ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ឈរ​តម្រង់​ជួរ​ដើម្បី​បោះឆ្នោត​ប៉ុន្តែ​អាមេរិក​ថា​គ្មាន​ការ​ជ្រៀតជ្រែក​ពី​បរទេស​ទេ

ពលរដ្ឋ​ឈរ​តម្រង់ជួរ​ចាំ​បោះឆ្នោត​ពាក់​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ Arlington រដ្ឋ​​ Virginia។

មន្ត្រី​សន្តិសុខ​ដែល​យាមកាម​ក្នុង​អំឡុងពេល​បោះឆ្នោត​ធូរ​អារម្មណ៍ បន្ទាប់​ពី​ពួកគេ​បាន​ត្រៀម​ខ្លួន​យ៉ាង​មុតមាំ​ ក្នុង​ករណី​ដែល​មាន​ស្ថានការណ៍​អាក្រក់​បំផុត​កើតឡើង។

វា​គឺ​ជា​ថ្ងៃ​ដែល​អ្នក​បោះឆ្នោត​អាមេរិកាំង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ទន្ទឹង​រង់ចាំ​ ខណៈ​ដែល​ពួកគេ​នាំ​គ្នា​ទៅ​មណ្ឌល​បោះឆ្នោត​ដើម្បី​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី។ ​

អ្នក​បោះឆ្នោត​នាំ​គ្នា​តម្រង់​ជួរ​យ៉ាង​វែង​នៅ​ក្នុង​រដ្ឋ​នានា ដូចជា​នៅ​ក្នុង​រដ្ឋ ញូវយ៉ក និង​រដ្ឋ Georgia ជាដើម ដែល​នេះ​គឺ​ជា​ការ​សាកល្បង​ទៅ​លើ​ភាព​អត់ធ្មត់​របស់​ពួកគេ។

ក្រុម​មន្ត្រី​និយាយ​ថា អ្នកបោះឆ្នោត​ត្រូវ​ឈរ​តម្រង់​ជួរ​យូរ ប៉ុន្តែ​នេះ​ហាក់​ដូចជា​មិនមែន​ដោយសារ​តែ​លទ្ធផល​នៃ​ការ​ជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​ពី​បរទេស​នោះ​ទេ។ អ្នកស្រី Kirstjen Nielsen រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បាន​ថ្លែង​ថា៖ ​

«ខ្ញុំ​អាច​និយាយ​ដោយ​ជឿជាក់​បាន​ថា ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៨​នេះ គឺ​ជា​ការ​បោះឆ្នោត​ដ៏​មាន​សុវត្ថិភាព​បំផុត​នៅ​ក្នុង​យុគសម័យ​ទំនើប​នេះ»។ ​

ជាច្រើន​ខែ បន្ទាប់​ពី​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​កំពូល​របស់​អាមេរិក​រូប​នេះ​បាន​និយាយ​ព្រមាន​អំពី​លទ្ធភាព​ខ្ពស់​នៃ​ជ្រៀតជ្រែក​របស់​បរទេស​ចូល​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក ឧបករណ៍​ត្រួតពិនិត្យ​ជាច្រើន​មិន​បាន​រកឃើញ​សញ្ញា​អ្វី​ ថា​មាន​ការ​សហការ​គ្នា​ដើម្បី​វាយប្រហារទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បោះឆ្នោត​នៅ​ក្នុង​សហរដ្ឋអាមេរិក​ទេ មិន​ថា​ពី​សំណាក់​រុស្ស៊ី ឬ​ពី​ប្រទេស​ណា​ផ្សេង​នោះ​ទេ។

អ្នកស្រី Nielsen រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បាន​ថ្លែង​បន្ត​ទៀត​ថា៖

«ខណៈ​ពេល​នេះ យើង​មិន​ឃើញ​មាន​ការ​ចង្អុល​បង្ហាញ​អំពីហេដ្ឋារចនាសម្ព័ន្ធ​បោះឆ្នោត​របស់​យើង ដែល​ថា​ មាន​ការ​រារាំង​ដល់​ការ​បោះឆ្នោត ការ​ផ្លាស់ប្ដូរ​ចំនួន​សន្លឹក​ឆ្នោត ឬ​ការ​មិន​ទុក​ចិត្ត​លើ​សមត្ថភាព​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នោះ​ទេ»។ ​

