ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​ការ​បោះឆ្នោត


លោក​ទេព​ នី​ថា​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន។
លោក​ទេព​ នី​ថា​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន។
មន្ត្រី​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នាំមុខ​មួយ​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ភាព​មិន​ប្រក្រតី​បាន​កើតឡើង​យ៉ាងហោច​ណាស់​ចំនួន​១០​ករណី​ជា​រៀងរាល់ថ្ងៃ​ នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​រយៈពេល​ពីរ​ស​ប្តា​ហ៍​មកនេះ​ ស្រប​ពេល​ដែល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកាស​ថា ​ការ​ឃោសនា​កំពុង​ដំណើរការ​យ៉ាង​ល្អ។​

​កញ្ញា​គង់​ រ៉ាវីន​ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​ថា​ ខុមហ្វ្រែល​ បាន​ឲ្យ​ដឹង​ថា ​ភាព​មិន​ប្រក្រតី​ទាំងនេះ​ទាក់ទង​ទាំង​មន្ត្រី​អាជ្ញាធរ​និង​គណបក្ស​កាន់អំណាច។​

កញ្ញា​និយាយ​ថា៖​ «ដូច​ជា​ភាគ​ច្រើន​ខាង​មេ​ភូមិ​ចូលរួម​យុទ្ធនាការ​ឃោសនា​ហើយ​បង្រៀនពលរដ្ឋ​ឲ្យ​គូស​សន្លឹក​ឆ្នោត​ ដែល​នេះ​ខុស​ពី​បទ​បញ្ជា​និង​និតិវិធី​ដែល​ថា​ មេ​ភូមិ​ត្រូវ​តែ​អព្យាក្រិត្យ។​ ហើយ​មួយ​ទៀត​ដូច​ជា​គណបក្ស​កាន់អំណាច​អញ្ជើញ​លោក​គ្រូ​នៅ​វិទ្យាល័យ​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ឲ្យ​ប្រជុំ​និង​បង្រៀន​គូស​សន្លឹក​ឆ្នោត»។​

​ជាមួយ​គ្នា​នេះ​ដែរ​ កញ្ញា​គង់​ រ៉ាវីន​ក៏​បាន​បញ្ជាក់​ដែរ​ថា​ អង្គការ​របស់​នាង​កំពុង​តាម​ពិនិត្យ​មើល​ករណី​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​នាក់​និង​អ្នក​គាំទ្រ​គណបក្ស​នេះ​បួន​នាក់​ទៀត​ក្នុង​ខេត្ត​កំពត។

សកម្មជន​និង​អ្នកគាំទ្រ​ទាំងនេះ​ត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ចុងខែ​មិថុនា​ ហើយ​ត្រូវ​គេ​រាយ​ការណ៍​ថា ​ត្រូវ​បង្ខំ​ឲ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​បង្ខំ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​ជាដើម។​

មន្ត្រី​ស៊ើប​អង្កេត​របស់​ខុមហ្វ្រែល​ដដែល​លើក​ឡើង​ថា​ ភាព​មិន​ប្រក្រតី​ខាងលើ​នាំ​ឲ្យ​មាន​កង្វល់​មួយ​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។​ ប៉ុន្តែ​នាង​មិន​អាច​ផ្តល់​ព័ត៌មានពិស្តារ​បាន​ទេ​ ដោយ​រង់ចាំ​ការ​ចេញ​ជា​របាយ​ការណ៍​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។​

យ៉ាងណា​ក៏​ដោយ​ លោក​ទេព​ នី​ថា​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ លើក​ឡើង​ថា​ ការ​ឃោសនា​ស្វែងរក​សំឡេងឆ្នោត​រយៈ​ពេល​១៤​ថ្ងៃ​មក​នេះ​ជា​ទូទៅ​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ។​

លោក​ទេព​ នី​ថា​លើក​ឡើង​ថា​ បណ្តឹង​ពី​គណបក្ស​ចំនួន​បួន ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​ហ៊្វុនស៊ិនប៉ិចនិង​គណបក្ស​ខ្មែរ​ឈប់​ក្រ​បាន​កើនឡើង​ដល់​១៥០​បណ្តឹង​រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ពុធ​នេះ។​ បណ្តឹង​ទាំងនោះ​ទាក់ទង​នឹង​ការ​រំខាន​ការ​ឃោសនា​បោះឆ្នោត​ ការ​ហែក​និង​បំផ្លាញ​ផ្ទាំង​ក្រដាស​ឃោសនា​ជាដើម។​

លោក​អគ្គលេខាធិការ​ គ.ជ.ប.​បកស្រាយ​ថា​ មិន​មាន​បណ្តឹង​អំពី​ការ​ប្រើប្រាស់​យានយន្ត​របស់​រដ្ឋ​នោះ​ទេ​ ​ហើយ​ការ​បង្រៀន​ឲ្យ​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​មិនមែន​ជា​អំពើ​ខុស​និតិវិធី​ទេ។

លោក​និយាយ​ថា៖​ «​ខ្ញុំ​មិនដឹង​ថា​ នៅ​ខេត្ត​ណា​ទេ​ មាន​បណ្តឹង​ថា​ នាយក​សាលា​យក​ថ្នាក់រៀន​ឲ្យ​គេ​ប្រជុំ​ការងារ​គណបក្ស​នយោបាយ។​ មាន​តែ​មួយ​នេះ​ទេ។​ ហើយ​ក្រៅពី​នោះ​ ការ​រៀន​គូស​សន្លឹក​ឆ្នោត​អត់​មាន​ល្មើស​ច្បាប់​អី​ទេ។​ មន្ត្រី​អាជ្ញាធរ​ បើសិន​គាត់​ស្ថិត​នៅ​ក្រៅ​ម៉ោង​ធ្វើការ​ ស្ថិត​ក្នុង​ច្បាប់​ឈប់​សម្រាក​ គាត់​មាន​សិទ្ធិ​ដូច​ប្រជា​ពលរដ្ឋ​ទូទៅ​ដើម្បី​ធ្វើ​សកម្មភាព​ឃោសនា​ដែរ»។​

ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ឃោសនា​បោះឆ្នោត​ចាប់​តាំងពី​ថ្ងៃ​ទី​២៧​ខែ​មិថុនា​មក​ម្ល៉េះ។​ ការ​ឃោសនា​ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​ចូលរួម​ប្រកួតប្រជែង​នោះ​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​យប់​ថ្ងៃ​ទី​២៦​ខែ​កក្កដា​នេះ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG