សមាជិកសភាសហរដ្ឋអាមេរិកកំពុងតែដាក់ស្នើច្បាប់មួយដើម្បីប្ដូរឈ្មោះផ្លូវមួយនៅមុខស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីរំឭកដល់លោកវេជ្ជបណ្ឌិត Li Wenliang ដែលជាអ្នកលាតត្រដាងព័ត៌មានអំពីជំងឺកូវីដ១៩មុនគេនៅប្រទេសចិន។ លោក Li បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំងបានបំបិទមាត់លោក ដោយសារតែលោកព្យាយាមបញ្ចេញព័ត៌មានឲ្យពិភពលោកបានដឹងអំពីជំងឺកូវីដ១៩។
អ្នកស្រី Liz Cheney សមាជិករដ្ឋសភាអាមេរិកនៃរដ្ឋ Wyoming បានថ្លែង នៅពេលដែលអ្នកស្រីបានដាក់ស្នើច្បាប់នេះនៅក្នុងរដ្ឋសភាអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ថា៖ «ខ្ញុំមានកិត្តិយសនឹងដាក់ស្នើច្បាប់នេះដើម្បីប្ដូរឈ្មោះផ្លូវនៅមុខស្ថានទូតចិន តាមឈ្មោះរបស់លោកវេជ្ជបណ្ឌិត Li»។
អ្នកស្រីបាននិយាយទៀតថា៖ «សូមឲ្យការប្ដូរឈ្មោះផ្លូវនេះក្លាយទៅជាការក្រើនរំឭកដល់ពិភពលោកនិងរដ្ឋាភិបាលចិនថា ការពិតនិងសេរីភាពនឹងនៅតែឈ្នះ យើងនឹងមិនភ្លេចពីភាពអង់អាចក្លាហានរបស់លោកវេជ្ជបណ្ឌិត Li ទេ ហើយថា គណបក្សកុម្មុយនីស្ដចិននឹងត្រូវទទួលខុសត្រូវចំពោះផលប៉ះពាល់ដ៏មហន្ដរាយដោយសារតែការកុហករបស់ពួកគេ»។
សំណើច្បាប់មួយទៀតត្រូវបានដាក់ស្នើដល់ព្រឹទ្ធសភាអាមេរិកនៅថ្ងៃតែមួយ។ លោក Ben Sasse សមាជិកព្រឹទ្ធសភានៃរដ្ឋ Nebraska ដែលជាអ្នកផ្ដួចផ្ដើមសំណើច្បាប់នេះឡើងម្នាក់ដែរ បាននិយាយថា លោក Li ត្រូវបានចាត់ទុកថាជាវីរបុរសសម្រាប់ប្រជាជនចិន។
លោក Sasse បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា៖ «លោកប្រធាន Xi [Jinping] អាចព្យាយាមអះអាងថា លោកវេជ្ជបណ្ឌិត Li គឺជាអ្នកហ៊ានពលីជីវិតនៃគណបក្សកុម្មុយនីស្ត ប៉ុន្តែប្រជាជនចិនដឹងថា តាមពិតគឺការងារដែលមិនគិតពីខ្លួនឯងនិងសំឡេងរបស់លោកវេជ្ជបណ្ឌិត Li ទៅវិញទេ ដែលគណបក្សកុម្មុយនីស្តព្យាយាមបំបិទមាត់»។
លោក Sasse បានមានប្រសាសន៍បន្ថែមទៀតថា ការដាក់ឈ្មោះផ្លូវនៅមុខស្ថានទូតចិនដោយយកតាមឈ្មោះរបស់លោក Li «នឹងបង្ហាញពីភាពផ្ទុយស្រឡះពីគ្នារវាងភាពសាហាវយង់ឃ្នងនិងការកុហករបស់គណបក្សកុម្មុយនីស្ដចិន ជាមួយនឹងសុភាវធម៌និងសេចក្ដីមេត្តាធម៌របស់ប្រជាជនចិន»។
លោក Li គឺជាវេជ្ជបណ្ឌិតភ្នែក ដែលធ្វើការនៅមន្ទីរពេទ្យ Wuhan Central Hospital។ លោកបានព្រមានថា សហការីរបស់លោកមួយចំនួននៅសាលាវេជ្ជសាស្ត្រ កាលពីចុងខែធ្នូ មានអាការៈរោគស្រដៀងនឹងជំងឺ SARS។ ក្រោយមក លោក Li ក៏ត្រូវបានអាជ្ញាធរមូលដ្ឋានកោះហៅចំពោះការបញ្ចេញព័ត៌មានប្រាប់ឲ្យសាធារណជនប្រុងប្រយ័ត្ននេះ។
ចាប់តាំងពីពេលនោះមក មានការបែកធ្លាយព័ត៌មានថា អាជ្ញាធរបានចេញលិខិតផ្លូវការក្នុងអំឡុងពេលនោះ ដោយចេញបទបញ្ជាថា គ្មាននរណាម្នាក់ក្រៅតែពីក្រុមមន្ត្រីដែលតែងតាំងដោយរដ្ឋាភិបាលប៉ុណ្ណោះ ដែលអាចនិយាយអំពីវីរុសកូរ៉ូណានេះបាន។
នៅពេលនោះ ចិនមិនបានទទួលស្គាល់ជំងឺឆ្លងពីមនុស្សទៅមនុស្សនេះទេ ដែលជំងឺនេះក្រោយមកត្រូវបានដាក់ឈ្មោះថា ជំងឺកូវីដ១៩ ហើយរាល់វេជ្ជបណ្ឌិតដែលព្យាបាលអ្នកជំងឺកូវីដ១៩ មិនត្រូវបានលើកទឹកចិត្តឲ្យពាក់ឧបករណ៍ការពារនោះទេ។ លោកវេជ្ជបណ្ឌិត Li បានឆ្លងជំងឺនេះនិងបានស្លាប់កាលពីថ្ងៃទី៧ ខែកុម្ភៈ។
ផ្អែកតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចិន វេជ្ជបណ្ឌិតបីនាក់នៃមន្ទីរពេទ្យ Wuhan Central Hospital ក៏បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីដើមខែមីនាផងដែរ។
នេះមិនមែនជាការព្យាយាមដូរឈ្មោះផ្លូវនៅមុខស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោនលើកទីមួយទេ។ មានសំណើមួយកាលពីឆ្នាំ២០១៧ ឲ្យប្ដូរឈ្មោះផ្លូវនេះតាមឈ្មោះរបស់លោក Liu Xiaobo ដែលជាអ្នកនិពន្ធប្រឆាំងនឹងចិន។ លោក Liu បានស្លាប់ក្នុងមន្ទីរពេទ្យមួយ ក្នុងអំឡុងពេលដែលលោកត្រូវបានគេឃុំឃាំងកាលពីឆ្នាំ២០១៧។
ស្រដៀងគ្នានេះដែរ ផ្លូវមួយនៅខាងមុខស្ថានទូតរុស្ស៊ីចាស់ ត្រូវបានប្ដូរឈ្មោះកាលពីឆ្នាំ១៩៨៤ ដើម្បីរំឭកដល់លោក Andrei Sakharov ដែលជាអ្នកប្រឆាំងដ៏សំខាន់ម្នាក់។ លោក Sakharov គឺជារូបវិទូរុស្ស៊ីដ៏ល្បីល្បាញ និងជាអ្នកប្រឆាំងដ៏ខ្លាំងក្លាម្នាក់ ដែលបានរងការធ្វើទុក្ខបុកម្នេញនៅក្នុងកណ្ដាប់ដៃរបស់អាជ្ញាធរសូវៀត។
នៅក្នុងវិចារណកថាមួយលើកាសែត Washington Post ដែលគាំទ្រការប្ដូរឈ្មោះផ្លូវតាមឈ្មោះរបស់លោក Liu Xiaobo កាសែតនេះបានអះអាងថា ខណៈដែលការប្ដូរផ្លូវតាមឈ្មោះ លោក Sakharov បានបង្កឲ្យមានភាពតានតឹងជាមួយនឹងសហភាពសូវៀត ការណ៍នេះក៏បានផ្ញើជាសារដ៏ខ្លាំងក្លាមួយទៅកាន់អ្នកការទូតសូវៀតនិងអ្នកផ្សេងៗទៀតថា លោក Sakharov និងសកម្មជនដទៃទៀតដូចលោក មិនត្រូវបានគេបំភ្លេចនោះទេ»។
ស្រដៀងគ្នានោះដែរ វិចារណកថានោះក៏បានសរសេរទៀតថា៖ «រាល់ពេលដែលអ្នកការទូតចិនណាម្នាក់ចេញឬចូលស្ថានទូតចិន អ្នកនោះនឹងត្រូវប្រឈមមុខនឹងកេរ្តិ៍ដំណែលរបស់លោក Liu ហើយពួកគេក៏ប្រហែលជាចំណាយពេលគិតពីមេធាវីសិទ្ធិមនុស្សនិងសកម្មជនសិទ្ធិមនុស្សរាប់រយនាក់ ដែលកំពុងត្រូវបានឃុំឃាំងដោយគណបក្សកុម្មុយនីស្ដក្នុងពេលបច្ចុប្បន្ននេះ។ ហេតុផលនេះគ្រប់គ្រាន់សម្រាប់ការប្ដូរឈ្មោះផ្លូវនេះ»។
កាលពីពេលថ្មីៗនេះ លោក Matthew Pottinger ទីប្រឹក្សារងសន្ដិសុខជាតិសហរដ្ឋអាមេរិក បានថ្លែងថា លោក Li តំណាងឲ្យស្មារតីពិតប្រាកដនៃចលនាថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩១៩ ដែលត្រូវបានអ្នកស្នេហាជាតិធ្វើឡើង ដើម្បីស្នើឲ្យមានការធ្វើកំណែទម្រង់វប្បធម៌និងសង្គម ដែលមានគោលបំណងពង្រឹងស្មារតីនិងមូលដ្ឋានរបស់ប្រទេសចិន។
ស្របពេលជាមួយគ្នានេះដែរនៅក្នុងរដ្ឋធានីវ៉ាស៊ីតោន ស្ថានទូតចិននិងឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកហាក់ដូចជាវីវក់ជាមួយនឹងការរិះគន់ចំពោះភាពយឺតយ៉ាវរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការរាយការណ៍អំពីទំហំនិងចំនួនអ្នកស្លាប់ដោយសារការផ្ទុះវីរុសកូរ៉ូណាថ្មីនេះ។
ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Cui Tiankai បាននិយាយការពារប្រទេសចិននៅក្នុងអត្ថបទបញ្ចេញមតិមួយលើកាសែត Washington Post កាលពីថ្ងៃពុធ ទី៦ ខែឧសភា ដែលមានចំណងជើងថា «បន្ទោសចិននឹងមិនធ្វើឲ្យវិបត្តិជំងឺរាតត្បាតជាសកលនេះចប់ទេ»។
គេហទំព័ររបស់ស្ថានទូតចិនក៏បានចេញផ្សាយរឿងរ៉ាវអំពីខេត្ត Anhui និងខេត្ត Liaoning នៅក្នុងប្រទេសចិន ដែលបានបញ្ជូនគ្រឿងបរិក្ខារពេទ្យឲ្យរដ្ឋ Maryland និងរដ្ឋ Utah នៅក្នុងសហរដ្ឋអាមេរិក ដោយភ្ជាប់នឹងសំណេរថា «ខេត្ត Anhui ស្រឡាញ់រដ្ឋ Maryland»ផងដែរ។
នៅក្នុងប្រទេសផ្សេងទៀតក្នុងពិភពលោក មានសញ្ញាបង្ហាញថា ទំនាក់ទំនងការទូតរបស់ចិនបានធ្លាក់ចូលក្នុងដំណាក់កាលទាល់ច្រកជាបណ្ដោះអាសន្ន។
ប្រទេសស៊ុយអែតថ្មីៗនេះបានបិទវិទ្យាស្ថានផ្សព្វផ្សាយទ្រឹស្តីខុងជឺដែលឧបត្ថម្ភដោយរដ្ឋាភិបាលចិន ហើយទីក្រុងធំបំផុតទីពីរនៅក្នុងប្រទេសស៊ុយអែតបានផ្ដាច់ទំនាក់ទំនងជិតស្និទ្ធដូចបងប្អូនជាមួយនឹងទីក្រុងសៀងហៃទៀតផង៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា