មីស៊ីល​រុស្ស៊ី​សម្លាប់​មនុស្ស​ម្នាក់​និង​ធ្វើ​ឱ្យ​របួស ២៣ នាក់​នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន

អ្នក​ពន្លត់អគ្គិភ័យ​កំពុង​ពន្លត់​ភ្លើង​នៅអគារ​មួយ​ដែល​រងការ​បាញ់​ប្រហារ​មីស៊ីល​ពី​រុស្ស៊ី​ក្នុង​ទីក្រុង​ Mykolaiv ប្រទេស​អ៊ុយក្រែន

មីស៊ីល​រុស្ស៊ី​ដែល​បាន​បាញ់​ចំ​ទីក្រុង Mykolaiv នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​សម្លាប់​មនុស្ស​ម្នាក់​និង​ធ្វើ​ឱ្យ​មនុស្ស ២៣ នាក់​ទៀត​រង​របួស។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​តាម Telegram ថា៖ «នៅ​ពេល​យប់ រុស្ស៊ី​បាន​បាញ់​មីស៊ីល Kalibr ៤ គ្រាប់​ពី​សមុទ្រ​ខ្មៅ​ដាក់​ទីក្រុង Mykolaiv»។

ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​ផ្ទះ​សម្បែង​មួយ​ចំនួន​និង​អគារ​ស្នាក់នៅ​មួយ​កន្លែង។ រុស្ស៊ី​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​វាយ​ប្រហារ​សំដៅ​លើ​ជន​ស៊ីវិល​នោះ​ទេ ដោយ​បញ្ជាក់​ថា​ខ្លួន​វាយ​ប្រហារ​សំដៅ​លើ​គោលដៅ​យោធា។

អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​និយាយ​ថា អ៊ុយក្រែន​បាន​ទទួល​រថយន្ត​ចម្បាំង​ជាង ៩៨% នៃ​រថយន្ត​ចម្បាំង​ដែល​សន្យា​ផ្ដល់​ឱ្យ​ដោយ​សម្ព័ន្ធមិត្ត​និង​ដៃគូ​នានា​របស់​អង្គការ​អូតង់។ រថយន្ត​ចម្បាំង​ទាំង​នោះ​រួម​មាន​រថពាស​ដែក ១.៥៥០ គ្រឿង និង​រថក្រោះ ២៣០ គ្រឿង។

លោក Stoltenberg បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ថា អង្គការ​អូតង់​បាន​បណ្ដុះបណ្ដាល​និង​បាន​បំពាក់​អាវុធ​ដល់​កង​ពល​តូច​រថពាស​ដែក​អ៊ុយក្រែន​ថ្មី​ចំនួន​ជាង ៩ កង ដែល​ធ្វើ​ឱ្យ «អ៊ុយក្រែន​មាន​ជំហរ​ខ្លាំង​នៅ​ក្នុង​ការ​បន្ត​វាយ​ដណ្ដើម​យក​មក​វិញ​នូវ​ដែនដី​ដែល​រុស្ស៊ី​បាន​ដណ្ដើម​ត្រួតត្រា»។

លោក Stoltenberg ក៏​បាន​និយាយ​ផង​ដែរ​ថា លោក «បាន​ស្វាគមន៍» ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​លោក Zelenskyy ប៉ុន្តែ​ថា វា​មិន​បាន​ធ្វើ​ឱ្យ​ផ្លាស់ប្ដូរ​ការពិត​ដែល​ថា​ចិន​នៅ​មិន​ទាន់​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​ឡើយ។

លោក Zelenskyy បាន​និយាយ​ថា លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ «ដ៏​យូរ​និង​ប្រកប​ដោយ​ផ្លែផ្កា» ជាមួយ​នឹង​លោក Xi កាលពី​ថ្ងៃ​ពុធ។

លោក​ទាំង​ពីរ​បាន​យល់ស្រប​គ្នា​នៅ​ក្នុង​ការ​បញ្ជូន​បេសកជន​ទៅ​កាន់​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​កៀវ ដែល​អាច​ជា​វិធានការ​ដំបូង​នៅ​ក្នុង​ការ​សម្របសម្រួល​ឱ្យ​មាន​ការ​ចរចា​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​រាយការណ៍​ថា លោក Xi បាន​ស្នើ​ទៅ​លោក Zelenskyy ឱ្យ​មាន​ការ​ចរចា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ដោយ​បាន​ដាស់តឿន​ថា «នៅ​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ គឺ​គ្មាន​អ្នក​ឈ្នះ​ទេ»។ លោក Xi ហាក់​ចង់​សំដៅ​លើ​ការ​គំរាមកំហែង​របស់​រុស្ស៊ី​កន្លង​មក​ដែល​ចង់​ប្រើ​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ៕


(ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​Reuters)