ចំនួនអ្នក​សង្កេតការណ៍​អន្តរជាតិ​​នឹង​មាន​ចំនួន​តិចជាង​អាណត្តិ​មុនៗ

ស្លាក​​សញ្ញា​​នៅ​មុខ​​ការិយាល័យ​របស់​សហ​ភាពអឺរ៉ុប​​នៅ​រាជធានី​ភ្នំពេញ។​

ក្រុម​ប្រទេស​ជឿនលឿន​ប្រជាធិបតេយ្យ​សំខាន់ៗ​បាន​សម្រេច​ចិត្ត​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ទេ​ ប៉ុន្តែ​ប្រទេស​ទាំងនោះ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ជាក់លាក់​ទេ។​

អ្នកស្រី​ប៉ុក ពូន ​អ្នក​នាំ​ពាក្យ​នៃ​ប្រតិភូ​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ប្រាប់វីអូអេ​ ខេមរ​ភាសា​តាម​សារ​អេឡិច​ត្រូនិក​ថា ​សហគមន៍​អឺរ៉ុប​នឹង​មិន​បញ្ជូនអ្នក​សង្កេត​ការណ៍​មក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​នេះ​ទេ។​

អ្នកស្រី​បញ្ជាក់​ថា​ មូលហេតុ​ជាផ្លូវការ​នោះ​គឺ​ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ។​ ក៏ប៉ុន្តែ​ការណ៍​ដែល​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​ព្រម​ធ្វើ​តាម​អនុសាសន៍​របស់​សហគមន៍​អឺរ៉ុប​អាច​ជាដើម​ហេតុនៃ​ការ​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​អឺរ៉ុប​មកកាន់​កម្ពុជា​ដែរ។​

អ្នកស្រី​ប៉ុក ពូន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​តាំង​ពី​ឆ្នាំ​១៩៩៣​មក ​ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​របស់​សហគមន៍​អឺរ៉ុបបាន​ផ្តល់​អនុសាសន៍​ជា​ច្រើនដល់​កម្ពុជា​ ប៉ុន្តែ​អនុសាសន៍​មួយ​ចំនួន​នៅ​តែមិន​ទាន់​បានអនុវត្ត​ដោយ​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​ឡើយ​ទេ។​

សូម​បញ្ជាក់​ថា​ អនុសាសន៍​របស់​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ពី​សហគមន៍​អឺរ៉ុប​ចុង​ក្រោយនៅ​ឆ្នាំ​២០០៨ រួម​មាន​ការធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ការ​មិន​ប្រើ​ធនធាន​របស់​រដ្ឋ​សម្រាប់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត ​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ស្មើភាព​ក្នុង​ចំណោម​បេក្ខជន​តំណាង​រាស្ត្រ​និង​គណបក្ស​នយោបាយ ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។​

ចំណែក​ឯ​លោក​សន ម៉ាកឃីនថូស​ អ្នក​នាំ​ពាក្យស្ថានទូតសហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​ក៏បានតប​ទៅ​ហ្នឹង​សំណួរ​របស់​វីអូអេ​ ខេមរភាសា​តាម​សារ​អេឡិចត្រូនិច​ដែរថា ​សម្រាប់អាណត្តិ​នេះ​ អាមេរិក​ក៏​នឹង​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​មក​កម្ពុជា​នោះ​ទេ​ ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​ពី​មូល​ហេតុ​នោះ​ទេ។​

ប្រទេស​កម្ពុជា​ ក្នុង​ពេលនេះ​ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ឃោសនា​បោះ​ឆ្នោត។​

លោក​ទេព នីថា ​អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ ឱ្យ​ដឹង​ថា​ ចំនួន​អ្នក​សង្កេត​ការណ៍​បរទេស​មាន​ចំនួន​ប្រហែល​៥០០​នាក់​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ ​មក​ពី​ជាង​៤០​ប្រទេស​ រួម​ទាំង​សហគមន៍​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​ផង​ដែរ។​

ចំនួន​សង្កេត​ការណ៍​អន្តរជាតិនេះ​ បើ​តាម​ស្ថិតិ​ចុង​ក្រោយ​ពី​គ.ជ.ប.​បាន​ធ្លាក់ចុះ​មក​ត្រឹម​៥៨​នាក់​ប៉ុណ្ណោះ ​ដែល​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី ​ព្រុយណេ ​និង​ណូវែលហ្សេឡង់ ​និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត។​

ប៉ុន្តែ​កាល​ពី​ម្សិលមិញ​ ​លោក​កុយ គួង​ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា​ មាន​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​បានសន្យា​នឹង​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​មក​កម្ពុជា​ ដូចជា​ប្រទេសភាគ​ច្រើន​ក្នុង​តំបន់​អាស៊ាន ​និង​ប្រទេស​ឥណ្ឌា​ជា​ដើម។​

លោក​ទេព នីថា​គូស​បញ្ជាក់​ថា​ ការ​ធ្លាក់​ចុះនេះ​ទំនង​ដោយ​សារ​ភាព​ចាស់​ទុំ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ និង​បញ្ហា​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទាំង​នោះ។​

លោក​និយាយថា៖ «អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ គាត់​រៀប​ចំ​សង្កេត​ការណ៍​នៅ​ប្រទេស​ណា​ដែល​ទើប​រៀប​ចំ​ការ​បោះឆ្នោត​លើក​ដំបូងៗ​ ដូច​គ.ជ.ប.​អញ្ចឹង​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ច្រើន​ ប៉ុន្តែ​ក្រោយ​មក​ការ​រៀបចំ​របស់​យើង​កាន់​តែ​ល្អ​ទៅ ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​មាន​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់។​ ហើយ​ទី​ពីរ​វា​ទាក់ទង​នឹង​ប្រទេស​និង​អង្គការ​ដែល​ផ្តល់​អ្នក​សង្កេត​ការណ៍​ហ្នឹង​ គាត់​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​របស់​គាត់»។

លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល បាន​ថ្លែង​ស្រដៀង​គ្នា​នេះ​ដែរ។

ប៉ុន្តែ​លោក​គល់ បញ្ញា នាយក​ប្រតិបត្តិគណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) ឱ្យ​ដឹង​ថា​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​អ្នក​សង្កេតការណ៍​អន្តរជាតិគឺ​មក​ពីការ​អាកខាន​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​អនុសាសន៍​របស់​អ្នក​សង្កេត​ការណ៍មក​ពី​ប្រទេស​ទាំង​នោះ។

លោក​ថ្លែងថា៖ «គេ​បាន​ប្រកាស​ហើយ​ថា​គេ​បាន​មើល​ឃើញ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ហ្នឹង​អត់​ទាន់​បាន​ល្អ​ពេញ​លេញ។ ហើយ​គេ​ឱ្យ​អនុសាសន៍​ច្រើន​ហើយ​អត់​បាន​យក​ទៅ​អនុវត្ត​អនុសាសន៍​គេ ហើយ​យក​អនុសាសន៍​របស់​គេទុក​ចោល ដូច្នេះ​គេ​គិត​ថា​គេ​មិន​គួរ​មក​សង្កេតការណ៍។ ទី​ពីរ​ការ​បោះឆ្នោត​ត្រៀម​លើក​មុន​គឺ​មិន​សូវ​ល្អ បរិយាកាស​មិន​ត្រឹមត្រូវ ដូច្នេះ​ខ្លះ​គេ​បារម្ភ​ដែរ ពេល​គេ​ចូល​មក​សង្កេត​មើល​ទៅ ចេះ​តែ​មាន​រូបភាពយក​គេ​ដើម្បី​ទទួល​លទ្ធផល​បោះឆ្នោត​ខ្លួន»។

ទោះ​បី​ជា​មាន​វត្តមាន​អ្នក​សង្កេតការណ៍​អន្តរជាតិមួយ​ចំនួនក្តី លោក​គល់ បញ្ញា កត់​សម្គាល់​ឃើញ​ថា​អ្នកសង្កេតការណ៍​ទាំង​នេះ​ភាគ​ច្រើន​មិន​មែន​ជា​អ្នក​សង្កេតការណ៍​ជំនាញនោះ​ទេ គឺ​គ្រាន់​តែ​មក​ចូលរួម​សង្កេតការណ៍​ធម្មតា​ប៉ុណ្ណោះ ដូច្នេះ​ពុំ​មាន​តម្លៃ​ជា​អន្តរជាតិ​នោះ​ទេ។

លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិក៏​បាន​ថ្លែង​ស្រដៀង​គ្នា​នេះ​ដែរ។
លោក​យឹម សុវណ្ណ​បន្ថែម​ថា​ការ​ធ្លាក់ចុះ​នេះ​អាច​នឹង​ប៉ះពាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ ពី​សំណាក់​សហគមន៍​អន្តរជាតិ។

លោក​ឲ្យដឹងថា៖ «​អន្តរជាតិ​គេ​ធ្វើ​ព្រងើយ​កន្តើយ​ដោយ​សារ​តែ​ខ្លួន​មិន​ព្រម​កែទម្រង់​ការ​បោះឆ្នោត​របៀប​ហ្នឹង​ហើយ បាន​ជា គេ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​មាន​ន័យ​ថា​គេ​ត្រៀម​នឹង​មិន​ទទួល​ស្គាល់​រួច​ខ្លះ​ទៅ​ហើយ។ ហើយ​គេ​ចាំមើល​ត​ទៅ​ទៀត​ ប្រសិន​បើ​យើង​នៅ​តែ​បន្ត​ធ្វើឱ្យ​បាត់​ឈ្មោះ​ប្រជាពលរដ្ឋ​ នៅ​តែ​បន្ត​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ នៅ​តែប្រើ​ប្រាស់​ធនធាន​របស់​រដ្ឋ​ដើម្បី​បម្រើ​គណបក្ស​ប្រជាជន នោះ​គេ​ហ្នឹង​ពិចារណា​ហើយ​រឿង​ហ្នឹង»។​

​មាន​គណបក្សនយោបាយ​ចំនួន​៨​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នៅ​អាណត្តិ​ទី​៥​នេះ។​ ក្នុងនោះ​គណបក្ស​សំខាន់ៗ​ចំនួនពីរ​ត្រូវ​គេមើល​ឃើញ​ថា ​កំពុងតែ​ស្រូប​យក​ការ​គាំទ្រ​ពីអ្នក​គាំទ្រ​បាន​យ៉ាងច្រើន។​គណបក្ស​ពីរ​នោះ​គឺគណបក្ស​សង្គ្រោះជាតិ​របស់​លោកសម រង្ស៊ី ​និង​លោក​កឹម សុខា ​និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន៕