ដំបូងឡើយនៅពេលដែលការរាតត្បាលវីរុសកូរ៉ូណាធ្វើឲ្យសាលារៀនបិទ សិស្សានុសិស្សនាំគ្នាសប្បាយចិត្ត។
កូនស្រីរបស់អ្នកស្រី Preeti Nathan ចំនួនពីរនាក់ដែលម្នាក់អាយុ៦ឆ្នាំ ហើយម្នាក់ទៀតអាយុ១១ឆ្នាំ ក៏សប្បាយចិត្តផងដែរ។
អ្នកស្រី Preeti Nathan ថ្លែងថា៖«ដំបូងខ្ញុំគិតថាវាសប្បាយ ព្រោះយើងគិតថាវាជាកិច្ចការដែលគួរឲ្យចាប់អារម្មណ៍ដែលត្រូវធ្វើតែពីរ បីថ្ងៃ»។
ប៉ុន្តែកន្លងផុតទៅមួយថ្ងៃហើយមួយថ្ងៃទៀត អ្នកស្រីយល់ថា មិនដឹងពេលណាទើបចប់នោះទេ ដូច្នេះអ្នកស្រីឥឡូវនេះគិតថាវាពិបាកបន្តិចហើយ។
ខណៈពេលធ្វើការងារពីផ្ទះ អ្នកស្រីក៏ហត់នឹងព្យាយាមប្រាប់ឲ្យកូនរៀនផងដែរ។
អ្នកស្រីថ្លែងថា សម្រាប់កូនអាយុ៦ឆ្នាំរបស់អ្នកស្រី វាពិបាកធ្វើនូវអ្វីដែលសាលារៀនចង់បាននិងធ្វើនូវអ្វីដែលអ្នកស្រីនិងស្វាមីចង់បានផងក្នុងពេលតែមួយ។ វាពិបាកណាស់ដែលអ្នកស្រីធ្វើការផងនិងនៅជាមួយកូនៗគ្រប់ពេលយ៉ាងដូច្នេះ។
ចំណែកអ្នកស្រី Robin Leffert គឺជាគិលានុបដ្ឋយិការនៅទីក្រុងOakland មួយរូប។ អ្នកស្រីមានកូនស្រីអាយុ៨ឆ្នាំម្នាក់។ អ្នកស្រីក៏មានអារម្មណ៍ស្ត្រេស (តប់ប្រមល់) ផងដែរចំពោះទំនួលខុសត្រូវបន្ថែមនៅពេលដែលសាលារៀនបិទ។
អ្នកស្រី Leffert ថ្លែងថា វាមានភាពតានតឹងណាស់ ហើយគួរឲ្យតប់ប្រមល់។ ឥឡូវនេះដោយសារតែក្មេងៗត្រូវរៀននៅផ្ទះ អ្នកស្រីត្រូវបង្រៀនកូនមុនទៅធ្វើការ បន្ទាប់មកអ្នកស្រីត្រូវទៅធ្វើការ ហើយពេលចប់ការងារ អ្នកស្រីត្រូវមកផ្ទះហើយចាប់ផ្តើមសកម្មភាពដូចនេះម្ដងទៀត។ ដូច្នេះអ្នកស្រីមិនមានពេលទំនេរនោះទេ។ គ្រូរបស់កូនស្រីអ្នកស្រីបានចាប់ផ្តើមប្រាស្រ័យទាក់ទងតាមកម្មវិធី Zoom ដើម្បីពិនិត្យមើលកិច្ចការកូនសិស្សណាដែលអាចចូលរួមបាន។
ខណៈស្ថិតក្នុងស្ថានការណ៍ដ៏គួរឲ្យស្ត្រេស (តប់ប្រមល់) នេះ អ្នកស្រី Leffert ក៏សប្បាយចិត្តដែរដែលអ្នកស្រីនៅមានការងារធ្វើ។ អ្នកស្រីគិតថាវាមានភាពស្ថិតស្ថេរជាងមុន ហើយអ្នកស្រីក៏សប្បាយចិត្តដែលកូនអ្នកស្រីអាចអត់ធន់នឹងស្ថានការណ៍ដូចនេះបានល្អក្នុងពេលកន្លងមក។
អ្នកស្រី Preeti Nathan ក៏មើលឃើញពីចំណុចវិជ្ជមានពេលធ្វើការងារពីផ្ទះផងដែរ។ អ្នកស្រីថ្លែងថា៖«ខ្ញុំមានពេលច្រើនជាងមុនជាមួយគ្រួសារ។ យើងហូបបាយជាមួយគ្នាជុំគ្រួសារ។ យើងមានភាពស្និតស្នាលជាងមុន»។
ឪពុកម្តាយជាច្រើនកំពុងព្យាយាមផ្តោតទៅលើចំណុចវិជ្ជមាននិងព្យាយាមធ្វើចិត្តកុំឲ្យស្ត្រេសជ្រុល (តប់ប្រមល់ជ្រុល) អំពីការបង្រៀនកូននៅផ្ទះផង ធ្វើការពីផ្ទះផង ទោះបីជាកិច្ចការទាំងនេះស្រួលនិយាយជាងអនុវត្តក៏ដោយ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា