នៅតំបន់ជនបទដាច់ស្រយាលមួយតាមបណ្តោយទន្លេមេគង្គនៅភាគខាងជើងប្រទេសឡាវ អ្នករស់នៅក្នុងភូមិ Houaygno ប្រហែល៣៣០នាក់កំពុងប្រឈមនឹងការបណ្តេញចេញ។
ក្រុមហ៊ុនថាមពលរបស់រដ្ឋវៀតណាមឈ្មោះ PetroVietnam Power បានជ្រើសរើស យកទីតាំងខាងលើដើម្បីសាងសង់ទំនប់វារីអគ្គិសនី Luang Prabang ដែលអាចផលិត ថាមពលបាន ១៤៦០មេហ្គាវ៉ាត់និងត្រូវចំណាយថវិកាអស់៣ពាន់លានដុល្លារ។ គម្រោងសង់ទំនប់វារីអគ្គិសនីនេះនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។
អាងស្តុកទឹករបស់ទំនប់វារីអគ្គិសនីនេះនឹងជនលិចផ្នែកខ្លះឬភូមិទាំង ២៣នៅក្នុងតំបន់ទាំងមូលដែលជាទីជម្រករបស់អ្នកស្រុកប្រមាណ១០.០០០នាក់ ហើយអ្នកភូមិទាំងនេះបានទទួលដំណឹងឲ្យរៀបចំចាកចេញពីផ្ទះសម្បែងរបស់ពួកគេរួចហើយ។
ក្រុមអ្នកភូមិបាននិយាយថា ទាំងមន្រ្តីរដ្ឋាភិបាលនិងបុគ្គលិកក្រុមហ៊ុនបានសន្យាថា និងចេញថ្លៃសងជំងឺចិត្តពេញថ្លៃឲ្យពួកគេ ប៉ុន្តែអ្នកភូមិមិនទុកចិត្តលើការសន្យានេះឡើយ។
កសិករម្នាក់នៅភូមិ Houaygno ដែលកំពុងទទួលទានអាហារថ្ងៃត្រង់នៅលើសំយ៉ាបផ្ទះបែរមុខទៅទន្លេបាននិយាយថា«យើងមិនទុកចិត្តពួកគេទេ ពីព្រោះយើងបានឮអំពីគម្រោងទំនប់វារីអគ្គិសនីដែលពួកគេបានសង់កាលពីមុន ដោយបានសន្យាថា នឹងសងជំងឺចិត្តឲ្យអ្នកភូមិ ប៉ុន្តែអ្នកភូមិមិនបានទទួលអ្វីទាល់តែសោះ»។
នៅលើច្រាំងទន្លេ កម្មករមួយក្រុមកំពុងជីកខួងដីដោយម៉ាស៊ីនប្រើប្រេងម៉ាស៊ូត ដើម្បីបោះបង្គោលទំនប់។
អ្នកយកព័ត៌មានរបស់ VOA កាលពីដើមខែវិច្ឆិកា បានទៅមើលភូមិពីរកន្លែងដែលត្រូវបានជនលេចដោយគម្រោងសង់ទំនប់វារីអគ្គិសនីនេះ គឺភូមិ Houaygno និងភូមិ Khokkham និងបាននិយាយជាមួយអ្នកស្រុកប្រហែលជាង១០នាក់។ ពួកគេខ្លះគ្មានសង្ឃឹមថានឹងមានជីវភាពប្រសើរឡើងនោះទេ ប្រសិនបើរដ្ឋាភិបាលត្រូវជម្លៀសពួកគេទៅរស់នៅតំបន់ផ្សេងនោះ។ ពួកគេភាគច្រើនព្រួយបារម្ភថានឹងមានជីវភាពកាន់តែដុនដាប់ជាងនេះ។ អ្នកភូមិតិចតួចប៉ុណ្ណោះជឿថាអាជ្ញាធរនឹងគោរពតាមការសន្យា ឬជឿថាច្បាប់នឹងជួយពួកគេបាន។
