ក្រុមហ៊ុន Swatch ដែលជាក្រុមហ៊ុនផលិតនាឡិកាដៃរបស់ប្រទេសស្វីស បានបញ្ជាក់កាលពីថ្ងៃអង្គារថា អាជ្ញាធរម៉ាឡេស៊ីបានសម្រុកចូលឆែកឆេរហាងរបស់ខ្លួននិងរឹបអូសនាឡិកាដៃ ១៦៤ គ្រឿង ដែលត្រៀមសម្រាប់ពិធី Pride របស់អ្នកស្រឡាញ់ភេទដូចគ្នា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ក្រុមហ៊ុននេះបានលើកឡើងថា មន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីបានសម្រុកចូលឆែកឆេរហាងរបស់ខ្លួននៅតាមផ្សារទំនើបផ្សេងៗនៅទូទាំងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ១៣ និងទី ១៤ ខែឧសភានេះ ហើយបានរឹបអូសយកនាឡិកាដៃទាំងនោះ ដោយសារពួកគេចាត់ទុកនាឡិកាទាំងនោះថា «មានបង្កប់ន័យអ្នកស្រឡាញ់ភេទដូចគ្នា»។
នាឡិកាទាំងនោះមាន ៦ ពណ៌ ដែលត្រូវនឹងពណ៌របស់ទង់តំណាងអ្នកស្រឡាញ់ភេទដូចគ្នា និងមានខ្សែសូកពាក់នាឡិកាពណ៌ឥន្ទធនូចំនួន ២។
នាយកប្រតិបត្តិក្រុមហ៊ុន Swatch លោក Nick Hayek Jr. បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងសូមជំទាស់យ៉ាងខ្លាំងក្លាថា នាឡិកាដៃរបស់យើងដែលប្រើពណ៌ឥន្ទធនូនិងមានសារអំពីសន្តិភាពនិងក្ដីស្រឡាញ់នេះមិនអាចប៉ះពាល់ដល់នរណាម្នាក់នោះទេ»។
ប្រទេសម៉ាឡេស៊ីដែលប្រជាជនភាគច្រើនជាអ្នកកាន់សាសនាឥស្លាមចាត់ទុកទំនាក់ទំនងរបស់អ្នកស្រឡាញ់ភេទដូចគ្នាថាខុសច្បាប់ ដោយដាក់ទោសទណ្ឌនានារួមមានការវាយនឹងរំពាត់នៅក្រោមច្បាប់ឥស្លាម រហូតដល់ការជាប់ពន្ធនាគារ ២០ ឆ្នាំសម្រាប់ការរួមភេទរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្រោមច្បាប់ស៊ីវិលសម័យអាណានិគម។
គណបក្ស Pan-Malaysia Islamic Party ដែលជាគណបក្សប្រឆាំង កាលពីពេលថ្មីៗនេះបានរិះគន់ការប្រគុំតន្ត្រីមួយកន្លែងដែលបានត្រៀមទុកសម្រាប់ខែវិច្ឆិកាខាងមុខដោយក្រុមតន្ត្រី Coldplay របស់ចក្រភពអង់គ្លេស ដោយសារតែក្រុមតន្ត្រីនេះគាំទ្រចលនាអ្នកស្រឡាញ់ភេទដូចគ្នា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីលោក Saifuddin Nasution បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា លោកកំពុងរង់ចាំរបាយការណ៍ពេញលេញអំពីបញ្ហានេះ មុនពេលលោកចេញសេចក្ដីថ្លែងការណ៍៕