ក្រុមអ្នកវិទ្យាសាស្ត្របានដឹងថា មានផ្កាយធំមហិមាពីរដែលបានផ្ទុះក្នុងរយៈចម្ងាយប្រហែល៣០០ឆ្នាំពន្លឺពីភពផែនដី កាលពីជិត១០លានឆ្នាំមុន។ ការផ្ទុះទាំងពីរលើកនោះ លើកទីមួយកើតឡើងចន្លោះពី៨,៧ទៅ៦,៥លានឆ្នាំមុន ហើយលើកទីពីរប្រហែលកាលពី៣លានឆ្នាំមុន។ ការផ្ទុះទាំងនេះកើតមានឡើងក្នុងយុគសម័យដែលមានសត្វល្មូនយក្ស មានដូចជាដំរីយក្ស ប្រភេទសត្វជើងបួនឈ្មោះ Ground sloths ខ្លាឃ្មុំ និងបុព្វបុរសរបស់មនុស្ស។ ក្នុងអំឡុងពេលនោះ ភពផែនដីកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរផ្នែកភូមិសាស្ត្រនិងបរិស្ថានសំខាន់ៗ។ នៅពេលនោះ ក៏មានការផុតពូជជីវៈតូចខ្លះៗដែរ។
ក្រុមអ្នកវិទ្យាសាស្ត្រមានចម្ងល់អស់រយៈពេលជាយូរមកហើយ ថាតើការផ្ទុះទាំងពីរលើកនេះមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលនៃផែនដីដែរឬទេ។ រូបវិទូ លោក Brian Thomas នៃសាកលវិទ្យាល័យ Washburn ក្នុងរដ្ឋ Kansas បានធ្វើសំណាកបង្ហាញពីឥទ្ធិពលនៃការផ្ទុះភពផ្កាយ ឬឈ្មោះបច្ចេកទេសថា supernova ដើម្បីសិក្សាស្វែងយល់ពីការប្រែប្រួលនេះ។
ការបំបែកខ្លួនកាំរស្មីលោហធាតុ
ការផ្ទុះភពផ្កាយនេះគឺជាការផ្ទុះបំផ្លាញតារាដ៏ធំមួយ។ ផ្កាយដែលប្រៀបបាននឹងគ្រាប់បែកនៅក្នុងតារាវិថីមិនត្រឹមតែបញ្ចេញពន្លឺដ៏ខ្លាំងទៅគ្រប់ទិសទីប៉ុណ្ណោះទេ ពួកវាក៏បញ្ចេញថាមពលពន្លឺខ្ពស់ដូចជាកាំរស្មីវិទ្យុសកម្ម និងភាគល្អិតៗដ៏ច្រើនដែលគេស្គាល់ថា គន្លងកាំរស្មីចក្រវាឡមកលើភពផែនដី។ ភាគល្អិតៗនៃកម្ទេចលោហធាតុផ្ទុះក្នុងចក្រវាឡទាំងនេះ អាចបង្កការខូចខាតដល់បរិយាកាសភពផ្សេងទៀត និងជីវៈសត្វ រុក្ខជាតិនានាដែលស្ថិតនៅជិតបំផុតទៅនឹងកន្លែងផ្ទុះនោះ។
ដោយសារតែគ្មានអ្វីមានល្បឿនលឿនជាងល្បឿនពន្លឺនោះ លោក Thomas និងសហការីរបស់លោកបានពិនិត្យជាដំបូងទៅលើអ្វីដែលអាចកើតមាននៅពេលពន្លឺចេញពីការផ្ទុះនោះបានមកដល់ភពផែនដី។ ជាសំណាងល្អដែរសម្រាប់ជីវៈសត្វរុក្ខជាតិផ្សេងៗ នៅក្នុងសម័យកាលនោះ កាំរស្មីវិទ្យុសកម្មប្រកបដោយគ្រោះថ្នាក់នោះបានចុះខ្សោយ។ ប៉ុន្តែប្រសិនបើពន្លឺចេញពីការផ្ទុះនោះមានវត្តមានវិញ ពន្លឺនោះនឹងភ្លឺដូចគ្នានឹងពន្លឺព្រះចន្ទពេញបូណ៌មី និងបន្តភ្លឺរហូតដល់រយៈពេល២ទៅ៣សប្តាហ៍។ លោក Thomas បានពន្យល់ប្រាប់ VOA ថា៖ «ផ្អែកតាមការស្រាវជ្រាវការបំពុលដោយពន្លឺ យើងរកឃើញថា អនុភាពពន្លឺនៃការផ្ទុះភពផ្កាយអាចនឹងមានឥទ្ធិពលសមល្មមធ្វើឲ្យមានផលប៉ះពាល់តិចតួច ប៉ុន្តែវាមិនធ្ងន់ធ្ងរដល់មនុស្សជាតិយើងទេ»។ លោកបន្ថែមថា បើសិនជាមានការបំពុលដោយពន្លឺបន្ថែមទៀត វានឹងអាចរំខានដល់ដំណេក ឬការរកចំណីរបស់បក្សីរាត្រីចរ សម្រាប់រយៈពេលខ្លីណាមួយ។