VOA សុំមិនបញ្ចេញឈ្មោះរបស់អ្នកភូមិទាំងនេះដើម្បីការពារពួកគេពីការសងសឹកពីសំណាក់រដ្ឋាភិបាល។
កសិករម្នាក់បាននិយាយថា«ខ្ញុំបានឮពីអ្នកភូមិនៅទំនប់វារីអគ្គិសនី Xayaburi ដែលត្រូវបានគេសន្យាថានឹងជួយ ប៉ុន្តែអ្នកភូមិទាំងនោះមិនបានទទួលជំនួយអ្វីទាល់តែសោះ»។
ទំនប់វារីអគ្គិសនី Xayaburiដែលស្ថិតនៅខ្សែទឹកខាងក្រោមទំនប់Houaygno គឺជាទំនប់វារីអគ្គិសនីទីមួយដែលរដ្ឋាភិបាលឡាវបានអនុម័តឲ្យសាងសង់នៅលើទន្លេមេគង្គកាលពីឆ្នាំ២០១០។ កាលពីថ្ងៃទី៣១ ខែកក្កដាទំនប់វារីអគ្គិសនី Luang Prabang បានក្លាយជាគម្រោងទំនប់វារីអគ្គិសនីទី៥។ គម្រោង៤ទៀតស្ថិតនៅក្នុងបញ្ចីដែលត្រូវអនុម័តឲ្យសាងសង់ ដែលគម្រោងសាងសង់ទំនប់វារីអគ្គិសនីទាំងនេះ គឺជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលដើម្បីធ្វើឲ្យប្រទេសឡាវក្លាយជា«អាគុយរបស់ទ្វីបអាស៊ី» ។ ថាមពលភាគច្រើនបានមកពីទំនប់វារីអគ្គិសនីទាំងនេះនឹងលក់ទៅឲ្យប្រទេសជិតខាងនានាដែលនឹង ចេញថ្លៃសង់ទំនប់វារីអគ្គិសនីនស្ទើរតែទាំងអស់។
គណៈកម្មការទន្លេមេគង្គហៅកាត់ថា MRC ដែលជាស្ថាប័នអន្តររដ្ឋាភិបាលសម្រាប់ប្រទេសនានាដែលមានផ្លូវនាវាចរណ៍រួមគ្នានៅសមុទ្រចិនខាងត្បូងបានព្រមានអំពីការខូចខាតធ្ងន់ធ្ងរដល់បរិស្ថាន សង្គមនិងសេដ្ឋកិច្ច ប្រសិនបើគម្រោងសាងសង់ទំនប់វារីអគ្គិសនីទាំងអស់ត្រូវបានអនុម័តឲ្យដំណើរការ រួមទាំងការថយចុះបរិមាណត្រីផងដែរ។ ក្រុមអង្គការការពារសិទ្ធិមនុស្សកំពុងជំរុញឲ្យប្រទេសឡាវផ្លាស់ប្តូរយុទ្ធសាស្រ្តដើម្បីបញ្ចៀសគ្រោះមហន្តរាយដល់ពលរដ្ឋរាប់លាននាក់ដែលរស់នៅតាមបណ្តោយទន្លេមេគង្គក្រោម។
ក្រុមអង្គការការពារសិទ្ធិមនុស្សក៏បានរអ៊ូរទាំផងដែរថា សហគមន៍នានាដែលរងការប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារទំនប់វារីអគ្គិសនីទាំងនេះ មិនត្រូវបានគេអនុញ្ញាតឲ្យចូលរួមក្នុងពិគ្រោះយោបល់ជាសាធារណៈទេ ហើយក៏ប្រហែលជាមិនត្រូវបានគេផ្តល់សំណងឲ្យផងដែរ។
