លោក Macron និង​លោក ​Putin ​ពិភាក្សា​អំពី​ការ​ឃោសនា​និង​ប្រទេស​ស៊ីរី​នៅ​ក្នុង​ជំនួប​​ផ្ទាល់​ជា​លើក​ដំបូង

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin (ឆ្វេង) កំពុង​ធ្វើ​ដំណើរ​ជាមួយ​ប្រធានាធិបតី​បារាំង Emmanuel Macron ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រាជវាំង Versailles នៅ​ជិត​ទីក្រុង​ប៉ារីស។

ប្រធានាធិបតី​បារាំង​ថ្មី ​លោក ​Emmanuel Macron បាន​ចាត់​ទុក​បណ្តាញ​សារព័ត៌មាន​ RT ​និង​បណ្តាញ​សារព័ត៌មាន​ Sputnik ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ក្រឹមឡាំង ថា​ជា​សារព័ត៌មាន​បែប​ «‍ឃោសនា» ក្រោយ​ពេល​ដែល​លោក​បាន​ជួប​ពិភាក្សា​ផ្ទាល់​ជា​លើក​ដំបូង​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី ​Vladimir Putin។

លោក ​Macron បាន​ហៅ​បណ្តាញ​សារព័ត៌មាន​ទាំង​នេះ​ថា​ជា​ «‍ផ្នែក​នៃ​ឥទ្ធិពល​និង​ការ​ឃោសនា» ប្រឆាំង​នឹង​រូប​លោក​នៅ​ក្នុង​អំឡុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ប្រទេស​បារាំង ដែល​នៅ​ពេល​នោះ​លោក​ Putin ត្រូវ​បាន​គេ​ឃើញ​ថា គាំទ្រ​លោកស្រី Marine Le Pen ដែល​ជា​បេក្ខជន​ម្នាក់​មក​ពី​គណបក្ស​អភិរក្ស​និយម។ ការ​ចូល​លួច​យក​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ត្រូវបាន​ចោទ​ប្រកាន់​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ​Macron ត្រូវបាន​គេ​រក​ឃើញ​ថា មាន​ពាក់ព័ន្ធ​នឹង​ប្រទេស​រុស្ស៊ី។

លោក​ Putin បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ នៅក្នុងង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃច័ន្ទ ​នៅ​វិមាន​ Versailles ​នៃ​ប្រទេស​បារាំង ​ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​ក្រុង ក្រឹមឡាំង មិន​បាន​ព្យាយាម​ជះ​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​នៅ​ប្រទេស​បារាំង​ទេ ក៏​ប៉ុន្តែ លោក ​Putin ​មិន​បាន​ធ្វើការ​លើក​ឡើង​ផ្សេង​ទៀត ដើម្បី​ការពារ​ជំនួប​រវាង​រូប​លោក និង​អ្នក​ស្រី Le Pen កាលពី​ខែ​មីនា​កន្លង​ទៅ​នេះ​ឡើយ។

លោក ​Macron បាន​និយាយ​ថា លោក​ក៏​បាន​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​របស់​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ LGBT ​នៅ​ក្នុង​តំបន់ ​Chechnya​ ផង​ដែរ៕