អង្គការសហប្រជាជាតិ បានចេញ «សេចក្ដីអំពាវនាវជាបន្ទាន់មួយ» ឱ្យមានបទផ្អាកប្រយុទ្ធគ្នារយៈពេល ២ម៉ោង នៅតំបន់ជាយក្រុងទ្រីប៉ូលី នៃប្រទេសលីប៊ី ដើម្បីជម្លៀសពលរដ្ឋស៊ីវិល និងអ្នករបួសចេញពីតំបន់នោះ នៅពេលដែលកងកម្លាំងដែលស្មោះស្ម័គ្រនឹងមេបញ្ជាការយោធាគឺលោកឧត្តមសេនីយ៍ Khalifa Haftar បន្តរុលទៅមុខ ដោយសំដៅទៅកាន់កាប់រដ្ឋធានីនៃប្រទេសនេះ។
នាយករដ្ឋមន្ត្រីនៃប្រទេសលីប៊ី លោក Fayez Sarraj ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានហៅទង្វើរបស់លោក Haftar ថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។
លោក Haftar និងកងកម្លាំងរបស់លោក ហាក់ដូចជាបានត្រួតត្រានៅតំបន់តាមបណ្ដោយជាយក្រុង ប៉ុន្តែលោក Sarraj មានប្រសាសន៍ថា កងកម្លាំងរដ្ឋាភិបាល ត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខតទល់ជាមួយកងកម្លាំងទាំងនោះ។
ស្ថានបេសកកម្មការទូតរបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសលីប៊ី បានជំរុញភាគីទាំងអស់ក្នុងតំបន់នោះ ឱ្យគោរពបទផ្អាកបាញ់គ្នាដើម្បីមនុស្សធម៌រយៈពេល២ម៉ោង។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអារ៉ាប់ បានបង្ហាញវីដេអូនៃកងកម្លាំងរបស់លោក Haftar បានចូលទៅដល់ខ្លោងទ្វារនៃព្រលានយន្តហោះអន្តរជាតិទ្រីប៉ូលី ដែលឥឡូវនេះ ត្រូវបានបិទលែងឱ្យដំណើរការ មុនពេលកងកម្លាំងទាំងនោះ បានចាប់យកទីតាំងឈរជើងនៅខាងក្រៅអាគារអ្នកដំណើរ និងនៅលើផ្លូវយន្តហោះ ដែលឥឡូវមិនត្រូវបានប្រើប្រាស់នោះ៕