នៅក្នុងសហរដ្ឋអាមេរិក ខ្មាន់កាំភ្លើងពីរនាក់បានបាញ់សម្លាប់មនុស្សអស់ចំនួន២៩នាក់និងធ្វើឲ្យរបួសរាប់សិបនាក់ផ្សេងទៀតនៅក្នុងហេតុការណ៍បាញ់ប្រហារចំនួនពីរដាច់ដោយឡែកពីគ្នាកាលពីសៅរ៍និងថ្ងៃអាទិត្យ។ អាជ្ញាធរកំពុងតែស្វែងរកមូលហេតុនៃការបាញ់សម្លាប់រង្គាលនេះ។
ហេតុការណ៍បាញ់សម្លាប់នៅក្រុង Dayton រដ្ឋ Ohio មានមនុស្សស្លាប់ចំនួន៩នាក់កាលពីថ្ងៃអាទិត្យ ហើយហេតុការណ៍បាញ់សម្លាប់នៅក្រុង El Paso រដ្ឋ Texas មានមនុស្សស្លាប់ចំនួន២០នាក់កាលពីថ្ងៃសៅរ៍។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបានបញ្ជាឲ្យអគាររដ្ឋាភិបាលទាំងអស់បង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដងរយៈពេល៥ថ្ងៃ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះនៅក្នុងអំពើហិង្សាដ៏ព្រៃផ្សៃ ដែលបានកើតឡើងក្នុងក្រុង El Paso រដ្ឋ Texas និងក្រុង Dayton រដ្ឋ Ohio។
ក្រុមមន្ត្រីនិយាយថា ពួកគេនឹងព្យាយាមកាត់ទោសប្រហារជីវិតជនដៃដល់ដែលបានធ្វើការបាញ់ប្រហារនៅរដ្ឋ Texas។ ក្រុមមន្ត្រីទាំងនោះចាត់ទុកការបាញ់សម្លាប់រង្គាលនេះថាជាអំពើភេរវកម្មក្នុងស្រុក។
លោក ត្រាំ បានថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃអាទិត្យថា «សហរដ្ឋអាមេរិកមិនអាចឲ្យមានការស្អប់ខ្ពើមបានទេ។ មានការងារជាច្រើនដែលយើងកំពុងតែធ្វើដើម្បីបញ្ឈប់ការវាយប្រហារនៅពេលអនាគត»។
លោកប្រធានាធិបតីបានហៅការសម្លាប់នេះថាកើតឡើងដោយសារបញ្ហាសុខភាពផ្លូវចិត្ត ហើយលោកគ្រោងនឹងធ្វើសេចក្តីថ្លែងការណ៍កាន់តែស៊ីជម្រៅថែមទៀតអំពីការសម្លាប់នេះនៅព្រឹកថ្ងៃចន្ទ៕