ការវិនិយោគរបស់ចិនក្នុងសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង ខិតខំដោះស្រាយបញ្ហាការរឹតត្បិតបច្ចេកវិទ្យាពីប្រទេសលោកខាងលិចហើយនឹងគិតឡើងវិញពីការប្រឈមនៃផែនការផលិតផលធ្វើនៅក្នុងប្រទេសចិននៅឆ្នាំ២០២៥ ឬ Made in China 2025។
ទោះបីគេមិនទាន់ច្បាស់នៅឡើយថា តើសហរដ្ឋអាមេរិកនិងចិន នឹងអាចធ្វើទៅតាមការកំណត់រយៈពេល៩០ថ្ងៃនិងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃទី២ ខែមិនា ក៏ ដោយ ជម្លោះពាណិជ្ជកម្មនោះ កំពុងបន្ថែមភាពមិនប្រាកដប្រជាអំពីជោគវាសនានាពេលអនាគតនៃផែនការយុត្តិសាស្រ្តរបស់រដ្ឋាភិបាលចិនដែលមានឈ្មោះថា ធ្វើនៅក្នុងប្រទេសចិននៅឆ្នាំ២០២៥ឬ Made in China 2025។
ផែនការនេះភាគច្រើនដូចគ្នាទៅនឹងគោលដៅរបស់ប្រទេសផ្សេងៗទៀតដើម្បីលើកដំកើងសង្វាក់តម្លៃឧស្សាហកម្ម។យោងតាមផែនការរបស់រដ្ឋាភិបាលក្រុងប៉េកាំង បានប្រាប់ឲ្យដឹងថា ចិន មានគោលបំណងធ្វើឲ្យប្រទេសខ្លួនក្លាយជាមេដឹកនាំពិភពលោកនៅក្នុងផ្នែកសំខាន់ៗចំនួន១០ដូចជា មនុស្សយន្ត បច្ចេកវិទ្យាព័ត៌មាន និងខួរក្បាលសិប្បនិមិត្តនៅកំណត់ឆ្នាំ២០២៥។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលបានបង្កើនការព្រួយកង្វល់គឺថាតើចិននឹងសម្រេចគោលដៅនោះតាមវិធីណា។
ក្រុមហ៊ុននិងរដ្ឋាភិបាលបរទេស បានសម្តែងនូវការព្រួយកង្វល់អំពីផែនការនិងគោលនយោបាយចិននិងការអនុវត្តដែលបង្ខិតបង្ខំក្រុមហ៊ុននានាឲ្យប្រគល់បច្ចេកវិទ្យានៅក្នុងការដោះដូរទៅនឹងការចូលទីផ្សារសេដ្ឋកិច្ចដ៏ធំរបស់ចិន។
នៅពេលជាមួយគ្នានោះដែរ ពួកអ្នកវិភាគជឿថា រដ្ឋាភិបាលក្រុងប៉េកាំង មិនចាត់វិធានការដើម្បីបញ្ឈប់ក្រុមហ៊ុនចិនកុំឲ្យលួចបច្ចេកវិទ្យាតាមរយៈការរកស៊ីនៅឯនាយសមុទ្ររបស់ខ្លួន។
លោកស្រី Anna Holzman ជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Mercator នៃការសិក្សាអំពីចិនដែលមានទីតាំងក្នុងទីក្រុងប៊ែឡាំងបាននិយាយថា ការតបតពីបរទេសបានធ្វើឲ្យមានផលប៉ះពាល់រួចទៅហើយដល់ការអនុវត្តផែនការផលិតផលធ្វើនៅក្នុងប្រទេសចិនឬ Made in China 2025។
លោកស្រីបាននិយាយថា «ជំហរដ៏ម៉ឺងម៉ាត់ដែលបានកើតមានឡើងបន្ទាប់ពីការចាត់វិធានការដោយសហរដ្ឋអាមេរិកបានបង្កើនភាពបន្ទាន់ក្នុងចំណោមពួកអ្នកតាក់តែងគោលនយោបាយចិនឲ្យបង្កើនការអភិវឌ្ឍសមត្ថភាពនៅក្នុងស្រុក»។ក្រៅពីឱនភាពពាណិជ្ជកម្ម ការផ្ទេរបច្ចេកវិទ្យាដោយការបង្ខំ ជាមូលហេតុដ៏សំខាន់មួយដែលនាំឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មនោះ។ការណ៍នេះក៏ជាសមាសភាពដ៏សំខាន់មួយនៃការចរចាកំពុងធ្វើឡើងរវាងប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបង្អស់២របស់ពិភពលោក។
ក្នុងអំឡុងនៃការចរចាកាលពីពេលថ្មីៗនេះ ចិនបាននិយាយថា ភាគីទាំង២បានធ្វើឲ្យមានការរីកចម្រើនលើការដោះស្រាយបញ្ហានៃការផ្ទេរបច្ចេកវិទ្យានិងបញ្ហារចនាសម្ព័ន្ធផ្សេងៗទៀត។
ក៏ប៉ុន្តែ ជម្លោះពាណិជ្ជកម្ម ការកើនឡើងនូវការរឹតត្បិតការវិនិយោគទុនលើក្រុមហ៊ុនរបស់ចិនក្នុងប្រទេសលោកខាងលិច និងការធ្លាក់ចុះក្នុងសេដ្ឋកិច្ចឧស្សាហកម្មរបស់ខ្លួនផ្ទាល់ នាំឲ្យអ្នកខ្លះជជែកដេញដោលថា រដ្ឋាភិបាលក្រុងប៉េកាំង អាចត្រូវបង្ខំធ្វើឲ្យបន្ថយឬពន្យាផែនការ។
កាលពីបី-បួនខែកន្លងមកនេះ ពួកមន្រ្តីបានបញ្ឈប់រំឮកផែនការនោះឡើងវិញ។រដ្ឋាភិបាលក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ បានបញ្ជាឲ្យក្រុមហ៊ុនចិនកុំបង្ខំក្រុមហ៊ុនបរទេសដែលមានទីតាំងក្នុងប្រទេសចិនប្រគល់បច្ចេកវិទ្យារបស់ខ្លួន។ហើយ ជាលើកទីមួយក្នុងប៉ុន្មានឆ្នាំនេះ ផែនការធ្វើផលិតផលនៅប្រទេសចិនឆ្នាំ២០២៥ឬ Made in China 2025 មិនបានស្ថិតនៅក្នុងបញ្ជីនៃអាទិភាពនៃការអភិវឌ្ឍដែលបានកំណត់ដោយរដ្ឋាភិបាលកណ្តាលសម្រាប់ឆ្នាំ២០១៩។
លោក Scott Kennedyនាយករងនៃកម្មវិធី Freeman Chair សម្រាប់ការសិក្សាអំពីចិននៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុត្តិសាស្រ្តនិងអន្តរជាតិក្នុងរដ្ឋធានីវ៉ាស៊ីន តោន បាននិយាយថា ចំណាត់ការដោយពួកមន្រ្តីដើម្បីនិយាយសម្រួលនិងឈប់និយាយផែនការនោះនិងវិធានការផ្សេងៗទៀតឡើងវិញកាលពីពេលថ្មីៗនេះដើម្បីបើកចំហរសេដ្ឋកិច្ចរបស់ចិននោះ ជាសញ្ញាវិជ្ជមាន។
លោក និយាយទៀតថា៖ «ក៏ប៉ុន្តែ ពួកមន្រ្តីចិន នឹងត្រូវការការគាំទ្រដ៏ទូលំទូលាយ ច្បាស់លាស់ តម្លាភាព ការផ្លាស់ប្តូរក្នុងគោលនយោបាយឲ្យបានកាន់តែច្រើនឡើងដើម្បីឲ្យគេអាចមើលឃើញ ដែលមានឥទ្ធិពលលើពួកគេ ប្រសិនបើ ពួកគេ ប្រាកដចង់ជំរុញឲ្យសហរដ្ឋអាមេរិកនិងប្រទេសផ្សេងៗទៀតឲ្យឃើញថា ចិនកំពុងធ្វើឲ្យជឿន លឿនក្នុងការបន្ធូបន្ថយសេដ្ឋកិច្ច»។
ក៏ប៉ុន្តែ ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រង់ចាំចិនផ្លាស់ប្តូរជំហររបស់ខ្លួន ចិន សហរដ្ឋអាមេរិកមិនទំនងធ្វើការផ្លាស់ប្តូរជំហរដ៏តឹងរ៉ឹងរបស់ខ្លួនលើបច្ចេកវិទ្យាដែលបានប៉ះពាល់រួចហើយលើក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗរបស់ចិនដូចជាក្រុមហ៊ុនHuaweiនិងក្រុមហ៊ុន ZTE។ប្រទេសកាន់តែច្រើនឡើង កំពុងចាត់វិធានការដើម្បីហាមឃាត់ក្រុមហ៊ុន Huawei កុំឲ្យចូលរួមនៅក្នុងការស្ថាបនា បណ្តាញទូរស័ព្ទ 5G។
លោក Lourdes Casanovaនាយកនៅឯវិទ្យាស្ថានទីផ្សារងើបឡើងរបស់សាកលវិទ្យា ល័យCornell បាននិយាយសំដៅដល់ក្រុមហ៊ុនបច្ចេកវិទ្យា២សំខាន់ៗរបស់ចិនថា៖ «បញ្ហាបច្ចេកវិទ្យា នឹងនៅតែមានជាបន្ត។ប្រធានាធិបតីត្រាំ មានគោលជំហរយ៉ាងខ្លាំងប្រឆាំងនឹងក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE។ដូច្នេះ ការណ៍នេះនឹងបន្ត»។
កាលពីសប្តាហ៍មុន ប្រទេសប៉ូឡូញ បានចាប់ខ្លួនបុគ្គលិកក្រុមហ៊ុន Huawei លើបទចោទប្រកាន់ពីចារកម្ម។អាជ្ញាធរប៉ូឡូញនិយាយថា មិនមានការទាក់ទិនរវាងការចាប់ខ្លួនទៅនឹងក្រុមហ៊ុននោះទេ ក៏ប៉ុន្តែ នៅពេលជាមួយគ្នានោះដែរ ពួកគេបានចាត់វិធាន ការដើម្បីជំរុញឲ្យសហភាពអឺរ៉ុបនិងអង្គការអូតង់ហាមឃាត់រួមគ្នាក្នុងការប្រើផលិតផលក្រុមហ៊ុន Huawei ។
ការចាប់ខ្លួនបុគ្គលិករបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសប៉ូឡូញ កើតមានឡើងបន្ទាប់ពីការឃុំឃាំងលោកស្រី Meng Wanzhou ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅក្នុងប្រទេសកាណាដា។
ក្រុមហ៊ុនចិន ជារឿយៗបានដាក់ប្រាក់ចូលក្នុងការវិនិយោគទុននៅក្នុងសហរដ្ឋអាមេ រិកដើម្បីទទួលបានបច្ចេកវិទ្យាថ្មីហើយនឹងសិក្សាពីវិធីថ្មីៗនៃការធ្វើពាណិជ្ជកម្ម។ក៏ប៉ុន្តែ ឥឡូវនេះ ការបង្កើនការពិនិត្យពិច្ច័យការវិនិយោគទុនដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងទំនាក់ទំនងខាងពាណិជ្ជកម្មកាន់តែយ៉ាប់យ៉ឺនឡើងៗរវាងសហ រដ្ឋអាមេរិកនិងចិន បាននាំឲ្យការវិនិយោគទុនក្នុងសហរដ្ឋអាមេរិកធ្លាក់ចុះយ៉ាងខ្លាំង៕
ប្រែសម្រួលដោយជឹង ប៉ូជីន