ក្រុមសិទ្ធិ​មនុស្សជាតិ​និង​អន្តរជាតិ​​បារម្ភ​អំពី​អំពើ​ហិង្សានៅ​កម្ពុជា​

ក្រុម​កម្មករ​ចោល​ដុំថ្ម​ដាក់​ក្រុម​ប៉ូលិស​កុប្បកម្ម​នៅ​ជិត​​សួន​ឧស្សាហកម្ម​​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រង កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៤។

ក្រុម​អង្គការ​សិទ្ធិ​មនុស្សជាតិ​និង​អន្តរជាតិ​បាន​រិះគន់​និង​ព្រួយ​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​ ចំពោះ​ការ​បង្ក្រាប​ផ្តាច់ផ្តិល​ជីវិតក្រុម​បាតុករ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ការ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​ ហើយនឹង​ការ​យារយី​ពីប្រព័ន្ធ​តុលាការ​ចំពោះ​ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់។​ នេះបើតាម​សេចក្តី​ថ្លែង​ការណ៍​រួមមួយ​របស់​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ (FIDH)​ ក្នុង​ប្រទេស​បារាំង​ និង​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ និង​លីកាដូ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

ការីម ឡាហ៊ីដជី​ (Karim Lahidji)​ ប្រធាន​អង្គការ ​FIDH ​បាន​ថ្លែង​ថា ​ការ​សម្លាប់​ក្រុម​បាតុករ​គឺ​ជា​រឿង​មិនអាច​ទទួលយក​បាន​ទេ។​ រដ្ឋាភិបាល​ត្រូវតែ​ប្រើប្រាស់​ការ​សន្ទនា ​មិនមែន​អាវុធ​ និង​ដំបង​ដើម្បី​ដោះស្រាយ​ការ​ទាមទារ​របស់​កម្មករ​និង​ដោះស្រាយជំទាស់​ផ្នែក​នយោបាយ​នោះ​ទេ»។​

កម្មករ​បួននាក់​យ៉ាងតិច​បាន​ស្លាប់​ ​៤០នាក់​ត្រូវរង​របួស​និង​ចាប់ខ្លួន​១៦​នាក់ទៀត ​ក្រោយពី​ពួកគេ​ទាមទារ​ការ​ដំឡើងប្រាក់ខែ​ពី​៨០​ដុល្លារ​ដល់​១៦០​ដុល្លារ​ ហើយ​មេដឹកនាំ​ក្រុម​ជំទាស់​គឺ​លោក​សម រង្ស៉ី​ និង​លោក​កឹម​ សុខា​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​ចូល​បំភ្លឺ​នៅថ្ងៃទី​១៤​មករា​ក្រោម​បទចោទ​ប្រកាន់ថា​ ញុះញង់​ឲ្យ​មាន​អំពើ​ឧក្រិដ្ឋ ​និង​ចលាចល​ក្នុង​សង្គម។​

លោក​ធន សារាយ ​នាយក​អង្គការ​«អាដហុក»​បាន​អះអាង​ថា ​រដ្ឋាភិបាល​ត្រូវ​ ស៊ើប​អង្កេត​ការបាញ់​សម្លាប់​ និង​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​និង​ព្រះ​សង្ឃ។​

ហើយ​លោកស្រី​ Naly Pilorge ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​«លីកាដូ»​បាន​អះអាង​ថា​ ​ក្រុម​អាជ្ញាធរ​ពិតជា​មាន​ការ​ឆ្លើយតប ដោយ​ហិង្សា​លើ​ក្បួន​បាតុករ​អហិង្សា​និង​ ជា​លេស​ក្នុង​ការ​បន្ថយ​សកម្មភាព​ប្រឆាំង​ខាង​នយោបាយ៕​