លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោតបានតែងតាំងជាផ្លូវការឲ្យលោក Lloyd Austin ឧត្តមសេនីយ៍ចូលនិវត្តន៍នៃកងទ័ពជើងគោកស.រ.អា.កាន់តំណែងជារដ្ឋមន្ត្រីការពារប្រទេសដែលធ្វើឱ្យលោកក្លាយទៅជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកទីមួយដែលកាន់តំណែងនេះប្រសិនបើព្រឹទ្ធសភាយល់ព្រម។
លោក Biden បានប្រកាសអំពីការតែងតាំងលោក Austin នៅក្នុងអត្ថបទមួយក្នុងទស្សនាវដ្តី The Atlantic ដោយលោកបានហៅឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះថាជា«ទាហាននិងមេដឹកនាំពិតប្រាកដម្នាក់ដែលមានបទពិសោធន៍ពុះពារឧបសគ្គនិងវិបត្តិដែលយើងប្រឈម»។
លោក Bidenបានសរសេរថា៖«លោកជាមនុស្សដែលយើងត្រូវការនៅពេលនេះ»។
លោក Lloyd Austin បានកើតកាលពីឆ្នាំ១៩៥៣ នៅក្នុងរដ្ឋ Alabama នាប៉ែកអាគ្នេយ៍ស.រ.អា.ហើយលោកបានធំដឹងក្តីនៅក្នុងរដ្ឋ Georgia ដែលជារដ្ឋជិតខាង។ លោកបានទទួលបរិញ្ញាប័ត្រពីបណ្ឌិតសភាយោធាស.រ.អា. West Point កាលពីឆ្នាំ១៩៧៥ ហើយលោកបានឡើងឋានន្តរស័ក្តិនៅក្នុងអាជីពបួនទសវត្សរ៍របស់លោក។ លោកបានចាប់ផ្តើមអាជីពជាមេបញ្ជាការកងអនុសេនាធំប្រយុទ្ធមួយនៅក្នុង 82nd Airborne Division គឺកងពលធំដឹកតាមអាកាសលេខ៨២ដ៏ល្បីឈ្មោះនៅមូលដ្ឋាន Fort Braggs រដ្ឋ North Carolina។
លោកបានឡើងស័ក្តិជាឧត្តមសេនីយ៍ឯកហើយជាមេបញ្ជាការនៅ មូលដ្ឋានFort Braggs មុនពេលលោកក្លាយជាមេបញ្ជាការក្រុមទាហានស.រ.អា.ក្នុងប្រទេសអ៊ីរ៉ាក់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១១ដែលនៅទីនោះលោកបានមើលការខុសត្រូវលើការបញ្ចប់ការលុកលុយដឹកនាំដោយស.រ.អា.ក្នុងប្រទេសនេះនិងលើការដកកងកម្លាំងអាមេរិកាំងទាំងអស់ចេញពីអ៊ីរ៉ាក់។
លោក Austin ជានាយទាហានស្បែកខ្មៅទីមួយដែលបានបម្រើការជានាយរងអគ្គសេនាធិការនៃកងទ័ពជើងគោកកាលពីឆ្នាំ២០១២។លោកក៏ជានាយទាហានស្បែកខ្មៅទីមួយដែលដឹកនាំទីបញ្ជាការកណ្តាលស.រ.អា.ហៅកាត់ថា CENTCOM ដែលធ្វើកិច្ចប្រតិបត្តិការក្នុងប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ទូទាំងមជ្ឈិមបូព៌ានិងទ្វីបអាស៊ីខាងត្បូង។ លោកបានបម្រើការក្នុងតំណែងនេះចាប់តាំងពីឆ្នាំ២០១៣រហូតដល់លោកចូលនិវត្តន៍ក្នុងខែមីនា ឆ្នាំ២០១៦។
ក៏ប៉ុន្តែលោក Austin បានចូលនិវត្តន៍មិនដល់៥ឆ្នាំទេហើយច្បាប់ស.រ.អា.តម្រូវថារដ្ឋមន្ត្រីការពារប្រទេសត្រូវជាបុគ្គលចេញពីកាតព្វកិច្ចយោធាសកម្មយ៉ាងតិចណាស់៧ឆ្នាំមុនទទួលតំណែងជាមេដឹកនាំស៊ីវិលនៃកងយោធា។
មានពីរករណីដែលសភាបានផ្តល់ការលើកលែងសម្រាប់ឧត្តមសេនីយ៍ចូលនិវត្តន៍ឱ្យបម្រើការជារដ្ឋមន្ត្រីការពារប្រទេស។ ការលើកលែងទីមួយគឺកាលពីឆ្នាំ១៩៥០ដែលសភាផ្តល់ការយល់ព្រមសម្រាប់លោកឧត្តមសេនីយ៍ចូលនិវត្តន៍ឈ្មោះ George Marshall និងករណីថ្មីៗបំផុតគឺកាលពីឆ្នាំ២០១៧ដែលសភាផ្តល់ការយល់ព្រមសម្រាប់ឧត្តមសេនីយ៍ចូលនិវត្តន៍ឈ្មោះ Jim Mattis។
សមាជិកខ្លះនៃសភាស.រ.អា.បានសម្តែងការរារែកក្នុងការផ្តល់ការលើកលែងសម្រាប់លោក Austin ជាពិសេសដោយសារវាឆាប់ពេកក្រោយពីមានការលើកលែងឱ្យលោក Mattis មិនបានប៉ុន្មានផង។
លោកស្រីElissa Slotkin ជាសមាជិកាសភាតំណាងរាស្ត្រអាមេរិកាំងខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Michigan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី៨ធ្នូថា«ខ្ញុំមានការគោរពខ្ពង់ខ្ពស់ដល់លោកឧត្តមសេនីយ៍ Austin...ក៏ប៉ុន្តែការជ្រើសរើសឧត្តមសេនីយ៍ម្នាក់ទៀតដែលចូលនិវត្តន៍កាលពីពេលថ្មីៗនេះឱ្យបម្រើការក្នុងមុខនាទីដែលគ្រោងឡើងសម្រាប់ជនស៊ីវិលនោះ វាជាការមិនសមរម្យទេ។ការងារជារដ្ឋមន្ត្រីការពារប្រទេសបានត្រូវបង្កើតឡើងសម្រាប់ធ្វើឱ្យប្រាកដប្រជាថា ជនស៊ីវិលជាអ្នកមើលការខុសត្រូវលើកងយោធា»។
លោក Jack Reed សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Rhode Island ដែលជាអ្នកប្រជាធិបតេយ្យជាន់ខ្ពស់ក្នុងគណៈកម្មាធិការសេវាកងទ័ពបានបញ្ជាក់កាលពីឆ្នាំ២០១៧ថា ការលើកលែងរបស់សភាសម្រាប់លោក Mattis គួរតែជា«ការកើតមាន តែម្តងគត់ក្នុងមួយជីវិត»ហើយថា លោកជំទាស់នឹងការលើកលែងក្នុងពេលអនាគតសម្រាប់តំណែងនេះ។
លោក Austin បានទទួលការកោតសរសើរដោយសារប្រាជ្ញានិងការប៉ិនប្រសប់ខាងដឹកនាំរបស់លោកក្នុងចំណោមពួកមេដឹកនាំស៊ីវិលនិងយោធា។ នៅពេលលោក Austin ចូលនិវត្តន៍លោកអតីតប្រធានាធិបតី Barack Obama បានមានប្រសាសន៍ថា«អាកប្បកិរិយានិងសមត្ថភាពរបស់លោកជាឧទាហរណ៍បង្ហាញអំពីអ្វីដែលប្រទេសអាមេរិកត្រូវការសម្រាប់មេដឹកនាំយោធារបស់ខ្លួន»។
ក៏ប៉ុន្តែកាលពីឆ្នាំ២០១៥ លោកឧត្តមសេនីយ៍រូបនេះបានរងការរិះគន់ពីពួកសមាជិកសភាអំពីកម្មវិធីមានទឹកប្រាក់៥រយលានដុល្លារដែលនៅចុងបញ្ចប់សម្រាប់ហ្វឹកហ្វឺនពួកយុទ្ធជនស៊ីរីមួយក្តាប់តូចប៉ុណ្ណោះ។
លោក Michael O’Hanlon អ្នកស្រាវជ្រាវជាន់ខ្ពស់ខាងកិច្ចការពារប្រទេសនៅឯវិទ្យាស្ថាន Brookings Institution បាននិយាយថា«ឧត្តមសេនីយ៍ Austin ជានាយទាហានគិតគូរពីក្រុមកូនទាហានលោកក្នុងវិធីជាច្រើន។ តែលោកត្រូវរៀនច្រើននិងយូរពីបទពិសោធន៍របស់លោកនៅ CENTCOM មកគ្រប់គ្រងការប្រកួតប្រជែងមហាអំណាចធំធេង ទំនើបកម្មនៃបច្ចេកវិទ្យាយោធាជាន់ខ្ពស់និងអាទិភាពកំពូលឯទៀតៗ»ដែលជាសេចក្តីត្រូវការដើម្បីទប់ទល់នឹងការគំរាមកំហែងខ្លាំងឡើងៗពីប្រទេសចិននិងរុស្ស៊ី។
លោក Michael O’Hanlonបានពោលថា«លោកជាជម្រើសខុសទម្លាប់ចាស់ដោយសារហេតុផលនេះ តែទោះជាយ៉ាងណា វាមិនមែនមានន័យថាលោកជាជម្រើសមិនល្អទេ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