លោក Macron ចាប់​ផ្តើម​ដំណើរ​ទស្សកិច្ច​ផ្លូវរដ្ឋ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោកស្រី​ទី១ Melania Trump ឈរ​ថត​រូប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​ភរិយា​របស់​លោក​គឺ​លោកស្រី Brigitte Macron នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី Donald Trump កាល​ពី​ថ្ងៃចន្ទ​បាន​ទទួល​ស្វាគមន៍​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron នៅ​សេតវិមាន​សម្រាប់​ដំណើរទស្សនៈកិច្ច​រយៈពេល​បីថ្ងៃ​ចាប់​ពី​ថ្ងៃ​ចន្ទ​មក។ ប្រធានាធិបតី​ប្រទេស​ទាំងពីរ​គ្រោង​ជួប​ប្រជុំ​ជាមួយ​គ្នា​ជា​ផ្លូវការ​ និង​ចូលរួម​ក្នុង​ពិធី​សង្គម​ផងដែរ។

ភ្លាមៗ​បន្ទាប់​ពី​ការ​មក​ដល់​របស់​លោក​ មេ​ដឹក​នាំ​បារាំង​និង​ភរិយា​របស់​លោក​គឺ លោកស្រី Brigitte Macron និង​លោក Trump និង​លោកស្រី Melania Trump បាន​ដាំ​ដើម​ឈើ Sessile Oak អឺរ៉ុប​ដែល​ជា​អំណោយរ​បស់​លោក Macron នៅ បរិវេណ​ខាងត្បូង​នៃ​សេតវិមាន។

ដើមឈើ​នេះ​មាន​កម្ពស់​១ម៉ែត្រ​កន្លះ​ និង​មាន​អាយុ​ចន្លោះ​ពី៥ទៅ១០ឆ្នាំ។ ដើមឈើ​នេះ​ត្រូវ​គេ​យក​ពី​ព្រៃ Belleau Wood ដែល​កន្លែង​ដែល​ទាហាន​ម៉ារីន​អាមេរិក​ជាង​៩០០០នាក់​បាន​ស្លាប់​ក្នុង​សមរភូមិ​សង្គ្រាម​លោក​លើក​ទីមួយ​កាល​ពី​ឆ្នាំ១៩១៨ នៅក្នុង​ទឹកដី​បារំាង​ក្នុង​នាម​ជា​កងកម្លាំង​សម្ព័ន្ធមិត្ត​ប្រយុទ្ធ​ជាមួយ​កងទ័ព​អាល្លឺម៉ង់។
បន្ទាប់​មក​ទៀត​មេដឹកនាំ​ទាំងពីរ​និង​ភិរយា​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ទស្សនា​វិមាន

ប្រវត្តិសាស្រ្ត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ មុន​នឹង​ឆ្ពោះ​ទៅ​ផ្ទះ​បែប​សម័យ​អង់គ្លេស​របស់​អតីតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទីមួយ​លោក George Washington នៅ Mt. Vernon ដើម្បី​ទស្សនា​ទន្លេ Potomac នៅ​ជាប់​រដ្ឋ Virginia មុន​នឹង​ទទួល​ទាន​អាហារ​ពេល​ល្ងាច។ នៅ​ថ្ងៃ​អង្គារ​នេះ​ លោក Trump និង​ភរិយា​របស់​លោក​នឹង​រៀបចំ​ពិធី​ដែល​មាន​ក្បួន​យោធា​ជា​ផ្លូវការ​នៅក្នុង​សេតវិមាន​ ដើម្បី​ស្វាគមនិ៍​លោក Macrons ដែល​មាន​កងទ័ព​សហរដ្ឋ​អាមេរិក​ជិត៥០០នាក់​មក​ពី​ផ្នែកទាំង៥​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​សហរដ្ឋ​អាមេរិក៕