កូរ៉េខាងជើងនិងកូរ៉េខាងត្បូងនិយាយថា មេដឹកនាំរបស់ពួកគេនឹងជួបគ្នានៅខែក្រោយនេះ ក្នុងរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង។
ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីភាគីទាំងពីរបានបើកកិច្ចប្រជុំមួយនៅក្នុងភូមិ Panmunjom ដែលជាភូមិមួយគ្មានការបាញ់ប្រហារគ្នានៅព្រំដែន ដែលបែងចែករបបផ្តាច់ការកូរ៉េខាងជើងពីរបបប្រជាធិបតេយ្យកូរ៉េខាងត្បូង។
សេចក្តីថ្លែងការណ៍នោះមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ថាតើពេលណាដែលកិច្ចប្រជុំរវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នឹងប្រព្រឹត្តទៅនោះទេ។
លោក គីម និងលោក មូន បានបើកកិច្ចប្រជុំកំពូលលក្ខណៈប្រវត្តិសាស្ត្រដំបូងបង្អស់កាលពីខែ មេសា ក្នុងភូមិ Panmunjom ហើយក្រោយមកមានកិច្ចប្រជុំលើកទីពីរកាលពីខែ ឧសភា នៅក្នុងភូមិដដែលនោះ។ ប្រសិនបើគម្រោងបើកកិច្ចប្រជុំកំពូលនឹងដំណើរការដូចការគ្រោងទុកនៅខែ កញ្ញា ខាងមុខនេះ លោក មូន នឹងក្លាយជាមេដឹកនាំកូរ៉េខាងត្បូងដំបូងបង្អស់ដែលនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង។
គម្រោងកិច្ចប្រជុំនៅខែក្រោយនេះរវាងមេដឹកនាំគូប្រជែងកូរ៉េទាំងពីរ បន្តក្លាយជាដំណោះស្រាយការទូត ចាប់តាំងពីលោក មូន ទទួលយកសំណើរបស់លោក គីម ឲ្យកីឡាកររបស់កូរ៉េខាងជើងចូលរួមក្នុងប្រកួតកីឡាអូឡាំពិក នៅរដូវរងាកាលពីខែកុម្ភៈ កន្លងទៅនេះ នៅក្នុងទីក្រុងព្យុងចាង៕