លោកហ័ន កៃដូ (Juan Guaido) មេដឹកនាំក្រុមប្រឆាំងនៅប្រទេសវេណេស៊ុយអេឡានិយាយថាលោកគិតថា មានក្រុមយោធាជាច្រើនទៀតនឹងក្រោកឈរឡើងប្រឆាំងនឹងលោកប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ក្នុងអំឡុងពេលយុទ្ធនាការ កាលពីថ្ងៃអង្គារ ដើម្បីផ្តួលរំលំមេដឹកនាំដែលកំពុងតែមានបញ្ហានេះ។
នៅក្នុងបទសម្ភាសជាមួយនឹងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ លោក កៃដូ បាននិយាយថាលោករំពឹងថា លោក ម៉ាឌូរ៉ូ នឹងចុះចេញពីតំណែង បន្ទាប់ពីក្រុមយោធាបានរត់ចោលជួរជាច្រើន។ ប៉ុន្តែក្នុងពេលដែលលោក ម៉ាឌូរ៉ូ និងលោក កៃដូ ខិតខំប្រឹងប្រែងស្វែងរកការគាំទ្រពីក្រុមយោធា គឺគ្មានក្រុមយោធារត់ចោលជួរដោយចំនួនច្រើននៅឡើយទេ។
ភាពតានតឹងបានបន្តកើនឡើងខ្ពស់នៅក្នុងប្រទេសវេ៉ណេស៊ុយអេឡា ចាប់តាំងពីយុទ្ធនាការផ្តួលរំលំលោក ម៉ាឌូរ៉ូ បានបរាជ័យ។ ក្រុមលីម៉ា (Lima Group) ដែលជាក្រុមមាន ១២ ប្រទេសបង្កើតឡើងកាលពីឆ្នាំ ២០១៧ ដើម្បីបញ្ចប់វិបត្តិនៅ វេ៉ណេស៊ុយអេឡាដោយសន្តិវិធី បានជួបជុំគ្នានៅរដ្ឋធានីនៃប្រទេសប៉េរ៉ូ កាលពីថ្ងៃសុក្រ ហើយបានសម្រេចឱ្យប្រទេសគុយបា បញ្ចុះបញ្ចូលរកដំណោះស្រាយដើម្បីបញ្ចប់ចលាចលនេះ។
កាលពីថ្ងៃសៅរ៍ លោក ម៉ាឌូរ៉ូ បានអំពាវនាវដល់ក្រុមយោធាថា៖
«យើងមិនមែនជាប្រទេសទន់ខ្សោយទេ ប៉ុន្តែជាប្រទេសមួយមានកងកម្លាំងប្រដាប់អាវុធខ្លាំង ដែលបានបង្ហាញពីសាមគ្គីភាពនិងស្អិតរមួតជារៀងរហូត។ សូមបដិសេធជនក្បត់ជាតិ! ជនក្បត់ជាតិត្រូវតែចាកចេញ! ចូរផ្តល់សាមគ្គីភាពនិងភក្តីភាពចំពោះរដ្ឋធម្មនុញ្ញ មាតុភូមិ បដិវត្តន៍ និងអគ្គមេបញ្ជាការស្របច្បាប់»។
លោកបានថ្លែងដូចនេះ ដោយប្រាប់ឱ្យកងទ័ពលើកអាវុធឡើងលើបង្ហាញ៕