អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​​ប្រមូល​ស្នាម​មេ​ដៃ​ឱ្យ​ទទួល​ស្គាល់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ឈ្នះ​ឆ្នោត

លោក​សម រង្ស៊ី​សន្យា​នឹង​អ្នក​បឹងកក់ថា នឹង​ទាម​ទារ​ឲ្យ​ជនរងគ្រោះ​នៃ​ការបណ្តេញ​ចេញ​​បានទទួល​សំណង​សមរម្យ។​

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បរិហារ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រមូល​ស្នាម​មេ​ដៃ​ពី​ប្រជា​ពលរដ្ឋ​ដើម្បី​ឱ្យ​ពួកគេ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ឈ្នះ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ចាត់​ទុក​ថា​ សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ​គឺ​ជា​ការ​បង្ខិត​បង្ខំ ​និង​ជា​អំពើ​ដែល​ផ្ទុយ​ហ្នឹង​សេរីភាព​បញ្ចេញ​មតិ ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ និង​លទ្ធិ​ប្រជាធិបតេយ្យ ​ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់​តែ​មាន​ការ​ភ័យ​ខ្លាច​ ប្រសិន​បើ​ខ្លួន​មិន​ព្រម​ផ្តិត​មេ​ដៃ។​

លោក​អ៊ូ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ថ្លែង​ថា ​ទង្វើ​នេះ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​របស់​គណបក្សកាន់​អំណាចទេ ​ប៉ុន្តែ​មាន​តែ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​មន្ទិល​សង្ស័យ​លើ​លទ្ធផល​បោះឆ្នោត។​

លោក​និយាយថា៖​ «ការ​ផ្តិត​មេដៃ​គាំទ្រ​ជា​រឿង​ធម្មតា​ ជា​សិទ្ធិ​របស់​គាត់​ទេ​ ប៉ុន្តែ​មិន​ត្រូវ​អាជ្ញាធរ​ជា​អ្នក​ធ្វើ​ទេ។​ បើ​អាជ្ញាធរ​ជា​អ្នក​ធ្វើ​ វា​នឹង​ក្លាយ​ជា​ការ​គំរាម​កំហែង​វិញ។ រឿង​នេះកាន់​តែ​បង្ហាញ​រូប​ភាព​មួយ​មិន​ល្អ​សម្រាប់​គណបក្ស​កាន់​អំណាច ​និង​គ.ជ.ប.​ថែម​ទៀត ​ រឹត​តែ​អត់​សមស្រប​ទៀត ព្រោះ​ថា​ ពេល​នេះ​កំពុង​តែ​មាន​ការ​តវ៉ា​លទ្ធផល​ដែល​ចេញ​ដោយ​គ.ជ.ប.»។​

សេចក្តី​ថ្លែង​ការណ៍​បាន​លាត​ត្រដាង​ពី​ករណី​អ្នក​ភូមិ​នៅ​សង្កាត់​ទឹក​ល្អក់១ ​ ដែល​ថា​ អាជ្ញាធរ​បាន​ដាក់​សម្ពាធ​ឱ្យ​ពួក​គេ​ផ្តិត​មេ​ដៃ​លើ​ញ្ញតិ្ត​មួយ​ដែល​ថា​ពួក​គេ​គាំទ្រ​លទ្ធផល​បោះឆ្នោត​ដែល​ចេញ​ដោយ​គ.ជ.ប. ​ហើយ​ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌​ ហើយ​ពួកគេ​ជំទាស់​ហ្នឹង​ការ​អំពាវនាវ​របស់​គណបក្ស​នយោបាយ​ណា​មួយ​ប្រឆាំង​ហ្នឹង​លទ្ធផល​បោះ​ឆ្នោត។​

ក្រៅ​ពី​សង្កាត់​ទឹក​ល្អក់​១​ គេ​ក៏​ឃើញ​មាន​សកម្មភាព​បែប​នេះ​នៅ​តាម​ភូមិ​និង​តាម​ផ្សារ​ជា​ច្រើន​ផ្សេង​ទៀត​នៅ​រាជធានី​ភ្នំពេញ ​និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត​ ដូចជា​ខេត្ត​បាត់​ដំបង​ និង​កំពង់​ស្ពឺ​ជា​ដើម។​

អ្នកស្រី​បូវ សោភា ​ពលរដ្ឋ​អាយុ​៣៦ឆ្នាំ​ម្នាក់​នៅ​សហគមន៍​បឹងកក់ ​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ប្រធាន​ភូមិ​បាន​ចុះ​ទៅ​សុំការ​ផ្តិត​មេ​ដៃ​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​ដល់​ផ្ទះ​របស់​អ្នក​ស្រី។ ​ក្នុង​នោះ​ឪពុក​ និង​បង​ប្រុស​របស់អ្នក​ស្រីបាន​ធ្វើ​តាម​ការ​ស្នើ​នេះ ​ដោយ​សារ​បារម្ភ​ពី​សុវត្ថិភាព​គ្រួសារ។​

អ្នក​ស្រី​និយាយថា៖​ «ម្សិលមិញ​ ប្រធានភូមិ​២១​បាន​ទៅ​មុខ​ផ្ទះ​ខ្ញុំ។​ ពេល​ហ្នឹង​គាត់​អត់​ហ៊ាន​ចូល​ផ្ទះ​ខ្ញុំ​ទេ។​ គាត់​គ្រាន់​តែ​អើត​ឡើម​នៅ​ក្រៅ​ផ្ទះ។​ គាត់​ហៅ​ប៉ា​ខ្ញុំ​ និងបង​ប្រុស​ខ្ញុំ​ឱ្យ​ផ្តិត​មេ​ដៃ​គាំទ្រ​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត។ ​និយាយ​រួម​ទៅ ​អ្នក​ផ្ទះ​ខ្ញុំ​គាត់​ខ្លាច។​ គាត់បារម្ភ​ពី​សុវត្ថិភាព​នៅ​ក្នុង​ផ្ទះ។​ ដូច្នេះ​គាត់​សុខ​ចិត្ត​ធ្វើ​តាម​គេ ​ព្រោះ​ផ្ទះ​ខ្ញុំ​បើក​ផ្ទះ​សំណាក់។​ ដូច្នេះ​គាត់​អត់​ហ៊ាន​ឱ្យ​ខ្ញុំ​និយាយ​អ្វី​ទេ​ ព្រោះ​ខ្លាច​ប៉ះពាល់​មុខ​របរ»។​

ចំណែក​ឯ​ពលរដ្ឋ​ម្នាក់​ទៀត​នៅខណ្ឌ​មាន​ជ័យ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា​ មានក្រុម​ប្រឹក្សាភិបាល​ភូមិ​ពីរ​នាក់​បាន​ដើរ​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​លោកដើម្បីសុំ​ការ​គាំទ្រ​ដែរ។​

លោក​និយាយថា៖​ «គេ​យក​ក្រដាស​ហ្នឹង​ឱ្យ​យើង​ផ្តិត​មេ​ដៃ។​ គេ​អត់​ប្រាប់​យើង​ថា ​យក​ធ្វើ​អ្វី​ទេ។​ ប៉ុន្តែ​គេ​សុំ​ឈ្មោះ​យើង​ ហើយ​ផ្តិត​មេ​ដៃ​តែ​ម្តង។​ ខ្ញុំ​ឃើញ​អញ្ចឹង ​ដោយ​សារ​មិន​ចង់​ឱ្យ​មាន​ការ​ពាក់ព័ន្ធ​ច្រើន ​ខ្ញុំ​ដើរ​ចេញ​មក​ផ្ទះ​ខ្ញុំ​មក។ ​អញ្ចឹង​ប្រជាជន​គាត់​មិន​សប្បាយ​ចិត្ត។​ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច​ ព្រោះ​បើ​មិន​ផ្តិត​ឱ្យ​គេ​ គេ​វាយ​តម្លៃ​ថា​ យើង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ»។​

យុទ្ធនាការ​គោះទ្វារ​សុំ​ការ​ផ្តិត​មេ​ដៃ​គាំទ្រ​លទ្ធផល​បោះឆ្នោត​នេះ​ធ្វើ​ឡើង​ខណៈ​លទ្ធផល​បឋម​ផ្លូវ​ការ​ដែល​ចេញ​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប.)​កំពុង​មាន​ការ​តវ៉ា​យ៉ាង​ប្រទាំង​ប្រទើសពី​គណបក្ស​ប្រឆាំង។​ លទ្ធផល​បោះឆ្នោត​របស់​គ.ជ.ប.បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​នាំ​មុខ ​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ច្រាន​ចោល​លទ្ធផល​នេះ។ ​

ភាព​តាន​តឹង​ខាង​នយោបាយ​កាន់​តែ​ឡើង​កំដៅ​តាម​រយៈ​ការ​បង្កើន​វត្ត​មាន​យោធា ​កង​កម្លាំង​ប្រដាប់​អាវុធ ​និង​សព្វាវុធ​នៅ​តាម​ខេត្ត ​ក្រុង ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិប្រកាស​ថា​ មហា​បាតុកម្ម​អហិង្សា​មួយ​ទំនង​នឹង​កើត​មាន​ឡើង​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត។​

លោក​ជៀម យៀប ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ពន្យល់​ថា ​នេះ​ប្រហែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​អាជ្ញាធរ​មូលដ្ឋាន​ទេ ​ពោល​គឺមិន​មែន​ជា​បញ្ជា​ពី​ថ្នាក់​លើ​ទេ។​

លោក​និយាយថា៖ «អត់​ទេ! សូម​ជម្រាប​អញ្ចេះ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​អត់​មាន​ធ្វើ​អ្វី​ទេ​គឺ​នៅ​ស្ងាត់ស្ងៀម​ ព្រោះ​ដឹង​តែ​ខ្លួន​ឈ្នះ​ឆ្នោត​ហើយ។​ អត់​មាន​ថ្នាក់​លើ​ឱ្យ​ធ្វើ​ការស្វែង​រកការ​គាំទ្រ​ទេ។ ​នេះ​គឺ​ធ្វើ​ឡើង​ដោយថ្នាក់​មូលដ្ឋាន​ទេ​ ចាំ​បាច់​ធ្វើ​បាន​ការ​អ្វី​ បើ​យើង​ឈ្នះ​ហើយ​ហ្នឹង»។​

លោក​ទេព នីថា ​អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ថ្លែង​ថា ​បញ្ហា​នេះ​មិន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​គ.ជ.ប.​ទេ ​ពោល​គឺ​ជា​ទង្វើ​របស់​អាជ្ញាធរ​មូលដ្ឋាន​សុទ្ធសាធ​ ហើយ​ពលរដ្ឋ​ណា​ដែល​មិន​សប្បាយ​ចិត្ត​អាច​ធ្វើ​ការ​ប្តឹង​តវ៉ា​បាន៕