លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានថ្កោលទោសកាលពីថ្ងៃសៅរ៍អំពីអ្វីដែលលោកបានហៅថា «ការជ្រៀតជ្រែកជាក់ស្តែងរបស់សហរដ្ឋអាមេរិក» និង «ឥទ្ធិពលប្រកបដោយការបំផ្លិចបំផ្លាញ» នៅក្នុងប្រទេសវេណេស៊ុយអេឡា នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយជាមួយលោក Mike Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក។
លោក Lavrov បាននិយាយនៅក្នុងអត្ថាធិប្បាយដែលត្រូវបានដកស្រង់ដោយក្រសួងការបរទេសរបស់លោកថា៖ «ការបង្កហេតុនិងឥទ្ធិពលបំផ្លិចបំផ្លាញមកពីខាងក្រៅ នៅក្រោមលេសលាក់ពុតនៃជំនួយមនុស្សធម៌មិនមានអ្វីទាក់ទិនទៅនឹងដំណើរការលទ្ធិប្រជាធិបតេយ្យទាល់តែសោះ»។
ការរិះគន់យ៉ាងខ្លាំងនេះកើតមានឡើងមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី បានទង្គិចពាក្យសម្តីគ្នាថាតើជួយប្រទេសវេណេស៊ុយអេឡាដែលមានវិបត្តិនោះយ៉ាងដូចម្តេច។ រដ្ឋាភិបាលក្រុងមូស្គូ បានសន្យាផ្តល់ជំនួយសង្គ្រោះថ្មីតាមរយៈប្រធានាធិបតី Nicolas Maduro ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយបានរារាំងជំនួយសហរដ្ឋអាមេរិក។
លោក Juan Guaido មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសវេណេស៊ុយអេឡា ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ជាប្រធានាធិបតីអន្តរកាល បានសង្ឃឹមថា នឹងនាំយកម្ហូបអាហារដែលស្តុកទុកក្នុងឃ្លាំងដែលសហរដ្ឋអាមេរិកបានសម្របសម្រួលជាមួយប្រទេសកូឡុំប៊ីនិងប្រេស៊ីល។
ក្នុងអំឡុងនៃការសន្ទនារបស់លោកជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកាំង លោក Lavrov បានថ្កោលទោស «សហរដ្ឋអាមេរិកដែលគំរាមកំហែងប្រឆាំងរដ្ឋាភិបាលស្របច្បាប់នៅប្រទេសវេណេស៊ុយអេឡា។ លោកបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពីការជ្រៀតជ្រែកជាក់ស្តែងក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋមានអធិបតេយ្យមួយ និងជាការរំលោភច្បាប់អន្តរជាតិដោយគ្មានការអៀនខ្មាស់»៕
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី និយាយទៀតថា រដ្ឋាភិបាលក្រុងម៉ូស្គូ បានប្រុងប្រៀបខ្លួនហើយដើម្បីធ្វើការចរចាទ្វេភាគីជាមួយសហរដ្ឋអាមេរិកស្តីពីវេណេស៊ុយអេឡាហើយបានបញ្ជាក់ទៀតថា «មានតែពលរដ្ឋវេណេស៊ុយអេឡាទេ មានសិទ្ធិដើម្បីសម្រេចអនាគតរបស់ខ្លួន»៕