ពលរដ្ឋ​រងគ្រោះ​ខេត្ត​កោះកុង​ដាក់​ទំនាយ​មន្ត្រី​រំលោភ​ដីធ្លី

ក្រុម​អ្នក​តវ៉ា​អុជធូប​ បន់​ស្រន់​សុំ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​ទំនាស់​ដីធ្លី​ នៅ​ព្រះអង្គ​ដងកើ​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ ទី ០៩ ខែមករា ឆ្នាំ ២០១៧ នេះ។ (ហ៊ុល រស្មី/VOA)

ការ​បន់ស្រន់​នេះ​ កើតមាន​ឡើង​ ក្រោយ​ពី​​​ប្រជា​ពលរដ្ឋ​ទាំងនេះ​ចាប់ផ្តើម​យុទ្ធនាការ​​តវ៉ា​ តាំងពី​ថ្ងៃទី​ ២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ដោយ​ពួកគេ​បាន​ដាក់​សំណើ​ទៅ​ខុទ្ទ​កា​ល័យ​ លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​បាន​ទៅ​ជួប​មន្ត្រី​នៃ​ ក្រសួង​រៀប​ចំដែន​ដី​ នគរូប​នីយ​កម្ម​ និង​សំណង់​ដើម្បីទាម​ទារ​ឲ្យ​ជួយ​រកដំណោះស្រាយ​ចំពោះ​បញ្ហា​ដីធ្លី​នោះ។

នៅថ្ងៃ​ចន្ទ​នេះ​ ក្រុម​ប្រជាពល​រដ្ឋ​ប្រមាណ​ ជាង​ ៤០​នាក់​ ដែល​បានធ្វើ​ដំណើរ​មក​ពី​ខេត្ត​កោះ​កុង​មក​ទីក្រុង​ភ្នំពេញ​ដើម្បីតវ៉ា​ទាម​ទារ ​ឲ្យ​អាជ្ញាធរ រកដំណោះ​ស្រាយ​ក្នុង​ទំនាស់​ដីធ្លី ​បាន​ងាក​ទៅ​រក​ការ​ធ្វើ​ពិធី​សាសនា​ នៅ​ព្រះអង្គ​ដងកើ​ ដែល​ជា​កន្លែង​ប្រជាជន​នៅ​រាជ​ធានី​និង​តាម​បណ្តា​ខេត្ត​នានា ​មាន​ជំនឿ​ថា​ មាន​បុណ្យ​បារមី​ និង​ជួយ​រក​ដំណោះស្រាយ​ក្នុង​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ ដែល​ពួកគេ​កំពុង​ជួប​ប្រទះ។

ការ​បន់ស្រន់​នេះ​ កើតមាន​ឡើង​ ក្រោយ​ពី​ប្រជា​ពលរដ្ឋ​ទាំងនេះ​ចាប់ផ្តើម​យុទ្ធនាការតវ៉ា​ តាំងពី​ថ្ងៃទី​ ២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ដោយ​ពួកគេ​បាន​ដាក់​សំណើ​ទៅ​ខុទ្ទ​កា​ល័យ​ លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​បាន​ទៅ​ជួប​មន្ត្រី​នៃ​ ក្រសួង​រៀប​ចំដែន​ដី​ នគរូប​នីយ​កម្ម​ និង​សំណង់​ដើម្បីទាម​ទារ​ឲ្យ​ជួយ​រកដំណោះស្រាយ​ចំពោះ​បញ្ហា​ដីធ្លី​នោះ។​

ពួក​គេ​ក៏​បាន​ព្យាយាម​ ទាក់​ទង​ទៅ​សា្ថនទូត ​សហភាព​អឺរ៉ុប​ ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​ តែទោះ​ជា​យ៉ាងណា ​រហូតមក​ទល់​ពេល​នេះ​ កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​នៅ​មិន​ទាន់​បានទទួល​ផ្លៃផ្កា​នៅ​ឡើយ។​

អ្នកស្រី ផាវ ញ៉ឺង តំណាង​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង នៅ​រសៀល​ថ្ងៃ​ទី ០៩ ខែ​មករា ឆ្នាំ​ ២១០៧​នេះ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​អំពី​ការ​ទាមទារ​ដីធ្លី និង​សំណង​ពី​អ្នកជំនួញ​ម្នាក់ និងក្រុមហ៊ុន​ផលិត​ស្ករ​អំពៅ​ដែល​ធ្លាប់​ជា​គំរោង​វិនិយោគ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត។ (ហ៊ុល រស្មី/VOA)

អ្នក​ស្រី​ ផាវ​ ញ៉ឺង​ តំណាង​ប្រជា​ពលរដ្ឋ​មក​ពី​ឃុំ​ជី​ខ​ក្រោម ​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា អ្នកស្រី​និង​ ប្រជាពលរដ្ឋ​ទាំងនេះ​មក​បន់​ស្រន់​នៅព្រះ​អង្គ​ដងកើ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ ពីការ​បាត់​បង់​ដីធ្លី​របស់​ពួកគេ​នៅ​ឯ​ខេត្ត​កោះ​កុង​។

«អីចឹង​ ពួក​យើង​មក​ទី​នេះ​ មក​កន្លែង​ព្រះ​ដង​កើ​នេះ​ គឺ​មក​កន្លែង​ជា​ទី​សក្ការៈ​ សម្រាប់​សម្បថ​ មន្ត្រី​ទាំង​ឡាយ​ណា​ ដែល​លោក​បាន​ស្បថស្បែ​ថា​ បំពេញ​កាតព្វកិច្ច​ និង​តួនាទី​របស់​បើសិន​ជា​អត់​លោក​ នឹង​រលាយហិនហោច​ ទៅតាម​សម្បថ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​។​ ច៎ា​ពួកយើង​មក​នេះ​ គឺ​ពួកយើង​មក​ធ្វើ​អីចឹង​»។​

អ្នកស្រី​ ផាវ​ ញ៉ឺង​ ឲ្យ​ដឹងថា​ ប្រជាពលរដ្ឋ​ចំនួន​១៧៤​គ្រួសារ​ កំពុង​បន្ត​ទាមទារ​ដោះស្រាយ​ចំពោះ​ទំនាស់​ដីធ្លី​ដែល​មាន​ចំនួន​សរុប​ជាង​៧៨២​ហិកតា។​ ទំនាស់​នេះផ្ដើម​ចេញ​ពី​គម្រោង​វិនិយោគ​ផលិត​ស្ករអំពៅ​របស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់​ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។​

អ្នក​ស្រី​បន្ថែម​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​ចំនួន​១៥​គ្រួសារ​ផ្សេង​ទៀត​ ក៏​កំពុង​មាន​ទំនាស់​លើ​ផ្ទៃដី​ទំហំ​ជាង​៥៩​ហិក​តា ​ជាមួយ​លោក​ឧក​ញ៉ា ​ហេង​ ហ៊ុយ​ ​ជា​អ្នក​ជំនួញ​ម្នាក់​នៅ​ក្នុង​ខេត្ត​កោះកុង​។

លោក​ ឧក​ញ៉ា​ លី​ យ៉ុង​ផាត់ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ បានបដិសេធ​កាល​ពី​ពេល​កន្លង​មក​ថា​ លោក​មិនមាន​ជាប់​ពាក់​ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​នេះ​ទេ។​លោក​បាន​អះអាង​ថា ​លោក​បាន​ដក​ខ្លួន​ចេញ​ពី​គម្រោង​វិនិយោគ​ផលិត​ស្ករ​អំពៅ​នៅ​ខេត្ត​កោះ​កុង ដោយ​លោក​បាន​បង្វែរ​ជំនួញ​នេះ​ទៅ​ខេត្ត​កំពង់​ស្ពឺវិញ​។​

លោក​បានចោទ​ក្រុម​ប្រជា​ពល​រដ្ឋ​កាលពី​សប្តាហ៍​មុនថា​ ពួកគេ​កំពុង​ធ្វើសកម្ម​ភាព​ប្រឆាំង​រូប​លោក​ ហើយ​ថា​គណបក្ស​ប្រឆាំង​ជា​អ្នក​នៅ​ពីក្រោយ​ការ​តវ៉ា​នេះ​។​

«ខ្ញុំ​និយាយ​ទៅ​ មិនស្តាប់​ ដោយ​សារ​អី?​ ដោយសារ​នយោបាយ​ វាយ​ខ្ញុំ​ ដឹង​ខ្ញុំ​សមាជិក​គណបក្ស​ប្រជា​ជន​ ហើយ​សួរ​ថា​ ខ្ញុំ​សមាជិក​គណបក្ស​ប្រជា​ជន​ទេ​?​ ១០.០០០​ភាគរយ​ មិនមែន​ ១០០​ ទេ​ ១០.០០​ភាគរយ​ មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ អាហ្នឹង​ ខ្ញុំ​ប្រកាស​អញ្ចឹង»។

កាលពី​សប្តាហ៍​មុន​ លោក​ ហេង​ ហុយ​ ក៏បាន​បដិសេធ​ថា​ លោក​មិន​មាន​ជាប់​ពាក់​ព័ន្ធនឹង​ទំនាស់​ដីធ្លី​ ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​មក​ពី​ខេត្តកោះ​កុង​ដែល​កំពុង​បើក​យុទ្ធនាការ​តវ៉ា​នៅ​រាជ​ធានី​ភ្នំពេញ​នេះ​ដែរ។​

អ្នក​ស្រី​ផាវ​ ញ៉ឺង​ បាន​ច្រានចោល​ការ​ចោទប្រកាន់​របស់​លោក​ឧកញ៉ា​ លី​ យ៉ុង​ផាត់​ នៅ​ក្នុង​ពេល​ធ្វើពិធី​បន់​ស្រន់​នៅ​ព្រះអង្គដង​កើ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​។​

អ្នកស្រី​និយាយ​ថា​៖

«​គាត់​ចេះ​តែ​និយាយ​ផ្តេស​ផ្តាស​អីចឹង​ អីចឹង​មាន​ន័យ​ថា​ គាត់​ដើរ​តែ​ទៅ​យក​របស់​គេ​អញ្ចឹង​ចុះ​»​។​

លោក​ យឹម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់ VOA​ថា​ គណបក្ស​ប្រឆាំង​មិន​បាន​ស្ថិត​នៅ​ពីក្រោយ​ការ​តវ៉ា​ពាក់​ព័ន្ធ​នឹង​ទំនាស់​ដី​ធ្លីណា​មួយ​នោះ​ឡើយ។​ លោក​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ តវ៉ា​ចំពោះ​បញ្ហា​ដីធ្លី​នេះ​ ​ ក្រោយពី​ដីធ្លី​របស់​ពួកគេ​ត្រូវ​បាន​គេ​រំលោភ​បំពាន​។​

«ករណី​នៅ​ខេត្ត​កោះ​កុង​ ក៏ដូច​ជា​ខេត្ត​ដទៃ​ទៀត​ហ្នឹង​គឺ​ រឿង​ទាំង​អស់​នេះ​ គឺ​ជា​រឿង​ដែល​គាត់​ក្រោក​ឡើង​តវ៉ា​ ដោយសារ​តែ​គេ​រឹប​អូស​ដី​ធ្លី​របស់​គាត់​ ហើយ​គ្មាន​សំណង​សម​រម្យ​ ប៉ះពាល់​ទៅដល់​ផល​ប្រយោជន៍​របស់​គាត់​ហ្នឹង​ គឺ​គាត់​ធ្វើ​ដោយ​ខ្លួន​ឯង​ទេ​ មិន​មាន​អ្នកណា​ទៅ​ញុះញុង​អី​នៅ​ពេល​នេះ​ទេបាទ​»។​

ក្រុម​អ្នក​តវ៉ា​អុជធូប​ បន់​ស្រន់​សុំ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​ទំនាស់​ដីធ្លី​ នៅ​ព្រះអង្គ​ដងកើ​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ ទី ០៩ ខែមករា ឆ្នាំ ២០១៧ នេះ។ (ហ៊ុល រស្មី/VOA)

​ក្នុង​ពេល​ធ្វើពិធី​បន់ស្រន់​នៅព្រះ​អង្គដងកើ​នា​រសៀល​ថ្ងៃ​ចន្ទនេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ខណ្ឌ​ដូន​ពេញ​ បាន​អនុញ្ញា​ត​ ឲ្យ​ក្រុម​ប្រជា​ពលរដ្ឋ​ធ្វើ​ពិធី​បន់ស្រន់​ តែ​រយៈពេល​ជាង​ ១៥​ នាទី​ប៉ុណ្ណោះ។​

លោក​គឹម​ វុត្ថា​ ប្រធាន ​ផ្នែក​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូនពេញ​ ប្រាប់ក្រុម​អ្នកតវ៉ា​ថា​ពួកគេ​មិន​អាច​ធ្វើ​ពិធី​នេះ​ បាន​យូរ​នោះ​ឡើយ​ ដោយហេតុថា ​ព្រះបរមរាជវាំង​ ​មាន​ការ​រៀប​ចំ​ទទួល​ស្វាគមន៍លោក​ Tony ​Tan ​Keng Yam ​ប្រ​ធានាធិបតី​សឹង្ហបុរី​ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​។​

«បើសិន​ជាចង់​ធ្វើ​ អាហ្នឹងខុសពី​ថ្ងៃ​ហ្នឹង​អត់​អី​ទេ​ ប៉ុន្តែ​ថ្ងៃ​នេះ​ ថ្ងៃ​ចំពិធី​»​។​

កង​សន្តិសុខ​ខណ្ឌដូនពេញ​ ក្រោយ​មក​បាន​បំបែក​ក្រុម​ប្រជាពលរដ្ឋ​ ដោយបានគំរាម​ចាប់​ខ្លួន​មេ​ដឹក​នាំ​ក្រុម​អ្នក​តវ៉ា​ផងដែរ​។​ កង​សន្តិសុខ​ព្យាយាម​យក​រថយន្ត​មក​ដឹកនាំ​ ក្រុម​អ្នកតវ៉ា​ទាំង​នោះ​ចេញពី​ព្រះអង្គ​ដងកើ​ តែប្រជាពលរដ្ឋ​មិនព្រម​។ពួកគេ​បាន​សម្រេច​ធ្វើ​ដំណើ​តាម​ម៉ូតូកង់​បី​ ទៅកាន់​វត្ត​មួយ​ស្ថិត​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ដែល​ជា​កន្លែង​ស្នាក់​នៅ​របស់​ពួកគេ។

យ៉ាង​ណា​ក៏​ដោយ​ អ្នកស្រី​ ផាវ​ ញ៉ឺង​ និយាយ​ថា​ ក្រុម​ប្រជាពលរដ្ឋ​នឹង​មិន​ចាក​ចេញ​ ពី​រាជធានី​ភ្នំពេញនោះ​ឡើយ​ ប្រសិន​បើ​មន្ត្រី​រដ្ឋា​ភិបាល​មិន​អាច​រកដំណោះស្រាយ​ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដែល​បាន​អូស​បន្លាយ​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ៕