ក្នុងនាមជាសមាជិកគណកម្មការទន្លេមេគង្គ រដ្ឋាភិបាលឡាវត្រូវបញ្ជូនរបាយការណ៍នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីណាដែលខ្លួនបានអនុម័តឲ្យចាប់ផ្តើមដំណើរការប្រឹក្សាដែលមានរយៈពេល៦ខែ ដើម្បីប្រមូលមតិយោបល់មុននឹងចាប់ផ្តើមសាងសង់។ សហគមន៍នានាដែលរងផលប៉ះពាល់ មានហេតុផលដែលត្រូវព្រួយបារម្ភ។
ពួកអ្នកភូមិដែលត្រូវបានបណ្តេញចេញដើម្បីសាងសង់ទំនប់វារីអគ្គិសនីមួយទៀតនៅទន្លេ Nam Khanនៅភាគខាងជើងប្រទេសឡាវ តាមបណ្តោយដងទន្លេមេគង្គបានប្រាប់ VOA នាពេលថ្មីៗនេះថា ពួកអាជ្ញាធរបានសន្យាថានឹងផ្តល់ប្រាក់ឧបត្ថម្ភឲ្យអ្នកភូមិរយៈពេលពីរឆ្នាំ ប៉ុន្តែពួកគេធ្វើតាមការសន្យាបានតែមួយឆ្នាំប៉ុណ្ណោះ។ ពួកអាជ្ញាធរបានសង់ផ្ទះថ្មីឲ្យប្រជាជន ប៉ុន្តែមិនបានផ្តល់ដីស្រែចំការថ្មីឲ្យអ្នកភូមិទេ។
ពលរដ្ឋនៅក្នុងភូមិ Houaygno និងភូមិ Khokkham បាននិយាយថា ពួកមន្រ្តីបានសន្យាថានឹងសង់ផ្ទះថ្មីឲ្យពួកគេ សងថ្លៃដីស្រែចំការឲ្យពួកគេ និងផ្តល់ប្រាក់ឧបត្ថម្ភរយៈពេល៣ឆ្នាំដល់អ្នកភូមិ ប៉ុន្តែពួកគេមិនបាននិយាយជាក់លាក់អំពីចំនួនប្រាក់ទេ។
ពលរដ្ឋខ្លះនៅភូមិ Khokkham មានក្តីរំភើបបន្តិច ដែលទីតាំងថ្មីដែលផ្តល់ឲ្យពួកគេដើម្បីសង់ផ្ទះនោះ នៅជិតផ្លូវដែលមមាញឹក និងងាយស្រួលក្នុងការដឹកជញ្ជូនទិន្នផលស្រែចំការរបស់ពួកគេ។
កសិករក្នុងភូមិម្នាក់បាននិយាយថា«តំបន់នោះនៅជិតផ្លូវធំ ដូច្នេះប្រហែលជាមានភាពងាយស្រួលក្នុងការលក់ដូរ និងងាយស្រួលសម្រាប់គ្រួសាររបស់ខ្ញុំ»។ ប៉ុន្តែលោកនៅមិនទាន់ទុកចិត្តលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៅឡើយទេ។
កសិករដដែលនោះបាននិយាយបន្តថា៖ «វាល្អណាស់ប្រសិនបើរដ្ឋាភិបាលផ្តល់ប្រាក់ រយៈពេលបីឆ្នាំដល់ពួកយើង ប៉ុន្តែយើងប្រហែលជាទទួលបានតែមួយឆ្នាំប៉ុណ្ណោះ»។
អ្នកភូមិជាស្រ្តីម្នាក់ដែលចិញ្ចឹមពពែ និងជ្រូកដើម្បីលក់ បាននិយាយថា ពួកមន្រ្តីរាជការបានមកដល់ភូមិរបស់អ្នកស្រីប្រហែលជា១ឆ្នាំមុន ដើម្បីវាស់វែងផ្ទះ និងទ្រព្យសម្បត្តិរបស់អ្នកភូមិ ដើម្បីវាយតម្លៃលើសំណងដែលអ្នកភូមិត្រូវទទួលបាន។