ការ​អះអាង​នេះ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ស្ងប់​ចិត្ត​ទេ ហើយ​ពួកគេ​ត្រូវ​ឈរ​តម្រង់​ជួរ​អស់​រយៈពេល​រាប់​ម៉ោង។ អ្នកស្រី Karen Lewis ដែល​ជា​អ្នក​បោះឆ្នោត​ម្នាក់​បាន​និយាយ​ថា៖

«ខ្ញុំ​មិន​គិត​ថា វា​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ។ ខ្ញុំ​គិត​ថា មាន​គេ​មាន​បំណង​ធ្វើឲ្យ​វា​ទៅ​ជា​ដូច្នេះ ហើយ​ពេល​ខ្លះ មាន​គេ​ចង់​រារាំង​ដល់​ការ​បោះឆ្នោត»។

លោក Jason Carter អតីត​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ Georgia និយាយ​ថា៖ ​

«យើង​ដឹង​ថា មាន​អ្នក​បោះឆ្នោត​ខ្លះ​សុខចិត្ត​ដើរ​ចេញ​មិន​ទ្រាំ​ឈរ​តម្រង់​ជួរ​ទេ។ របាយការណ៍​នានា​បង្ហាញ​ថា មាន​អ្នក​បោះឆ្នោត​ប្រហែល​១០០​នាក់​ដើរ​ចេញ»។ ​

មន្ត្រី​សហព័ន្ធ​បាន​បន្ទោស​ថា បញ្ហា​ទាំង​អស់​នេះ​គឺ​បណ្តាល​មក​អ្វី​ដែល​គេ​ចាត់ទុក​ថា ជា​កំហុស​បច្ចេកទេស ហើយ​ថា ពួកគេ​ជឿ​ថា មន្ត្រី​ថ្នាក់​រដ្ឋ​នឹង​រៀន​ពី​កំហុស​របស់​ខ្លួន។ ​

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ មន្ត្រី​អនុវត្ត​ច្បាប់​និង​បណ្តា​ក្រុមហ៊ុន​បណ្តាញ​សង្គម​កំពុង​តែ​ពិនិត្យ​មើល​លម្អិត​ទៅ​លើ​បញ្ហា​នានា​ដែល​អាច​កើតឡើង​នៅ​ក្នុង​ប្រទេស។ ​
លោក Chris Krebs អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​មាន​ប្រសាសន៍​ថា៖

«យើង​បាន​ឃើញ​ករណី​មួយ​ចំនួន ដែល​មាន​ដូចជា​ការ​រាយការណ៍​មិន​ពិត​ទៅ​លើ​ពេលវេលា​បោះឆ្នោត​ជាដើម»។

បើ​ទោះ​ជា​មណ្ឌល​បោះឆ្នោត​បាន​បិទ​ទៅ​ហើយ​ ហើយ​ការ​បោះឆ្នោត​ក៏​ប្រព្រឹត្ត​ទៅ​បាន​ចប់​សព្វគ្រប់​ក៏​ដោយ ​ក៏​ការងារ​នេះ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។

ក្រុមមន្ត្រី​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​បារម្ភ​អំពី​ឥទ្ធិពល​ពី​ប្រតិបត្តិការ​នានា​នៅ​ក្រោយ​ការ​បោះឆ្នោត​ដែល​អាច​កើតឡើង ដូចជា​ការ​ព្យាយាម​បញ្ចុះបញ្ចូល​ពលរដ្ឋ​អាមេរិកាំង​ឲ្យ​ជឿ​ថា សន្លឹក​ឆ្នោត​របស់​ពួកគេ​មិន​ត្រូវ​បាន​គេ​រាប់​ជា​បាន​ការ​ជាដើម៕ ​


ប្រែសម្រួល​ដោយ​អ្នកនាង ហុង ចិន្តា