្រាលី​ភាគ​ខាង​លិច​ក្តី ក៏​គ្មាន​តម្រុយ​អ្វី​ទាល់​តែ​សោះ​នៃ​ការ​បាត់​ដាន​យន្ត​ហោះ​នេះ។

Your browser doesn’t support HTML5

មួយឆ្នាំ​ក្រោយពី​យន្តហោះ​ Malaysian ​លេខ​ MH370​ បាត់ដាន​ សមាជិក​គ្រួសារ​នៅតែ​មិន​អស់ចិត្ត

លោក Liow Tiong Lai រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​របស់​ម៉ាឡេស៊ី ឲ្យ​ដឹង​ថា បើ​សិន​ជា​ការ​ស្វែងរក​នេះ​មិន​ទទួល​បាន​លទ្ធផល​អ្វី​នៅ​ត្រឹម​ចុង​ខែ​ឧសភា​នេះ នោះ​រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រទេស​អូស្ត្រាលី និង​ប្រទេស​ចិន​នឹង​វិភាគ​លើ​ទិន្នន័យ​សារ​ជា​ថ្មី​ម្តង​ទៀត ហើយ​នឹង​បង្កើត​គម្រោង​ថ្មី​មួយ​ទៀត។

លោក Liow មាន​ប្រសាសន៍​ថា៖ «‍យើង​នឹង​ត្រឡប់​ទៅ​វិភាគ​ផ្ទាំង​ផែន​ទី​ម្តង​ទៀត។ ហើយ​យើង​ត្រូវការ​អ្នក​ជំនាញ​ផ្តល់​ការ​ប្រឹក្សា​អំពី​គម្រោង​ទៅ​មុខ​ទៀត»។

លោក​បាន​បន្ថែម​ទៀត​ថា លោក​នៅ​តែ​មាន«‍សុទិដ្ឋិនិយម​ដោយ​ប្រុង​ប្រយ័ត្ន» ថា​យន្តហោះ​នេះ​បាន​ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា។

លោក Warren Truss ឧប​នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​ដំណើរការ​ស្វែង​រក​យន្តហោះ​ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ច្រើន​បំផុត​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​បន្ត​ទៀត។

លោក Truss បាន​និយាយ​ថា៖ «‍យើង​មាន​ការ​ប្តេជ្ញា​ខាង​ថវិកា​ក្នុង​ដំណើរការ​ស្វែង​រក​យន្តហោះ​នេះ ហើយ​យើង​ត្រូវ​សម្រេច​ថា តើ​យើង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប៉ុន្មាន។ វា​នឹង​អាស្រ័យ​លើ​ការ​បេ្តជ្ញា​ខាង​ថវិកា​ពី​ប្រទេស​ដទៃ​ទៀត»។

លោក James Chin អ្នក​វិភាគ​ម៉ាឡេស៊ី​ម្នាក់​នៃ​សាកលវិទ្យាល័យ Tasmania ប្រទេស​អូស្ត្រាលី មិន​ជឿ​ថា ដំណើរការ​ស្វែង​រក​យន្ត​ហោះ​ជើង​ហោះ​ហើរ MH370 ដែល​កំពុង​តែ​ផ្តោត​លើ​ផ្ទៃ​ទឹក​ដែល​មាន​ទំហំ​ស្មើ​នឹង​ប្រទេស​ស្រីលង្កា​នោះ អាច​នឹង​បន្ត​រហូត​ទេ។

លោក Chin បាន​ឲ្យ​ដឹង​ថា៖ «‍ខ្ញុំ​គិត​ថា បើ​យើង​គិត​ពី​ការ​ចំណាយ​លើ​ដំណើរ​ការ​ស្វែង​រក​យន្ត​ហោះ​នេះ​វិញ យើង​ពិត​ជា​មិន​អាច​តាម​ស្វែង​រក​យន្ត​ហោះ​នេះ​រហូត​ទេ»។

ក៏​ប៉ុន្តែ លោក Chin បាន​លើក​ឡើង​ថា ការ​បញ្ចប់​ដំណើរ​ការ​ស្វែង​រក​យន្ត​ហោះ​នេះ អាច​នឹង​ជំរុញ​ឲ្យ​មាន​ការ​សន្និដ្ឋាន​ផ្សេងៗ​ទៀត​មក​លើ​ជោគ​វាសនា​របស់​អ្នក​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​នេះ។

លោក Chin បាន​បន្ថែម​ថា៖ «‍បើ​សិន​ជា​គេ​មិន​អាច​ស្វែង​រក​យន្ត​ហោះ​នេះ​បាន​ទេ ខ្ញុំ​គិត​ថា មនុស្ស​ជា​ច្រើន​នឹង​ចាប់​ផ្តើម​ជឿ​លើ​ការ​សន្និដ្ឋាន​ផ្សេងៗ​រៀងៗ​ខ្លួន​នៃ​ការ​បាត់​ដាន​យន្ត​ហោះ​នេះ។ ក្រុម​អ្នក​ស្វែង​រក​ចាំ​បាច់​ត្រូវ​តែ​ស្វែង​រក​យន្ត​ហោះ​នេះ​ឲ្យ​ឃើញ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​នៃ​អ្នក​ធ្វើ​ដំណើរ​បាន​ស្ងប់​ចិត្ត ហើយ​ជា​ពិសេស​គឺ​បង្កើត​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​សារ​ជា​ថ្មី​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស»។

កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ ប្រទេស​ម៉ាឡេស៊ី​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា យន្ត​ហោះ​ជើង​ហោះ​ហើរ​លេខ ៣៧០ បាន​ជួប​នឹង​គ្រោះ​ថ្នាក់ ហើយ​ថា មនុស្ស​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​នេះ​បាន​ស្លាប់​បាត់​បង់​ជីវិត៕

ព័ត៌មាន​ទាក់ទង​ទាំង​អស់ សូម​ប្រិយមិត្ត​ចូល​ទំព័រ​ VOA ពិសេស​អំពី​យន្តហោះ​ម៉ាឡេស៊ី​បាត់ដាន MH370 ត្រង់​នេះ www.khmer.voanews.com/malaysia

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត