ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោះ​តៃវ៉ាន់​ «មាន​ឆន្ទៈ» រួម​ចំណែក​ក្នុង​មូលនិធិ​រ៉ាប់រង​ការ​បាត់បង់​និង​​ការ​ខូចខាត​​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​សន្និសីទកំពូល​ COP28


សកម្មជន​បរិស្ថាន​បាតុក្ម​នៅ​ក្នុង​ស្និសីទអាកាស​ធាតុ​ក្នុង​ទីក្រុងកាលពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣
សកម្មជន​បរិស្ថាន​បាតុក្ម​នៅ​ក្នុង​ស្និសីទអាកាស​ធាតុ​ក្នុង​ទីក្រុងកាលពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣

បើ​ទោះ​បី​ជា​កោះ​តៃវ៉ាន់​មិនមែន​ជា​សមាជិក​អង្គការសហប្រជាជាតិ​ក្តី​ ក៏​ដែន​កោះ​មួយ​នេះ​និយាយ​ថា ខ្លួន​មាន​ឆន្ទៈរួមចំណែក​នៅ​ក្នុង​មូលនិធិ​រ៉ាប់រង​ការ​ខូចខាត បង្ក​ឡើង​ដោយការ​ប្រែប្រួល​អាកាសធាតុ​នៅ​ឯ​សន្និសីទ​កំពូល​ស្តីពីការ​ប្រែប្រួល​អាកាសធាតុ​អង្គការ​សហប្រជាជាតិ​ ដែលហៅ​កាត់​ថា COP28 នៅ​ក្នុង​ទីក្រុង​ឌូបៃ​ ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។

មូលនិធិ​រ៉ាប់រង​ការ​បាត់បង់​និង​ការ​ខូចខាត​នេះ មាន​គោលដៅ​បង្គាប់​ឱ្យ​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ខ្លាំងក្លា​ ផ្តល់​សំណង​លើផល​ប៉ះពាល់​ ដែលទទួល​រង​ដោយ​ប្រទេស​ងាយ​រងគ្រោះក្នុង​តំបន់​ភាគខាង​ត្បូវ​នៃ​ពិភពលោក​ឬ Global South។

ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ដែន​កោះ​តៃវ៉ាន់​ ដែលគ្រប់គ្រង​ប្រទេស​ដោយ​ខ្លួន​ឯង​នេះ ស្ថិត​ក្នុង​ទំហំ​តូច​នៅ​ឡើយ ប៉ុន្តែ​បើ​គិត​តាម​ចំនួនមនុស្ស​ម្នាក់ៗ​វិញ ​គឺមាន​លើស​ពី​ចិន​ សហភាព​អឺរ៉ុប និង​ជប៉ុន។

ស្រប​ពេល​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ ដែល​ត្រូវ​បាន​ចាត់ទុក​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន ១០០​លាន​ដុល្លា រ​ទៅ​ឱ្យមូលនិធិ​ខាង​លើ​ សម្ពាធលើ​បណ្តា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ក្នុង​បរិមាណ​ច្រើន​ឱ្យ​ចូល​រួម​ កំពុង​តែ​កើន​ឡើង​ផង​ដែរ។

​រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​តៃវ៉ាន់​ លោក Fuh-sheng Shieu និយាយ​ថា​ ក្នុង​ឋានៈ​ជា​សេដ្ឋកិច្ច​អភិវឌ្ឍន៍ កោះ​តៃវ៉ាន់​មាន​ឆន្ទៈ​បំពេញ​ទំនួល​ខុសត្រូវ​ផ្នែក​អាកាសធាតុ​របស់​ខ្លួន។ លោក​ថ្លែង​ដូច​នេះ​ថា៖«ប្រសិន​បើ​កោះតៃវ៉ាន់​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​កិច្ច​ប្រជុំចរចា​ ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ COP28 នោះ តៃវ៉ាន់​នឹង​ចូលរួម​ចំណែក​ជា​សាច់ប្រាក់​ទៅ​ឱ្យមូលនិធិ​រ៉ាប់រង​ការ​បាត់បង់​និងការ​ខូចខាត(loss and damage fund)»។​

លោក​ Shieu មិនត្រូវ​បាន​អនុញ្ញាត​ឱ្យចូល​សូម្បី​តែ​ក្នុង​ទីកន្លែង​សន្និសីទ ពី​ព្រោះ​កោះ​តៃវ៉ាន់​មិនមែន​ជា​ភាគី​នៅ​ក្នុង​សន្ធិសញ្ញា​ស្តីពី​អាកាសធាតុនោះ​ឡើយ​។ ដូច្នេះ​ ការ​ចូលរួម​ពី​សំណាក់​កោះ​តៃវ៉ាន់​គឺ ភាគច្រើន​ធ្វើឡើង​តាម​រយៈ​ជំនួប​ទ្វេភាគី​នៅ​ក្រៅ​កិច្ច​ប្រជុំតែ​ប៉ុណ្ណោះ។

តៃវ៉ាន់​ធ្លាប់បាន​ផ្តល់​ហិរញ្ញប្បទាន​ទៅ​កាន់​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដែល​ភាគច្រើន​ជា​ប្រទេស​កោះតូចៗ។ ឧទាហរណ៍​មួយ​ក្នុង​ចំណោម​នោះ ​គឺ​ការ​ផ្តល់​ប្រាក់​១លាន​ដុល្លារ​ទៅ​កាន់​ប្រជុំកោះ Marshall ចំពោះ​វិធានការ​ដើម្បី​សម្រប​ឱ្យ​បាន​ប្រសើរ​ជាង​មុន​ លើផលប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ។

នេះ​ជា​មធ្យោបាយ​មួយ​ ដែល​លោក​ Shieu បាន​និយាយ​ថា​ កោះតៃវ៉ាន់​កំពុង​ប្រើប្រាស់​ដើម្បី​ព្យាយាម​បំពេញ​ទំនួលខុសត្រូវ​ផ្នែក​អាកាសធាតុ​របស់​ខ្លួន។ លោក​បាន​បន្ថែម​ថា​ កោះ​តៃវ៉ាន់​អាច​ផ្តល់ «ការ​រួមចំណែក​ច្រើន​ជាង​នេះ» ប្រសិន​បើ​កោះ​នេះ​អាច​ចូលរួម​ក្នុង​ជំនួប​ប្រជុំស្តី​ពី​អាកាស​ធាតុ។

ប៉ុន្តែ​ចិន​បាន​រអ៊ូរទាំ​ពីរ​វត្តមាន​របស់​កោះ​តៃវ៉ាន់​នៅក្នុងសន្និសីទកំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ COP28 ដោយ​ចាត់​ទុក​ថា​ នេះ​ជា«រឿង​មិន​អាច​ទទួល​យក​បាន» និង​បាន​លើក​ឡើង​ពី​អំណះ​អំណាងដែលថា​ កោះតៃវ៉ាន់​ដែល​ដឹកនាំ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ ​គឺ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន។

ប៉ុន្តែ​អ្នក​ស្រី​ Isatis Cintron អ្នកវិទ្យាសាស្រ្ត​ផ្នែក​អាកាសធាតុនិង​ប្រធាន​អង្គការ​ Climate Trace បាន​និយាយ​ថា​ ការ​មិន​ដាក់​បញ្ចូលប្រទេស​ក្រោម​ចំណុះឬ​ដែនដី​ ដូច​ជា​តៃវ៉ាន់​ជា​ដើម​ គឺ​ជា​ការ​បំពាន​យុត្តិធម៌​ផ្នែក​អាកាសធាតុ។

អ្នក​ស្រី​ថ្លែង​ដូចនេះ​ថា៖ «យើង​មិន​អាច​និយាយ​ពី​យុត្តិធម៌​ផ្នែក​អាកាសធាតុបាន​ពេញលេញ​នោះ​ទេ​ ប្រសិន​បើ​យើង​មិន​ដាក់​បញ្ចូល​គ្រប់​ភាគី​ពាក់ព័ន្ធ​នោះ»។

កោះ​តៃវ៉ាន់​កំពុង​ប្រើប្រាស់​ឥន្ធនៈផូស៊ីល​នាំចូល​ ​ដូច​ជា​ធ្យូង​ថ្ម​និង​ប្រេង​ជា​ដើម​ សម្រាប់​ថាមពល​មួយ​ភាគធំ​របស់​ខ្លួន។ កាល​ពី​ដើម​ឆ្នាំ​នេះ​ កោះ​តៃវ៉ាន់​បាន​ដាក់​ចេញ​ច្បាប់​ស្តី​ពីគោលដៅ​ទ្រទ្រង់​បរិស្ថាន​ ដើម្បី​សម្រេច​បានការកាត់បន្ថយ​ការ​បញ្ចេញឧស្ម័ន​កាបូនក្នុង​កម្រិតសូន្យក្នុងឆ្នាំ​ ២០៥០។​

​គេ​រំពឹង​ថា​ មូល​និធិ​រ៉ាប់រងសម្រាប់​ការ​បាត់បង់​និង​ការ​ខូចខាត​ ដែល​បង្ក​ឡើង​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ នឹង​ត្រូវ​ដាក់ឱ្យ​ដំណើរការ​ក្នុងឆ្នាំ​២០២៤​ ខាង​មុខ​នេះ៕

XS
SM
MD
LG