ប្រទេសចិនកំពុងវិនិយោគប្រាក់រាប់ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោងសាងសង់ផ្លូវថ្នល់ ផ្លូវដែក តំបន់ឧស្សាហកម្មពិសេស និងហេដ្ឋារចនាសម្ព័ន្ធថាមពលទ្រង់ទ្រាយធំនៅក្នុងប្រទេសប៉ាគីស្ថាន។ កិច្ចសហប្រតិបត្តិការទូលំទូលាយដែលមានឈ្មោះថា «ច្រករបៀងសេដ្ឋកិច្ចចិនប៉ាគីស្ថាន» នេះ កំពុងទាញចំណាប់អារម្មណ៍ក្នុងចំណោមសិស្សប៉ាគីស្ថាន និងអ្នកមានវិជ្ជាជីវៈនានា ឲ្យសិក្សាភាសាចិនកុកងឺ។
អ្នកស្រី Li Xue Mei បង្រៀនភាសាចិនកុកងឺដល់សិស្សប្រហែល ៣ រយនាក់ ពីថ្នាក់ទី ៥ ដល់ថ្នាក់មធ្យមសិក្សា។ អ្នកស្រីជាគ្រូបង្រៀនភាសាចិនកុកងឺម្នាក់នៅសាលារៀនឯកជនមួយឈ្មោះ Roots Millennium Schools ក្នុងប្រទេសប៉ាគីស្ថាន ដែលមានសិស្សរៀនភាសាចិនកុកងឺចំនួនជាង ៧ ពាន់នាក់។
អ្នកគ្រូ Li Xue Mei បានថ្លែងថា៖ «សិស្សទាំងអស់ពូកែ និងសប្បាយនឹងការសិក្សាភាសាចិនខ្លាំងណាស់»។
អ្នកគ្រូនិយាយថា ការសរសេរអក្សរចិនគឺពិបាកសម្រាប់សិស្សរបស់គាត់ ប៉ុន្តែសិស្សទាំងនោះរៀនឆាប់យល់លឿនជាទីបំផុត។ អ្នកគ្រូក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់បន្ទាន់ក្នុងការសិក្សាភាសាចិនកុកងឺផងដែរ។
«ខ្ញុំគិតថា ពួកគេចាំបាច់ត្រូវរៀនភាសាចិន វប្បធម៌ចិន បន្ថែមទៀត ដូច្នេះពួកគេអាចទាក់ទង សហការ និងធ្វើការបានប្រសើរជាងមុនជាមួយនឹងជនជាតិចិន»។
វិនិយោគចិនក្នុងទឹកប្រាក់ប្រហែល ៦០ ពាន់លានដុល្លារអាមេរិក នៅក្រោមកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចចិនប៉ាគីស្ថាន ត្រូវគេរំពឹងថានឹងពាំនាំជនជាតិចិនប្រហែល ២ ម៉ឺននាក់ចូលមកក្នុងប្រទេសប៉ាគីស្ថាន។
កន្លងមក ជនជាតិចិនភាគច្រើនបានមកតាំងទីនៅក្នុងប្រទេសប៉ាគីស្ថានរួចមកហើយ ដែលភាគច្រើនធ្វើអាជីវកម្មឯកជន។
ស្ថាប័នរដ្ឋ និងឯកជននានា កំពុងបង្កើតទំនាក់ទំនងជាមួយនឹងសមភាគីចិនរបស់ខ្លួន ដើម្បីជំរុញការផ្លាស់ប្ដូរនៅក្នុងផ្នែកអប់រំថ្នាក់ឧត្ដមសិក្សា និងដើម្បីផ្ដល់នូវឱកាសស្រាវជ្រាវដល់ភាគីទាំងសងខាង។
រដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចចិនប៉ាគីស្ថានថាជា «គម្រោងសាកល្បងសំខាន់បំផុតមួយ» នៃគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយរបស់ខ្លួន។ គម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយនេះ គឺជាគម្រោងប្រថុយប្រថានតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មទ្រង់ទ្រាយធំមួយ ដែលមានគោលបំណងភ្ជាប់ប្រទេសចិនជាមួយនឹងប្រទេសផ្សេងទៀតនៅក្នុងទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប តាមរយៈផ្លូវគោក និងផ្លូវទឹក។
ដោយសារតែប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធផ្នែកនយោបាយ និងយោធា កាលពីយូរយារណាស់មកហើយ មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថាននានាសង្ឃឹមថា ច្រករបៀងសេដ្ឋកិច្ចនេះ នឹងភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត ក៏ដូចជាពាំនាំនូវភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ចមកឲ្យប្រទេសប៉ាគីស្ថាន។
លោក Sartaj Aziz ទីប្រឹក្សាគោលនយោបាយការបរទេសប៉ាគីស្ថាន បាននិយាយថា៖ «ប្រវត្តិសាស្ត្រជាភស្តុតាងនៃការពិត ដែលបង្ហាញថា មិត្តភាពដ៏អស្ចារ្យនេះបាននៅឋិតថេរជាយូរអង្វែងមកហើយ។ ប៉ុន្តែ កាលពី ៤ ឆ្នាំ កន្លងទៅនេះ ទំនាក់ទំនងនេះបានឈានចូលដល់ដំណាក់កាលថ្មីមួយទៀត និងឡើងដល់កម្រិតខ្ពស់មួយគឺការបង្កើតកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចចិនប៉ាគីស្ថាន»។
ច្រករបៀងចម្ងាយជិត ៣ ពាន់គីឡូម៉ែត្រ ដែលប្រទេសចិនកំពុងសាងសង់នៅក្នុងប្រទេសប៉ាគីស្ថាននឹងសម្រួលដល់ការដឹកជញ្ជូនទំនិញពាណិជ្ជកម្មផ្សេងៗតាមផ្លូវជាតិល្បឿនលឿន Karakoram ដែលលូនកាត់តាមជ្រលងភ្នំដែលគ្រប់ដណ្ដប់ដោយព្រិល បុកឆ្ពោះរហូតទៅដល់កំពង់ផែ Gwadar ក្នុងប្រទេសប៉ាគីស្ថាន។ ទំនិញទាំងនេះនឹងផ្ទុកនៅលើកប៉ាល់ ដើម្បីបញ្ជូនចេញទៅកាន់ទីផ្សារនានានៅទ្វីបអាហ្វ្រិក តំបន់មជ្ឈិមបូព៌ា និងទ្វីបអឺរ៉ុប៕
ប្រែសម្រួលដោយ ភី សុភាដា