មេធាវី​អ្នកកាសែត​ Washington Post​ សង្ឃឹម​ថា​សាលក្រម​នឹង​ចេញ​នៅ​សប្តាហ៍​ក្រោយ

រូបថត​របស់​លោក​ Jason Rezaian ប្រធាន​ការិយាល័យ​កាសែត​ Washington Post ប្រចាំ​ក្រុង​តេហេរ៉ង់ ក្នុង​ពិធី​​ប្រគល់​ពាន់​រង្វាន់​ដែល​រៀបចំឡើង​ដោយ​ក្លឹប​អ្នកកាសែត​ជាតិ​ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។

មេធាវី​ម្នាក់​របស់​លោក​ Jason Rezaian ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​កាសែត​អាមេរិកាំង Washington Post បាន​និយាយ​ថា​ សាលក្រម​មួយនៅ​ក្នុង​ការ​កាត់ក្តី​លោក​ពី​បទ​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​ចារកម្ម​ អាច​មាន​ឡើង​នៅ​ក្នុង​ពេល​មួយ​សប្តាហ៍​ទៀត​នៅ​ក្រោយ​តុលាការ​មួយ​ក្នុង​ក្រុង​តេហេរ៉ង់​ (Teheran) បាន​ធ្វើ​សវនកម្មបិទ​ទ្វារ​ចុង​ក្រោយ​បង្អស់​កាល​ពី​ថ្ងៃចន្ទ។​

អ្នកស្រី Leila Ashan​ បាន​និយាយ​ដូច្នេះ​នៅ​ក្រោយ​សវនកម្ម​លើកទី​បួន​ចាប់​តាំងពី​ការ​កាត់ក្តី​នេះ​បាន​ចាប់ផ្តើម​កាល​ពីខែ​ឧសភា​មក។

កាសែត​ Washington Post និង​ពួក​មន្ត្រី​ស.រ.អា.​ព្រម​ទាំង​ក្រុមគាំទ្រសេរីភាព​សារព័ត៌មាន​អន្តរជាតិ​បាន​ថ្កោលទោស​ច្រើន​ដង​ហើយ​អំពី​ទម្រង់នៃ​ការ​កាត់​ក្តី​នេះ​ហើយ​បាន​និយាយ​យ៉ាង​ទទូច​ថា​ លោក​ Razaian ​ជា​មនុស្ស​ស្លូតត្រង់​គ្មាន​ទោសពៃរ៍​ទេ។

លោកត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កក្កដា​ឆ្នាំ២០១៤​ ជាមួយ​ភរិយា​លោក​គឺ​អ្នកស្រី​Yaganeh Salehi ​ដែល​ជា​អ្នកកាសែត​ដូចលោកដែរ​ហើយ​បាន​ជាប់​ឃុំឃាំ​ជា​ច្រើន​ខែ​ដោយ​គ្មាន​ការចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ទេ។​ នៅ​ពេល​បន្ទាប់​មក​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ធ្វើចារកម្ម​និង​ធ្វើការ​ជាមួយ​«រដ្ឋាភិបាល​ដែល​មាន​អរិភាព​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ ​លោក Martin Baron បណ្ណាធិការ​ប្រតិបត្តិ​នៃ​សារព័ត៌មាន Washington Post ​បាន​ហៅ​ការ​កាត់ក្តី​នេះ​ថា​ជា​«ការក្លែង​បន្លំ»​មួយ​ ហើយ​លោក​បាន​និយាយ​ថា​ ការ​ចោទ​ប្រកាន់​ទាំង​នេះ​«មិន​អាច​ធ្វើ​ឡើង​ដោយគ្មាន​មូលដ្ឋាន​និង​ប្រកប​ដោយភាព​ស្រពិច​ស្រពិល​ទៀត​ទេ»។