កិច្ចប្រជុំស្ដីពីអាកាសធាតុដែលមានរយៈពេលយូរបំផុតរបស់អង្គការសហប្រជាជាតិបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុង Madrid ប្រទេសអេស៉្បាញ ដោយបណ្ដាប្រទេសនានាព្រមព្រៀងគ្នាថានឹងប្ដេជ្ញាកាន់តែខ្លាំងក្លា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចនៅឆ្នាំក្រោយ ប៉ុន្តែប្រទេសទាំងនោះបានពន្យារពេលលើការសម្រេចចិត្តឲ្យបានច្បាស់លាស់លើចំណុចសំខាន់ៗមួយចំនួន។
ក្រុមអ្នករិះគន់បានចោទប្រកាន់ប្រទេសដែលបំពុលបរិស្ថានច្រើនជាងគេបំផុតមួយចំនួននៅក្នុងពិភពលោក ដោយរួមមានទាំងសហរដ្ឋអាមេរិកផងដែរ ថាបានរារាំងដល់ដំណើរការដោះស្រាយវិបត្តិអាកាសធាតុ ដែលកាន់តែធ្ងន់ធ្ងរនេះ។
កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយមានដំណើរវិវត្តន៍ទៅមុខនិងការយោគយល់គ្នាមួយចំនួន។ សហភាពអឺរ៉ុបទាំងមូល លើកលែងតែប្រទេសប៉ូឡូញ បានប្ដេជ្ញាកាលពីសប្ដាហ៍មុនថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចរហូតដល់សូន្យ ត្រឹមឆ្នាំ២០៥០។ ប្រតិភូទាំងអស់បានព្រមព្រៀងគ្នាថានឹងធ្វើឲ្យប្រសើរឡើងនូវផែនការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច។ ក៏ប៉ុន្តែពួកគេបានបរាជ័យក្នុងការព្រមព្រៀងគ្នាទៅលើគោលដៅច្បាស់លាស់ បទបញ្ញត្តិសម្រាប់ទីផ្សារ ឬការផ្ដល់ហិរញ្ញប្បទានចំពោះប្រទេសដែលក្រីក្រជាងក្នុងការសម្របនិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ការណ៍នេះបានបន្ថែមសម្ពាធសម្រាប់ឆ្នាំក្រោយ នៅពេលដែលកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ចាប់ផ្ដើមអនុវត្ត៕