រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសម៉ាឡេស៊ីបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសម៉ាឡេស៊ីសង្ឃឹមថាមានការឯកភាពគ្នាច្បាស់លាស់មួយក្នុងចំណោមបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាក់ទិននឹងរឿងកិច្ចព្រមព្រៀងAUKUS ដែលជាកិច្ចព្រមព្រៀងសន្តិសុខថ្មីសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិករវាងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
កិច្ចព្រមព្រៀង AUKUS ដែលបានប្រកាសកាលពីខែមុននេះ នឹងអនុញ្ញាតឲ្យប្រទេសអូស្ត្រាលីទទួលបានបច្ចេកវិទ្យាដើម្បីបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ចំណុចនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះដែលមានបំណងឆ្លើយតបទៅនឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិន ជាពិសេសនៅសមុទ្រចិនខាងត្បូងដែលជាតំបន់យុទ្ធសាស្ត្រសំខាន់។
កិច្ចព្រមព្រៀងនេះបានធ្វើឲ្យមានការខ្វែងគំនិតគ្នាក្នុងចំណោមបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។ ប្រទេសឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីបានព្រមានថា វាអាចនាំឲ្យមានការប្រជែងខាងសព្វាវុធក្នុងចំណោមមហាអំណាចនានានៅក្នុងតំបន់ ចំណែកឯប្រទេសហ្វីលីពីនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកវិញ បានគាំទ្រកិច្ចព្រមព្រៀងនេះ។
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein បានប្រាប់រដ្ឋសភាម៉ាឡេស៊ីនៅថ្ងៃអង្គារនេះថា កិច្ចប្រជុំជាមួយសមភាគីរបស់លោកមកពីសមាគមអាស៊ាន (ASEAN) ដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយនេះ នឹងបង្ហាញពីឱកាសសម្រាប់សមាគមនេះនៅក្នុងការឯកភាពគ្នាលើការឆ្លើយតបជារួមចំពោះកិច្ចព្រមព្រៀង AUKUS នេះ។
លោកបានបញ្ជាក់ដូច្នេះថា៖ «គោលបំណងចុងក្រោយរបស់យើងគឺជានិច្ចកាលធានាឲ្យមានស្ថិរភាពនៅក្នុងតំបន់ ដោយមិនខ្វល់អំពី [ការប្រជែង] តុល្យភាពអំណាចរវាងសហរដ្ឋអាមេរិកនិងចិននោះទេ»។
កន្លងមក ប្រទេសចិនបានបញ្ជាក់ថា កិច្ចព្រមព្រៀង AUKUS នេះមានហានិភ័យធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ប៉ុន្តែ សហរដ្ឋអាមេរិកបានលើកឡើងថា កិច្ចព្រមព្រៀងនេះមិនបង្កជាការគំរាមកំហែងដល់សន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ ហើយគ្មានគោលបំណងសំដៅលើប្រទេសណាមួយនោះឡើយ៕