ក្រសួងការបទេសសហរដ្ឋអាមេរិកនិយាយថាសហរដ្ឋអាមេរិកនៅមិនទាន់ធ្វើការសន្និដ្ឋានចុងក្រោយអំពីការសម្លាប់អ្នកសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត Jamal Khashoggi នៅឡើយទេ។ រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ មិនពេញចិត្តនឹងសេចក្តីរាយការណ៍នានាដែលដកស្រង់ប្រភពពីមន្ត្រីអាមេរិកាំងមួយរូបដែលនិយាយថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានធ្វើការសន្និដ្ឋានថាគឺព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman ជាអ្នកបញ្ជាឱ្យសម្លាប់លោកKhashoggi។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសបានបញ្ជាក់ថា៖
«សេចក្តីរាយការណ៍ថ្មីៗនេះដែលគូសបង្ហាញថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើការសន្និដ្ឋានជាចុងក្រោយហើយនោះ គឺជាសេចក្តីរាយការណ៍មិនត្រឹមត្រូវទេ»។
លោកប្រធានាធិបតីដូណាល់ត្រាំ ទទួលការផ្តល់ព័ត៌មានសង្ខេបតាមទូរសព្ទកាលពីថ្ងៃសៅរ៍ពីលោកស្រី Gina Haspel នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA និងពីលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងពេលដែលលោកប្រធានាធិបតីធ្វើដំណើរតាមយន្តហោះទៅរដ្ឋកាលីហ្វ័រញ៉ា។
នាពេលក្រោយមក ក្នុងពេលដែលកំពុងមើលការខូចខាតដោយសារភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា លោកត្រាំបានប្រាប់អ្នករាយការណ៍ព័ត៌មានថារដ្ឋាភិបាលនឹងចេញផ្សាយរបាយការណ៍នៅថ្ងៃអង្គារដើម្បីបង្ហាញថាអ្នកណាជាអ្នកសម្លាប់លោក Khashoggi។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានចេញផ្សាយតែប៉ុន្មាននាទីប៉ុណ្ណោះក្រោយពីលោកស្រី Sarah Sanders អ្នកនាំពាក្យលោកប្រធានាធិបតីបាននិយាយថាលោកត្រាំ «មានទំនុកចិត្តលើទីភ្នាក់ងារ CIA»។
ក្រសួងការបរទេសក៏បាននិយាយថាសហរដ្ឋអាមេរិក «ប្តេជ្ញាស្វែងរកជនដែលបញ្ជាឱ្យសម្លាប់ទទួលខុសត្រូវ» និងថា«នៅមានសំណួរជាច្រើនដែលនៅមិនទាន់មានចម្លើយ»នៅឡើយទេ៕