ប្រទេសម៉ាឡេស៊ីកំពុងផ្អាកអនុវត្តវិធានការថ្មីដែលហាមឃាត់ជំនួញភាគច្រើនមិនឱ្យជួលពលករចំណាកស្រុកទេ។ ការផ្អាកវិធានការថ្មីនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមអ្នកជំនួញបានព្រមានថា ការធ្វើបែបនេះអាចនឹងប៉ះពាល់ដល់កិច្ចប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ១៩នៅទូទាំងសាកលលោក។
ការបិទសកម្មភាពសង្គមដែលមានរយៈពេលរាប់ខែបានជួយឲ្យករណីឆ្លងជំងឺកូវីដ១៩ នៅមានចំនួនទាប ប៉ុន្តែវាបានធ្វើឱ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់ជាងពេលណាៗទាំងអស់ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ហើយធ្វើឱ្យពលរដ្ឋម៉ាឡេស៊ីជាង ៣ សែននាក់បាត់បង់ការងារ។ នៅចុងខែកក្កដា ដើម្បីជួយដល់ពលរដ្ឋក្នុងស្រុកឱ្យអាចត្រឡប់ទៅធ្វើការវិញបាន រដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ីបានប្រកាសថា ក្រុមហ៊ុនទាំងអស់លើកលែងតែក្រុមហ៊ុនសំណង់ និងកសិកម្ម ត្រូវឈប់ជួលពលករចំណាកស្រុក។
ក្រុមអ្នកជំនួញមានការភ្ញាក់ផ្អើលនឹងវិធានការថ្មីនេះ ហើយក្រោយមកបានធ្វើការរិះគន់ ដោយបានព្រមានថា បទបញ្ញត្តិថ្មីនេះអាចនឹងធ្វើឱ្យវិស័យផ្សេងទៀតដែលពឹងផ្អែកយ៉ាងខ្លាំងលើពលករចំណាកស្រុកដែរនោះ ខ្វះខាតកម្លាំងពលកម្មសម្រាប់ធ្វើការងារដែលបានប្រាក់ឈ្នួលទាប ដោយសារតែពលរដ្ឋក្នុងស្រុកមិនចង់ធ្វើការងារទាំងនេះទេ។
អ្នកវិភាគបាននិយាយថា ពលករចំណាកស្រុកកម្រនឹងប្រកួតប្រជែងជាមួយនឹងពលរដ្ឋក្នុងស្រុកក្នុងការរកការងារធ្វើណាស់ ហើយពួកគេហាក់ដូចជាបង្កើតការងារសម្រាប់ពលរដ្ឋម៉ាឡេស៊ីដែលមានជំនាញ ជាជាងដណ្តើមការងារពីពួកគេទៅវិញទេ។
ដោយយកចិត្តទុកដាក់លើការលើកឡើងរបស់វិស័យឯកជននេះ លោក Saravanan Murugan រដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ី បានប្រកាសកាលពីពាក់កណ្តាលខែសីហាថា វិស័យទាំងអស់អាចបន្តជួលពលករបរទេសបាន ប៉ុន្តែត្រូវបន្ថែមលក្ខខណ្ឌរឹតត្បិតមួយចំនួន។
លោករដ្ឋមន្ត្រីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកថា៖ «ការងាររបស់ពលករបរទេសគឺសម្រាប់តែអ្នកដែលស្ថិតនៅក្នុងប្រទេសស្រាប់តែប៉ុណ្ណោះ»។ លោកបានបន្ថែមថា ពួកគេត្រូវតែមានប័ណ្ណការងារដែលមានសុពលភាព និងត្រូវតែធ្វើការនៅក្នុងវិស័យដដែលដូចមុនពេលដែលពួកគេបានឈប់ធ្វើការ។
ខណៈដែលក្រុមហ៊ុននានានៅតែមិនអាចនាំយកពលករចំណាកស្រុកថ្មីៗចូលក្នុងប្រទេសម៉ាឡេស៊ីបានដោយសារតែការបិទសកម្មភាពសង្គម កំណែប្រែមួយចំនួនរបស់រដ្ឋមន្ត្រីធនធានមនុស្សនៅតែមិនអាចបំពេញទៅតាមការស្នើសុំរបស់អ្នកជំនួញជាច្រើននោះទេ។ ប៉ុន្តែលោក Michael Kang ដែលជាប្រធានសមាគមសហគ្រាសខ្នាតតូច និងមធ្យម នៅតែស្វាគមន៍ចំពោះចំណាត់ការថ្មីនេះ។
លោក Michael Kang បាននិយាយក្នុងសម្តីដើមថា៖ «ជាពិសេសសម្រាប់សេដ្ឋកិច្ចម៉ាឡេស៊ី យើងនៅតែត្រូវការពលករចំណាកស្រុក»។
ទោះជាយ៉ាងនេះក្តី និយោជកជាច្រើនព្រមានថា លក្ខខណ្ឌដែលរដ្ឋមន្ត្រីធនធានមនុស្សបានបន្ថែមនោះនឹងប៉ះពាល់ដល់ប្រសិទ្ធភាពនៃចំណាត់ការថ្មីនេះ ហើយពួកគេចង់ឱ្យផ្អាកការអនុវត្តលក្ខខណ្ឌទាំងនេះផងដែរ។ ពួកគេនិយាយថា ការបិទសកម្មភាពសង្គមធ្វើឱ្យកាន់តែមានការលំបាកក្នុងការពន្យារសុពលភាពប័ណ្ណការងារ ហើយក្រុមហ៊ុននៅក្នុងវិស័យដែលត្រូវការពលករបរទេសភាគច្រើនទំនងជានឹងបញ្ឈប់ការងាររបស់អ្នកទាំងនោះនៅពេលថ្មីៗនេះ។ ការណ៍នេះធ្វើឱ្យមានពលករចំណាកស្រុកស្របច្បាប់តិចតួចប៉ុណ្ណោះ ដែលក្រុមហ៊ុនអាចជួលបាន។
លោក Shamsuddin Bardan នាយកសម្ព័ន្ធនិយោជកម៉ាឡេស៊ីបាននិយាយក្នុងសម្តីដើមថា៖ «នៅក្នុងស្ថានភាពបែបនេះ មិនមានវិធីណាដែលពួកគេអាចជួលពលករបរទេសណាមួយនោះទេ ដោយសារតែនិយោជកនៅក្នុងវិស័យដូចគ្នានឹងមិនកាត់បន្ថយបុគ្គលិករបស់ខ្លួននោះទេ»។
លោក Shamsuddin បាននិយាយថា វិស័យដូងប្រេងរបស់ម៉ាឡេស៊ី ដែលមានទំហំធំជាងគេលំដាប់ទី ២ ក្នុងពិភពលោកបន្ទាប់ពីឥណ្ឌូណេស៊ី កំពុងប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំងនៅពេលនេះ ហើយនឹងរងផលប៉ះពាល់ខ្លាំងបំផុត ប្រសិនបើពលករចំណាកស្រុកនៅតែត្រូវបានហាមឃាត់មិនឱ្យប្តូរទៅធ្វើការនៅក្នុងវិស័យផ្សេងនោះ។
ក្រសួងធនធានមនុស្សមិនបានឆ្លើយតបចំពោះសំណើសុំសម្ភាសន៍របស់ VOA នោះទេ៕