មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​និង​ចិន​គ្រោង​ជួប​ពិភាក្សា​បញ្ហាបរមាណូ​កូរ៉េ​ខាងជើង

លោកស្រីប្រធានាធិបតីកូរ៉េ​ខាងត្បូង​ Park Geun-Hye ក្នុង​ពេល​ធ្វើទស្សនកិច្ច​នៅ​ទីបញ្ជាការ​កណ្តាល​នៃ​កង​ទ័ព​ក្នុង​តំបន់​ Yongin នៅភាគខាងត្បូង​ទីក្រុង​សេអ៊ូល កាលពីថ្ងៃទី២១ ខែ​សីហា ឆ្នាំ២០១៥។

ផ្នែក​ផ្សាយ​ជាភាសា​កូរ៉េ​នៃ​វីអូអេ​បាន​រាយការណ៍​កាល​ពី​ថ្ងៃចន្ទ​ថា ​ជំនួយការ​ជាន់ខ្ពស់​ខាង​គោលនយោបាយ​ការបរទេស​របស់​លោកស្រី​ប្រធានាធិបតី​កូរ៉េខាង​ត្បូង Park Geun-hye បាន​និយាយ​ថា​ លោក​ស្រី​ប្រធានាធិបតី​និង​លោក​ប្រធានាធិបតី​ចិន​ Xi Jinping ​នឹង​ពិភាក្សា​បញ្ហា​បរមាណូ​នៃ​ប្រទេស​កូរ៉េខាង​ជើង​នៅ​ក្នុង​ជំនួប​កំពូល​ដែល​បាន​ត្រូវ​គ្រោង​នឹង​ធ្វើនៅ​ក្នុង​សប្តាហ៍​នេះ។

លោកស្រី​ Park ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសចិន​នៅ​ថ្ងៃ​ទី២​ខែកញ្ញា​ដើម្បី​បំពេញ​ទស្សនកិច្ច​បី​ថ្ងៃ​ដែល​មាន​រួម​បញ្ចូល​ជំនួប​កំពូល​មួយ​ជាមួយ​លោក ​Xi​ និង​ការចូល​រួម​ក្នុង​ការ​ប្រារព្ធ​ការ​បញ្ចប់​សង្គ្រាម​លោក​លើកទី​ពីរ​ដោយ​ប្រទេស​ចិន។លោក Ju Chul-Ki លេខាធិការ​ជាន់ខ្ពស់​ប្រធានាធិបតី​ទទួល​បន្ទុក​កិច្ចការ​បរទេស​បាននិយាយ​ប្រាប់​ពួក​អ្នកកាសែត​ថា​ ប្រទេស​កូរ៉េខាង​ត្បូង​រំពឹង​ថា​ប្រទេស​ចិន​នឹង​បំពេញ​មុខនាទី​មួយ​ក្នុង​ការដោះស្រាយ​បញ្ហា​បរមាណូ​នៃ​

ប្រទេស​កូរ៉េ​ខាងជើង​និង​ធ្វើ​ឱ្យ​ឧបទ្វីប​កូរ៉េ​មាន​សន្តិភាព​ថែម​ទៀត​ផង។ ជំនួប​របស់​លោក​ស្រី​ Park ​ជាមួយ​លោក​ Xi ជា​ជំនួប​កំពូល​លើក​ទី​៦​រវាង​មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ។ លោកស្រី​ Park ក៏​នឹង​ចូល​រួម​ផងដែរ​ក្នុង​ការមើល​ក្បួន​ព្យូហយាត្រា​យោធា​របស់​ប្រទេស​ចិន​ដើម្បី​ប្រារព្ធ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទីពីរ​ដែល​បាន​ធ្វើ​ឱ្យ​លោកស្រី​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​កូរ៉េខាង​ត្បូងទី​មួយ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ៕