រដ្ឋាភិបាល​លីប៊ី​​ស្នើអ.ស.ប.​ឲ្យតែងតាំង​ក្រុម​​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​លើ​ជនស៊ីវិល​​ក្នុង​រដ្ឋធានី​ទ្រីប៉ូលី

Mourners gather for funeral prayers for fighters killed by warplanes of Field Marshal Khalifa Hifter's forces, April 24, 2019 in Tripoli, Libya.

នៅក្នុង​លិខិត​មួយ​កាលពីថ្ងៃ​ទី១៨​ ខែ​មេសា​ជូន​ក្រុមប្រឹក្សា​នេះ​ហើយ​ដែល​ត្រូវបាន​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ឯកអគ្គរដ្ឋទូត​លីប៊ី ​លោក ​ElmahdiElmajerbi ​បាន​សរសេរ​ថា ​លោក​សុំឱ្យ​ក្រុម​ប្រឹក្សា​នេះ​បញ្ជូន​បេសកកម្ម​ស្វែង​រក​ដើម្បី​ស៊ើប​អង្កេត​កងកម្លាំង​ស្មោះ​ត្រង់​នឹង​បុរស​ខ្លាំង​នៅលីប៊ី​ឈ្មោះ​ KhalifaHaftar។​

រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ថា​ កង​កម្លាំង​របស់​លោក​ Haftar​ បាន​សម្លាប់​និង​ជម្លៀស​ជន​ស៊ីវិល បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជនជ្រើស​រើស​កុមារ​ធ្វើទាហាន​និង​ពាក់ព័ន្ធ​ក្នុង «សង្គ្រាម​និង​ប្រទូស្តរាយនានា»។ ​

កាលពី​សប្ដាហ៍​មុន ​លោក​ប្រធានាធិបតី​អាមេរិក​ DonaldTrump​ បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោកHaftar​ ហើយថា ​លោក​បាន​គាំទ្រ​ការវាយ​ប្រហារ​លើ​ក្រុង​ទ្រីប៉ូលី។ ​នេះ​បើតាម​របាយ​ការណ៍​របស់ ​Bloomberg។​ កង​កម្លាំង​របស់​លោក​Haftar​បាន​ចាប់​ផ្តើម​វាយ​លុក​នៅ​ថ្ងៃ​ទី៤​ ខែ​មេសា​ដើម្បី​ដណ្ដើម​យក​រដ្ឋធានី​នេះ​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ។ ​កងទ័ព​លោក​ Hafter​ឈ្មោះ​កងទ័ព​ជាតិ​លីប៊ី​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​ជីវពល​ដែល​ជា​សម្ព័ន្ធ​មិត្ត​រដ្ឋាភិបាល។ ​

កង​កម្លាំង​សម្ព័ន្ធ​មិត្ត​របស់​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ការ​វាយ​បកវិញ​កាលពី​ចុង​សប្ដាហ៍​មុន​ដែល​នាំ​ឲ្យ​មានការ​ព្រមាន​ពីគណៈ​កម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​ថា ​តំបន់​លំនៅដ្ឋាន​ក្នុង​ក្រុង​ទ្រីប៉ូលី​កំពុង​ក្លាយ​ជា​សមរភូមិ។​ អង្គការ​សុខភាព​ពិភព​លោក​បាន​ប៉ាន់​ស្មាន​ថា ​មនុស្ស​ជាង​២៧០​ នាក់រួម​ទាំងជន​ស៊ីវិល ​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា។ ​មនុស្ស​ជាង​១,៣០០​ នាក់​បាន​រង​របួស​និង​ជាង​៣ម៉ឺន​៥​ពាន់នាក់​ត្រូវបាន​បង្ខំ​ឱ្យចាក​ចេញ​ពីផ្ទះ​សម្បែង៕​