នៅមិនឆ្ងាយប៉ុន្មានពីពន្លឺនោះមានគន្លងកាំរស្មីវិទ្យុសកម្ម។ ដោយសារតែបំណែកតូចៗទាំងនេះស្ថិតក្នុងកម្រិតមួយច្រើនមហិមា ពួកវាអាចជ្រៀតចូលទៅក្នុងដីនិងទឹកបានយ៉ាងងាយស្រួល។ ពួកវាបង្កើតបានជាភាគល្អិតៗដែលមានជាតិវិទ្យុសកម្ម នៅពេលពួកវាចូលមកក្នុងបរិយាកាស។ កម្រិតបរិមាណនៃជាតិវិទ្យុសកម្មចេញពីការធ្លាក់ជាតិវិទ្យុសកម្មក្នុងចក្រវាឡនេះអាចស្មើនឹងកម្រិតបរិមាណនៃវិទ្យុសកម្មបញ្ចេញពីម៉ាស៊ីនស្កែនមួយដង។ ហេតុដូច្នេះហើយ លោក Thomas និយាយថា បើសិនមានផលប៉ះពាល់ផ្នែកជីវសាស្ត្រណាមួយ វាមានកម្រិតតិចតួចប៉ុណ្ណោះ។
កាលពីអតីតកាល ផលប៉ះពាល់ចម្បងៗ ធ្លាប់កើតមានរូចហើយនៅក្នុងបរិយាកាស។ គន្លងកាំរស្មីវិទ្យុសកម្មបានធ្វើឲ្យមានការចម្លងស្រូបថាមពលអគ្គិសនីកាន់តែច្រើននៅតំបន់ដែលបរិយាកាសមានសម្ពាធទាប។ វាស្រដៀងនឹងអ្វីដែលកើតឡើងនៅពេលអ្នកដាក់ជើងរបស់អ្នកនៅលើកម្រាលព្រំ ហើយនៅពេលនោះអ្នកនឹងដឹងថា មានការចម្លងស្រូបអគ្គិសនីកាន់តែខ្លាំង។ ថាមពលអគ្គិសនីដែលបានចម្លងស្រូបបន្ថែមនេះ ត្រូវតែបញ្ចេញទៅវិញនៅកន្លែងផ្សេងទៀត ដូច្នេះនៅពេលអ្នកចាប់ដៃទ្វារលោហៈ វាបង្កើតបានជាផ្កាភ្លើង។ កន្លែងដែលបរិយាកាសចរន្តអគ្គិសនីនេះអាចថមថយ គឺមានតែនៅលើដីផ្ទាល់ប៉ុណ្ណោះ។
ដូច្នេះ ពន្លឺផ្លេកបន្ទោរ ឬពន្លឺរន្ទះបាញ់ អាចនឹងកើនឡើងខ្លាំងក្នុងរយៈពេល២ម៉ឺនឆ្នាំខាងមុខ។ លោក Thomas មិនប្រាកដទេថា ការកើនពន្លឺផ្លេកបន្ទោរនេះនឹងមានផលប៉ះពាល់អ្វីខ្លះទៅលើបរិស្ថាន ឬលើអាកាសធាតុ។ នេះគឺជាចំណុចដែលត្រូវស្រាវជ្រាវបន្ថែមទៀតក្នុងពេលពេលអនាគត។
ផលប៉ះពាល់លើបរិស្ថាន
ខណៈពេលដែលក្រុមការងារលោក Thomas មានគម្រោងសិក្សាផលប៉ះពាល់លើបរិស្ថាន VOA បានសាកសួរអ្នកស្រាវជ្រាវខាងជីវៈបុរាណអំពីរឿងនេះ។
លោក Edward Davis គឺជាអ្នកអភិរក្សផូស៊ីលនៅសាកលវិទ្យាល័យ Oregon។ លោកនិយាយថា របាយការណ៍ស្រាវជ្រាវនានាដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីតារាសាស្ត្រ បានបង្ហាញគំនិតគួរឲ្យចាប់អារម្មណ៍។ លោកបានបកស្រាយថា៖ «ពួកគេកំពុងព្យាយាមប្រមូលផ្តុំរបាយការណ៍ស្រាវជ្រាវរបស់ពួកគេ ហើយចាត់ទុកការរកឃើញទាំងអស់នោះថាជាមូលហេតុចម្បងនៃការប្រែប្រួលបរិស្ថាន។ ទាំងអស់នេះហើយ ដែលធ្វើឲ្យខ្ញុំឆ្ងល់ ថាតើហេតុអីចាំបាច់បង្កើតឲ្យមានភាពមិនច្បាស់លាស់ និងត្រូវរកហេតុផលបកស្រាយផ្សេងទៀតធ្វើអ្វី»។
កាលពីអតីតកាល អំឡុងពេលដែលជាតិវិទ្យុសកម្ម និងពន្លឺកើតចេញពីការផ្ទុះភពផ្កាយបានឈានមកដល់ភពផែនដី ពេលនោះគឺមានការប្រែប្រួលបរិស្ថានសាកលទាំងមូល។ ពេលនោះ ភពផែនដីបានប្រែក្លាយពីភពមួយដែលគ្របដណ្ដប់ភាគច្រើនដោយទឹកកក ទៅភពមួយក្នុងយុគសម័យទឹកកក ដែលពេលនោះហើយផ្ទាំងទឹកកកបានរសាត់ចុះឡើង ពង្រីកទំហំហើយគ្របដណ្តប់ភពផែនដីបន្តិចម្តងៗ។ ផ្ទៃដីគោកនៃភពផែនដីក៏ត្រូវតែសម្របខ្លួនវាផងដែរ។ អ្នកស្រាវជ្រាវផ្នែកជីវៈបុរាណយល់ឃើញថា សត្វផុតពូជតូចៗដែលរស់នៅក្នុងទឹកកាលពីយុគសម័យនោះ ប្រហែលជាផុតពូជដោយសារតែចរន្តប្រែប្រួលបែបនេះ។
លោក Richard Bambach អ្នកស្រាវជ្រាវផ្នែកជីវៈបុរាណនៃវិទ្យាស្ថាន Smithsonian បានធ្វើការជាមួយរូបវិទូនានា ដើម្បីបង្កើតសំណាកនៃការប្រែប្រួលភពផែនដីកើតចេញពីបាតុភូតតារារូបសាស្ត្រមួយ។ ក្តីមន្ទិលសង្ស័យធំរបស់លោកគឺថា រយៈពេលនៃផលប៉ះពាល់ពីការផ្ទុះភពផ្កាយនេះ គឺវាខ្លីពេកដែលយើងមិនអាចឃើញមានតាមរយៈផូស៊ីលដែលបានកត់ត្រា។ ដូច្នេះ ក្រុមអ្នកស្រាវជ្រាវជីវៈបុរាណ មិនមានវិធីដើម្បីបញ្ជាក់ពីប្រសិទ្ធភាពលទ្ធផលដែលលោក Thomas បានលើកឡើងទេ។
លោក Davis និងលោក Bambach និយាយថា ផលប៉ះពាល់បន្ថែមដោយ «ការបំពុលដោយពន្លឺ» មិនមានអ្វីប៉ះពាល់ខ្លាំងលើសពីការរំខានតិចតួចដល់សត្វពាហនៈនោះទេ។ ហើយការកើនឡើងនៃពន្លឺផ្លេកបន្ទោរ ក៏ដូចជាកម្រិតនៃជាតិវិទ្យុសកម្ម នឹងមានផលប៉ះពាល់អាក្រក់តិចតួចទៅលើសត្វមានជីវិត ឬលើបរិស្ថានប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងការប្រែប្រួលភូមិសាស្ត្រដែលបានកើតឡើងរូចហើយ។
ក្រុមអ្នកស្រាវជ្រាវជីវៈបុរាណដែលបានស្រាវជ្រាវលើជីវៈក្នុងអំឡុងពេលនោះដែរ មិនត្រូវការភពផ្កាយដើម្បីពន្យល់ពីការផុតពូជជីវៈ សត្វ រុក្ខជាតិនានា ឬការប្រែប្រួលអាកាសធាតុទេ។ ការស្រាវជ្រាវរបស់ពួកគេបានបញ្ជាក់ច្បាស់លាស់ហើយ។
យើងបន្តពិភាក្សាអំពីការផុតពូជ
ទោះបីជាយ៉ាងណាក៏ដោយ លោក Davis និយាយថា ការងារនេះមានសារៈសំខាន់ដោយសារហេតុផលមួយចំនួន។ ការណ៍នេះហើយ បានធ្វើឲ្យមនុស្សបន្តពិភាក្សាពីមូលហេតុដែលបណ្តាលឲ្យប្រភេទជីវៈសត្វរុក្ខជាតិនានាផុតពូជ ហើយករណីនេះ មានសារៈសំខាន់ណាស់ក្នុងពេលបច្ចុប្បន្ននេះ។
ទោះបីជាមាន ឬគ្មានការផ្ទុះភពផ្កាយក៏ដោយ លោក Davis បានកត់សម្គាល់ឃើញថា ការផុតពូជជីវៈសត្វរុក្ខជាតិនៅក្នុងយុគសម័យកាលនោះ មានតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងការផុតពូជជីវៈសត្វរុក្ខជាតិនាពេលបច្ចុប្បន្នដែលអ្នកវិទ្យាសាស្រ្តបានកត់ត្រា។ ដូច្នេះ ការផ្តោតការយកចិត្តទុកដាក់ទៅលើសម័យបច្ចុប្បន្ន និងការប្រែប្រួលអាកាសធាតុដែលបានកើតឡើង នឹងធ្វើឲ្យមនុស្សយើងគិតអំពីទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងការផុតពូជជីវៈសត្វរុក្ខជាតិនានា។
លោក Davis បាននិយាយបែបសុទិដ្ឋិនិយមថា៖ «បើសិនយើងអាចធ្វើឲ្យមនុស្សគិតគូរអំពីការផុតពូជជីវៈសត្វរុក្ខជាតិបាន នោះគឺជាការល្អ»៕
ប្រែសម្រួលដោយ នៀម ឆេង