ឯកសារ​ផ្លូវការ​លេច​ធ្លាយ​របស់​កូរ៉េ​ខាង​ជើង​បង្ហាញ​ពី​គោល​នយោបាយ​ផ្ទៃ​ក្នុង​ប្រឆាំង​នឹង​ការ​លុប​បំបាត់​នុយក្លេអ៊ែរ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​ដំណើរ​ជាមួយ​នឹង​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​សណ្ឋាគារ Sofitel Legend Metropole Hanoi កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ឯកសារ​ផ្លូវការ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ដែល VOA ទទួល​បាន បាន​បង្ហាញ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un គ្មាន​បំណង​លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​របប​ដឹកនាំ​របស់​លោក​ទេ ដែល​នេះ​ជា​គោល​ជំហរ​ផ្ទុយ​ពី​អ្វី​ដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump អះអាង​ថា កូរ៉េ​ខាង​ជើង​នឹង​លះបង់​នុយក្លេអ៊ែរ​នោះ។

ឯកសារ​នេះ​គឺ​ជា​គោលការណ៍​ណែនាំ​សម្រាប់​មន្ត្រី​យោធា​កំពូលៗ​អំពី​គោល​ជំហរ​ផ្ទៃ​ក្នុង​ផ្លូវការ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង មុន​ពេល​លោក Kim Jong Un ជួប​ជាមួយ​នឹង​លោក Trump លើក​ទី ២ នៅ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ដើម​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ។

ឯកសារ​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក Kim Jong Un យល់​ឃើញ​ថា ការ​ប្រជុំ​នៅ​ទីក្រុង​ហាណូយ​នេះ​គឺ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ «កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​មួយ‍» ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ប្រទេស​កូរ៉េ​ខាង​ជើង​ថា​ជា «រដ្ឋ​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​សាកល​លោក‍»។

ឯកសារ​នោះ​បាន​ស្រង់​សម្ដី​របស់​លោក Kim Jong Un ដែល​បាន​និយាយ​ថា លោក​នឹង​ប្រើ​ជំនួប​ជាមួយ​នឹង​លោក Trump នេះ «ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​អំណាច​នុយក្លេអ៊ែរ​ដែល​កូរ៉េ​ខាង​ជើង​បាន​បង្កើត‍»។

កិច្ច​ប្រជុំ​រវាង​លោក Kim Jong Un និង​លោក Trump នៅ​ក្នុង​ទីក្រុង​ហាណូយ​នេះ​ មិន​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ទេ ដោយសារតែ​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​រឿង​លុប​បំបាត់​នុយក្លេអ៊ែរ និង​រឿង​ដក​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​កូរ៉េ​ខាង​ជើង។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ឯកសារ​ដែល VOA ទទួល​បាន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រាប់ VOA ភាសា​កូរ៉េ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖ «លោក​ប្រធានាធិបតី Trump នៅតែ​ប្ដេជ្ញា​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​ដែល​លោក និង​លោក Kim Jong Un ឯកភាព​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ [លើក​ទី​មួយ] នៅ​ប្រទេស​សិង្ហបុរី ដែល​នោះ​គឺ​ការ​កែប្រែ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង ដោយ​ការ​កសាង​សន្តិភាព​ជា​និរន្តន៍ និង​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​ទាំង​ស្រុង‍»៕