ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឡើង​ក្នុង​ទីក្រុង Madrid ប្រទេស​អេស៉្បាញ​នៅ​ថ្ងៃ​ចន្ទ​នេះ


អ្នក​ចូលរួម​ម្នាក់​ថត​រូប​ខ្លួន​ឯង (selfie) នៅ​មុន​សន្និសីទ Climate Summit COP25 នៅ​ក្នុង​ក្រុង Madrid ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នក​ចូលរួម​ម្នាក់​ថត​រូប​ខ្លួន​ឯង (selfie) នៅ​មុន​សន្និសីទ Climate Summit COP25 នៅ​ក្នុង​ក្រុង Madrid ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នក​តំណាង​មក​ពី​បណ្ដា​ប្រទេស​នានា​ជិត​២០០​ប្រទេស​នឹង​ចាប់​ផ្ដើម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ទីក្រុង Madrid ប្រទេស​អេស៉្បាញ​នៅ​ថ្ងៃ​ចន្ទ​នេះ។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ភស្តុតាង​នានា​បង្ហាញ​ពី​វិបត្តិ​អាកាសធាតុ​ដែល​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​សហរដ្ឋអាមេរិក​ក៏​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ប្រែបម្រួល​អាកាសធាតុ​សកលលោក​ផង​ដែរ។

របាយការណ៍​ចំនួន​ពីរ​របស់​អង្គការ​សហប្រជាជាតិ​ដែល​បង្ហាញ​ពី​លទ្ធផល​មិន​ល្អ​មួយ​ចំនួន​ទាក់ទិន​នឹង​អាកាសធាតុ​ ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ របាយការណ៍​ទាំង​ពីរ​នោះ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ទំហំ​និង​ផល​ប៉ះពាល់​ទៅ​លើ​ជីវិត​នៅ​លើ​ផែនដី​នេះ ដោយសារ​តែ​ការណ៍​ដែល​មិន​បាន​ចាត់​វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់​ទៅ​លើ​ការ​ប្រែប្រួល​អាកាសធាតុ។

លោក Simon Buckle នាយក​ផ្នែក​ប្រែប្រួល​អាកាសធាតុ​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍន៍​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស បាន​ថ្លែង​ថា៖ «ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​តែ​ផ្ដល់​ផល​ប៉ះពាល់​ដែល​គេ​មិន​ធ្លាប់​ស្រមៃ​ថា​អាច​កើត​មាន​ពី​មុន​មក។ គេ​ប្រហែល​ជា​គិត​ថា​ ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​អាច​នឹង​កើតឡើង​នៅ​ពេល​អនាគត​ដ៏​វែង​ឆ្ងាយ​ខាង​មុខ​ទៀត ប៉ុន្តែ​តាមពិត​វា​កំពុង​តែ​កើតឡើង​ហើយ​ក្នុង​ពេល​ឥឡូវ​នេះ‍»។

កិច្ចប្រជុំ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​ហៅ​កាត់​ថា COP 25 នេះ មាន​គោលបំណង​សម្រេច​ចុងក្រោយ​ទៅ​លើ​បទបញ្ញត្តិ​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឆ្នាំ​២០១៥។

អ្នក​បរិស្ថាន​សង្ឃឹម​ថា កិច្ច​ប្រជុំនេះ​នឹង​ត្រួសត្រាយ​ផ្លូវ​ឲ្យបណ្ដា​ប្រទេស​នានាបង្កើន​ការ​ប្ដេជ្ញា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ នៅ​ក្នុង​សន្និសីទ​ឆ្នាំ​ក្រោយ​នៅ​ទីក្រុង Glasgow ប្រទេស​ស្កុតលែន៕

XS
SM
MD
LG