អ្នកស្រីបានលើកឡើងពីក្តីបារម្ភថា «រដ្ឋាភិបាលបាននិយាយថា ពួកគេនឹងរកកន្លែងថ្មីឲ្យខ្ញុំ ប៉ុន្តែវាប្រហែលជាមិនគ្រប់គ្រាន់ទេ ដូច្នេះខ្ញុំត្រូវតែស្វែងរកបន្ថែមទៀត។ ខ្ញុំមិនចង់ចេញពីទីនេះទេ ប៉ុន្តែខ្ញុំត្រូវតែចេញ ពីព្រោះរដ្ឋាភិបាលបញ្ជាឲ្យខ្ញុំចេញ»។
ស្រ្តីម្នាក់ទៀតបាននិយាយថា នៅក្នុងភូមិ Houaygno ពួកមន្រ្តីចុះមកបង្ហាញអ្នកភូមិនូវវីដេអូអំពីផ្ទះថ្មីស្អាត ដោយពួកគេបានសន្យាថានឹងសង់ឲ្យអ្នកភូមិ។ ប៉ុន្តែអ្នកស្រីបារម្ភកាន់តែខ្លាំងថាតើដីស្រែចំការថ្មីរបស់អ្នកស្រីនឹងនៅទីណា។
អ្នកស្រីបាននិយាយថា «ទីតាំងដីស្រែចំការនឹងកំណត់ថាតើយើងអាចរស់នៅទីនោះបានដែរឬទេ។ ខ្ញុំពិតជាមិនចង់ចេញពីទីនេះទេ ខ្ញុំមិនដឹងថាកន្លែងថ្មីដែលរដ្ឋាភិបាលឲ្យយើងទៅរស់នៅនោះល្អឬអាក្រក់នោះទេ»។
បុរសម្នាក់បាននិយាយថា លោកបានទៅមើលទីតាំងថ្មី និងថានៅទីនោះគ្មានដីគ្រប់គ្រាន់សម្រាប់អ្នកភូមិទាំងអស់គ្នាទេ។
ចំណែកឯស្រ្តីម្នាក់ទៀតដែលស្គាល់ទីតាំងថ្មីនោះដែរ បាននិយាយថា«គ្មានដីសម្រាប់ធ្វើស្រែចំការទេ។
អ្នកស្រីបាននិយាយថា«ពួកគេយកយើងទៅរស់នៅលើទួលប៉ុន្តែយើងមិនចង់បានកន្លែងនោះទេ។ យើងចង់ទៅរស់នៅកន្លែងណាដែលជិតទឹក។ នេះគឺជារបៀបរបបរស់នៅរបស់យើង»។
ស្រ្តីរូបនោះបាននិយាយបន្តថា ប្រាក់ឧបត្ថម្ភដែលពួកគេបានសន្យាថានឹងឲ្យយើងរយៈពេលបីឆ្នាំរួមមានអង្ករ ២៥គីឡូក្រាមក្នុងមួយខែសម្រាប់មនុស្សពេញវ័យ និង១២គីឡូក្រាមសម្រាប់កូនក្មេង។ អ្នកស្រីនិយាយទៀតថា«ប៉ុន្តែខ្ញុំមិនទុកចិត្តពួកគេទេ។ ពេលសង់ទំនប់វារីអគ្គិសនីរួចហើយ ពួកគេនឹងរត់បាត់»។
លោក Chansaveng Boungnong អគ្គនាយកនាយកដ្ឋានគោលនយោបាយថាមពលនិងផែនការនៃក្រសួងរ៉ែនិងថាមពលមិនបានឆ្លើយតបសំណួររបស់ VOA ទេ និងបានបង្វែរឲ្យទៅសួរអ្នកអភិវឌ្ឍគម្រោងវិញ។ ក្រុមហ៊ុន PetroVietnam Powerក៏មិនបាន ឆ្លើយតបទៅនឹងសំណើរសុំអត្ថាធិប្បាយដែរ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា