ពួកសមាជិកសភាសហរដ្ឋអាមេរិកកំពុងរិះគន់យ៉ាងខ្លាំងដល់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រយ៉ាងខ្លាំងដល់ប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីលោកបានទទួលស្គាល់ថា ព្រះអង្គម្ចាស់រាជ្ជទាយាទ Mohammed bin Selmanនៃប្រទេសអារ៉ាប៊ីសាអូឌីត ប្រហែលបានដឹងអំពីការសម្លាប់ដ៏ព្រៃផ្សៃដល់លោក Jamal Khashoggi អ្នកកាសែត Washington Post។
ពួកសមាជិកសភារបស់គណបក្សនយោបាយទាំង២បានខឹងសម្បាពីព្រោះពួកគេ និយាយថា សហរដ្ឋអាមេរិកមិនត្រូវបោះបង់ចោលតម្លៃគ្រឹះរបស់ប្រទេសដើម្បីបានផលប្រយោជន៍សេដ្ឋកិច្ចទេ។
ឃាតកម្មនិងការកាប់ចិញ្ច្រាំសាកសពរបស់លោក Jamal Khashoggi ជាអ្នកកាសែតនិងអ្នកមានទីលំនៅក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃទី២ ខែតុលា នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី មិនបានបណ្តាលឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះប្រទេសអារ៉ាប៊ីសាអូឌីតទេ។
លោកប្រធានាធិបតីត្រាំ ត្រូវបានគេសួរកាលពីថ្ងៃអង្គារអំពីសេចក្តីរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក CIA បានវាយតម្លៃប្រកបដោយទំនុកចិត្តខ្ពស់ថា ព្រះអង្គម្ចាស់រាជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានបញ្ជាឲ្យមានការសម្លាប់នេះ។ ប្រធានាធិបតីសហរដ្ឋអាមេ រិកលោក ដូណាល់ ត្រាំ និយាយថា៖ «តាមការពិតគឺថា ប្រហែលទ្រង់បានបញ្ជាឬប្រហែលទ្រង់មិនបានបញ្ជា។ ប្រសិនបើអស់លោក អ្នក មើលប្រទេសអ៊ីរ៉ង់វិញ អ្វីដែលពួកគេបានធ្វើ ពួកគេជាតួអង្គដ៏អាក្រក់មួយ។ អស់លោក អ្នក មើលអ្វីដែលបានកើតមានឡើងនៅក្នុងប្រទេសស៊ីរីជាមួយប្រធានាធិបតីបាសា អាល់អាសាដ ដែលមានពលរដ្ឋរាប់សែននាក់បានត្រូវសម្លាប់។ យើងស្ថិតនៅជាមួយអារ៉ាប៊ីសាអូឌីត យើងនឹងស្ថិតនៅជាមួយអារ៉ាប៊ីសាអូឌីត»។
សមាជិកសភាពីគណបក្សទាំង២បានរិះគន់សេចក្តីថ្លែងការណ៍សាមគ្គីភាពរបស់ប្រធានាធិបតីត្រាំជាមួយអារ៉ាប៊ីសាអូឌីត រួមទាំងលោក Bob Corker ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាដែលចេញពីតំណែងផង។ សមាជិកព្រឹទ្ធសភា Bob Corker ខាងគណបក្សសាធារណរដ្ឋនិយាយថា៖ «វាជាស្ថានភាពលំបាកនិងផុយស្រួយមួយនៅពេលដែលយើងមានសម្ព័ន្ធមិត្តដ៏យូរអង្វែងមួយដែលយើងមានអស់រយៈពេលរាប់សិបឆ្នាំរាប់ទសវត្សរ៍។ ក៏ប៉ុន្តែ យើងមានព្រះអង្គម្ចាស់រាជ្ជទាយាទមួយអង្គដែលខ្ញុំជឿជាក់ថាបានបញ្ជាដោយផ្ទាល់ឲ្យសម្លាប់អ្នកកាសែតម្នាក់។ ហើយខ្ញុំគ្រាន់តែចង់និយាយថា ភាសាដែលបានប្រើនោះ តើគេសរសេរសេចក្តីប្រកាសព័ត៌មានឲ្យអារ៉ាប៊ីសាអូឌីត ហើយមិនមែនឲ្យសហរដ្ឋអាមេរិកមែនទេ»។
រូបឯកសារ៖ ប្រធានាធិបតី ដូណាល់ ត្រាំ និងរាជ្ជទាយាទ Mohammed bin Salman នៅសេតវិមាន កាលពីខែមីនា ២០១៨។
ក្នុងសារតាមប្រព័ន្ធ Twitter លោក Lindsey Graham សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋដែរ បាននិយាយថា សហរដ្ឋអាមេរិកត្រូវដោះស្រាយ «ស្ថានភាពដ៏លំបាកនៅលើឆាកអន្តរជាតិ»។ ប៉ុន្តែ លោកបន្តដោយព្រមានថា នៅពេលដែលយើងបាត់បង់សំឡេងខាងសីលធម៌គឺ យើងបាត់បង់គុណសម្បត្តិដ៏ខ្លាំងបំផុតរបស់យើងនោះ»។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ជាពិសេសបានរិះគន់ពីការរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីរ៉ង់ ក៏ប៉ុន្តែ បានប្រាប់អ្នកសម្ភាសន៍វិទ្យុកាលពីថ្ងៃពុធថា អារ៉ាប៊ីសាអូឌីត «បានធ្វើឲ្យប្រសើរឡើងនូវបញ្ហាសិទ្ធិមនុស្សដ៏សំខាន់»។
កាលពីថ្ងៃអង្គារ លោកត្រូវបានចោទសួរ ថាតើគោលនយោបាយគិតប្រទេសអាមេរិកមុនរបស់រដ្ឋបាលដូណាល់ ត្រាំ មានន័យថា «បញ្ហាសិទ្ធិមនុស្សនៅក្រោយគេឬ?»។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo និយាយថា៖ «សំណួរមួយទៀតរបស់អ្នកជាចម្លើយដ៏ល្អបំផុតអំពីអ្វីដែលយើងបានធ្វើរួចហើយ។ មានការខំប្រឹងប្រែងដ៏ខ្លាំងបំផុតទាក់ទិនទៅនឹងការស្វែងរកការពិតចំពោះការស្លាប់ ការធ្វើឃាតលោក Jamal Khashoggi»។
លោក Aaron David ជាអ្នកវិភាគនៅមជ្ឈមណ្ឌលស្រាវជ្រាវ Wilson Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា ប៉ុន្តែ ប្រធានាធិបតី ត្រាំ ឲ្យអាទិភាពផ្សេងគ្នាចំពោះបញ្ហាសិទ្ធិមនុស្ស។ លោក Aaron David និយាយថា៖ «យើងចង់ឲ្យអារ៉ាប៊ីសាអូឌីត រារាំងប្រទេសអ៊ីរ៉ង់ យើងចង់ឲ្យអារ៉ាប៊ីសាអូឌីតធ្វើការសម្របសម្រួលដំណើរការសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន យើងចង់សរសើរអ្នកធ្វើកំណែទម្រង់ព្រះរាជ្ជទាយាទ Mohammed bin Salman ដោយមិនអើពើពីការពិតថា ព្រះអង្គក៏បានចូលរួមការបង្ក្រាបដ៏សាហាវប្រឆាំងនឹងពួកអ្នកកាសែតសង្គមស៊ីវិល និងនៅក្នុងការធ្វើឃាតលោកKhashoggi ដែរ»។
លោក Miller បានលើកយកប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាឧទាហរណ៍មួយទៀតរបស់មេដឹកនាំពិភពលោកដែលសហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀតបន្តដោះស្រាយ ថ្វីបើ មានការចោទប្រកាន់ពីការពាក់ព័ន្ធរបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងការធ្វើឃាតអ្នកកាសែត អ្នកប្រឆាំងនិងអតីតចារបុរស៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន