មនុស្សបាននាំគ្នាទៅរស់នៅក្នុងក្រុង El Bosque នៅជាប់ឆ្នេរឈូងសមុទ្រម៉ិកស៊ិកកាលពីទសវត្សរ៍ ១៩៨០ ដើម្បីនេសាទត្រីនិងកសាងសហគមន៍មួយ។ តែការប្រែប្រួលអាកាសធាតុបាននាំឱ្យទឹកសមុទ្រឡើងខ្ពស់ លិចក្រុងនេះ។
ការមានទឹកជំនន់បណ្តាលមកពីទឹកសមុទ្រឡើងខ្ពស់យ៉ាងលឿន និងកំណើនខ្យល់ព្យុះរដូវត្រជាក់ខ្លាំងក្លា បានបំផ្លាញក្រុង El Bosque ស្ទើរតែទាំងស្រុង ដោយបន្សល់ទុកបំណែកបេតុងដែលធ្លាប់ជាគ្រឹះផ្ទះ ដែលត្រូវបានកសាងនៅលើផ្ទៃខ្សាច់។ ដោយត្រូវបង្ខំឱ្យរត់ចេញពីផ្ទះដែលពួកគេបានស្ថាបនា ក្រុមអ្នកស្រុកក្នុងមូលដ្ឋានកំពុងរង់ចាំជំនួយរដ្ឋាភិបាល ដើម្បីជួលផ្ទះដែលពួកគេគ្មានលទ្ធភាពបង់បាន។
សន្និសីទកំពូលធាតុអាកាសហៅ COP28 បានយល់ព្រមនៅខែធ្នូឱ្យមានមូលនិធិមួយក្នុងទឹកប្រាក់រាប់លានដុល្លារ ដោយបង់សំណងដល់ការខាតបង់និងការខូចខាត ដើម្បីជួយក្រុមប្រទេសកំពុងអភិវឌ្ឍន៍សម្របសម្រួលខ្លួនជាមួយការកើនឡើងកម្តៅជាសាកល។
ជំនួយនេះនឹងយឺតពេលហើយសម្រាប់អ្នកក្រុង El Bosque ប៉ុន្តែនៅត្រឹមឆ្នាំ ២០៥០ ជនជាតិម៉ិកស៊ិកច្រើនលាននាក់ថែមទៀតនឹងត្រូវបង្ខំឱ្យផ្លាស់លំនៅឋានដោយសារការប្រែប្រួលអាកាសធាតុ នេះបើតាមក្រុមប្រឹក្សាក្រុមអភិបាលក្រុងអំពីទេសន្តរប្រវេសន៍ (Mayors Migration Council) ដែលជាក្រុមចម្រុះមួយស្រាវជ្រាវអំពីចំណាកស្រុក។
កាលពីពីរឆ្នាំមុននេះ មានមនុស្សជាង ៧០០ នាក់ រស់នៅក្នុងក្រុង El Bosque តែនៅពេលនេះមានតែរាប់សិបនាក់ប៉ុណ្ណោះ។
ការប្រែប្រួលនៃតួលេខនេះ បង្ហាញពីសំណល់នៃសហគមន៍មួយដែលត្រូវបាត់បង់។ នៅក្នុងអគារមួយក្នុងបណ្តាអគារពីរបីនៅសេសសល់ មានទូទឹកកកដែលក្លាយជាកន្លែងរក្សាទុកវត្ថុនៅសេសសល់។
អ្នកស្រី Guadalupe Cobos ជាមនុស្សម្នាក់ក្នុងចំណោមជនមួយចំនួនតូចដែលនៅតែបន្តរស់នៅ El Bosque។ អ្នកស្រីបាននិយាយថា ទំនាក់ទំនងរបស់អ្នកស្រុកជាមួយសមុទ្រ«ប្រៀបដូចជាអាពាហ៍ពិពាហ៍ពិសពុល»។ អ្នកស្រីបាននិយាយដូច្នេះ ពេលងាកមុខទៅមើលរលកសមុទ្រខ្ពស់កាលពីរសៀលមួយនៅពេលថ្មីៗនេះ។
អ្នកស្រីបានថ្លែងដោយសម្តៅលើទឹកសមុទ្រថា៖ «ខ្ញុំស្រឡាញ់អ្នកនៅពេលខ្ញុំសប្បាយចិត្ត។ ហើយពេលណាខ្ញុំខឹងសម្បា ខ្ញុំយកអ្វីៗទាំងអស់ដែលខ្ញុំបានឱ្យអ្នក»។
បើតាមអ្នកស្រី Lilia Gama អ្នកស្រាវជ្រាវអំពីភាពងាយរងគ្រោះនៃតំបន់ឆ្នេរសមុទ្រនៅសាកលវិទ្យាល័យរដ្ឋ Tabasco Juarez ថា ជាមួយកំណើនទឹកសមុទ្រយ៉ាងលឿន ខ្យល់ព្យុះរដូវត្រជាក់ ហៅថា «nortes» បានបំផ្លាញផ្ទៃដីពីមាត់សមុទ្រចូលដីគោកជម្រៅជាង ៥០០ ម៉ែត្រ តាំងពីឆ្នាំ ២០០៥ មក។
អ្នកស្រី Gama ថា៖ «កាលពីពេលមុន បើមានខ្យល់ព្យុះធំមួយ វាបោកបក់តែមួយថ្ងៃឬពីរថ្ងៃប៉ុណ្ណោះ។ រលកសមុទ្រឡើងខ្ពស់បន្តិចហើយក៏បាត់ទៅវិញ»។
នៅពេលនេះ មានខ្យល់ក្តៅដែលនាំឱ្យមានសំណើមច្រើនជាងមុន ដែលធ្វើឱ្យខ្យល់ព្យុះរដូវត្រជាក់កើតមានជាច្រើនថ្ងៃ នៅពេលម្តងៗ។
ពួកអ្នកវិទ្យាសាស្ត្រក្នុងមូលដ្ឋាននិយាយថា ខ្យល់ព្យុះខ្លាំងជាងមុនអាចបំផ្លាញ El Bosque ជារៀងរហូត។ ការយកអ្នកស្រុកមូលដ្ឋានឱ្យទៅរស់នៅកន្លែងផ្សេងយឺតយ៉ាវ ដោយសារការិយាធិបតេយ្យនិងដោយកង្វះប្រាក់កាស នឹងនាំឱ្យដំណើរការនេះត្រូវចំណាយពេលច្រើនខែ ឬច្រើនឆ្នាំទៀត៕
ប្រែសម្រួលដោយ លោក ឈឹម សុមេធ