មេធាវី​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការនិយាយ​កុហក​ជុំវិញ​ករណី​ការជ្រែតជ្រែក​របស់​រុស្ស៊ី

លោកAlex van der Zwaan ទៅ​ដល់​តុលាការ Federal District Court នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

ការិយាល័យ​រដ្ឋអាជ្ញា​ពិសេស​ស៊ើបអង្កេត​ពីការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពីឆ្នាំ២០១៦​ កំពុង​ធ្វើ​ការ​ចោទ​មេធាវី​ម្នាក់​ដែល​ស្ថិត​នៅក្នុង​ទីក្រុងឡុងដ៏​ ថា​បាន​និយាយ​កុហកក្រុម​ស៊ើបអង្កេត​អំពី​ការ​ទាក់ទង​របស់​លោក​ជាមួយ​នឹង​លោក Rick Gates អតីត​ជំនួយការ​យុទ្ធនាការ​រក​សំឡេង​ឆ្នោតរបស់​លោកប្រធានាធិបតី Donald Trump អ្នក​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​ករណី​លាង​លុយ​កខ្វក់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​កិច្ចប្រឹងប្រែង​បញ្ជុះ​បញ្ជូល​របស់​លោក​នៅក្នុង​ប្រទេស​អ៊ុយក្រែន។

ការរិយាល័យ​រដ្ឋ​អាជ្ញា​ពិសេស​របស់​លោក Robert Mueller កាល​ពី​ថ្ងៃអង្គារ​ បាន​បង្ហាញ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោកមេធាវី Alex Van Der Zwann និង​រំពឹង​ថា​លោក​ Van Der Zwann នឹង​សារភាព​កំហុស​របស់​លោក​នៅ​តុលាការ​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន​នៅ​ថ្ងៃ​នេះ។

ការិយាល័យ​របស់​លោក Mueller បាន​ចោទថា​ខណៈ​ដែល​លោក​មេធាវី​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ច្បាប់​មួយ​ដែល​ក្រសួងយុត្តិធម៌​អ៊ុយក្រែន​បាន​ជួល​កាល​ពី​ឆ្នាំ២០១២​ដើម្បី​រៀបចំ​របាយការណ៍​កាត់ទោស​អតីត​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន Yulia Tymoshenko បាន​អះអាង​ថា​លោក​បាន​ទាក់ទង​ទៅ​លោក Gates ចុង​ក្រោយ​បង្អស់​កាល​ពី​ពាក់​កណ្តាល​ខែសីហា​ឆ្នាំ២០១៦។ លោកស្រី Tymoshenko ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​កេងបន្លំ​ និង​បំពាន​អំណាច​របស់​លោកស្រី​ និង​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ប៉ុន្តែ​ក្រោយ​មក​លោកស្រី​ត្រូវ​បាន​គេ​ជម្រះ​ឲ្យ​រួច​ទោស​វិញ។

ក្រុមរដ្ឋអាជ្ញា​បាន​អះអាង​ថា​លោក Van Der Zwann បាន​និយាយ​កុហក​ នៅ​ពេល​ដែល​លោក​និយាយ​ថា ​លោក​មិន​បាន​ដឹង​ថា​ហេតុអ្វី​បាន​ជា​សារ​អ៊ីម៉ែល​របស់​លោក​ជាមួយ​នឹង​ជន​មិន​ស្គាល់​ឈ្មោះ​ម្នាក់​កាល​ពី​ខែកញ្ញា ឆ្នាំ២០១៦ មិន​បាន​បញ្ជូន​ទៅ​ការិយាល័យ​របស់​លោក Mueller បន្ទាប់​ពី​លោក​បាន​លុប​វា​ចោល​ហើយ​នោះ។ បណ្តឹង​ព្រហ្មទណ្ឌ​ដែល​បាន​ប្តឹង​ប្រឆាំង​លោក Van Der Zwann ក៏​បាន​ចោទ​ប្រកាន់​ថា​ លោក​បាន​និយាយ​កុហក​អំពី​ទំនាក់ទំនង​ចុងក្រោយ​របស់​លោក​ជាមួយ​លោក​ Gates និង​ជន​មិន​ស្គាល់​ឈ្មោះ​នោះ​ផងដែរ៕