មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅអង្គការសង់ត្រាល់ (CENTRAL) រួមនឹងសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជាហៅកាត់ថា ស៊ីខៅឌូ និងសហព័ន្ធសហជីពកម្ពុជា ហៅកាត់ថាកាទូ បានបញ្ជាក់ជាថ្មីថា ខ្លួនមិនមានចេតនាបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាឡើយ។ នេះបើយោងតាមសេចក្តីបំភ្លឺមួយ ចេញផ្សាយកាលពីថ្ងៃពុធ។
ការធ្វើសេចក្តីបំភ្លឺនេះ បន្ទាប់ពីសហជីពមួយចំនួនបានបង្ហាញការមិនពេញចិត្តនឹងអង្គការសង់ត្រាល់ដែលបានចេញផ្សាយរបាយការណ៍មួយស្តីពី «ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាពសហជីពក្នុងប្រទេសកម្ពុជា» កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤។ សហជីពទាំងនោះបានប្រតិកម្មទៅនឹងរបាយការណ៍នោះ ហើយបានធ្វើសកម្មភាពប្រមូលផ្តុំតវ៉ាជាបន្តបន្ទាប់ នៅខាងមុខអង្គការសង់ត្រាល់ដែលមានឈ្មោះពេញថា «មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស»។
អង្គការសង់ត្រាល់បញ្ជាក់ថា សំណាកដែលខ្លួនប្រមូលសម្រាប់ធ្វើរបាយការណ៍នេះនៅមានកម្រិត ហើយមិនអាចប្រើប្រាស់ជាតំណាងទាំងមូលឱ្យវិស័យកាត់ដេរនៅកម្ពុជាបានទេ។
សេចក្តីបំភ្លឺបញ្ជាក់ថា៖ «ដូចមានបញ្ជាក់នៅក្នុងវិធីសាស្រ្តនៃរបាយការណ៍នេះទាំងមូល យើងទទួលស្គាល់ថាទំហំសំណាករបស់យើងនៅមានកម្រិត ហើយពុំមានលក្ខណៈតំណាងឱ្យបទពិសោធន៍ជាក់ស្តែងរបស់គ្រប់កម្មករនិយោជិត និងគ្រប់សហជីពទាំងអស់ក្នុងប្រទេសកម្ពុជាទេ»។
សេចក្តីបំភ្លឺបន្ថែមទៀតថា ការធ្វើរបាយការណ៍នេះមិនមានគោលបំណងក្នុងអំពើមិនល្អណាមួយនោះទេគឺធ្វើទៅតាមទិន្នន័យពិតដែលអង្គការទទួលបានពីការសម្ភាសសហជីពដែលពាក់ព័ន្ធ។ សេចក្តីបំភ្លឺបញ្ជាក់ថា៖ «របាយការណ៍នេះពុំមានចេតនាជាការវាយប្រហារលើភាគីណាមួយ ឬស្ថាប័នណាមួយ ហើយក៏មិនមានចេតនាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជានោះដែរ»។
សេចក្តីបំភ្លឺសង្កត់ធ្ងន់ថា៖ «សង់ត្រាល់ក្នុងនាមជាអ្នកសរសេររបាយការណ៍ រួមមាន (កាទូ)និង (ស៊ីខៅឌូ) ដែលបានសម្របសម្រួលការប្រមូលទិន្នន័យ រីករាយស្វាគមន៍ និងឆ្លើយតបចំពោះសំណួរ ឬកង្វល់ដែលនឹងទទួលបាននាពេលខាងមុខពីសហជីពមូលដ្ឋាន ដៃគូការងារ និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធឯទៀត ដែលទាក់ទងជាមួយការរកឃើញ និងអនុសាសន៍របស់ខ្លួន។ យើងខ្ញុំ ស្វាគមន៍កិច្ចសន្ទនាគ្រប់ទម្រង់ទាំងអស់ ដើម្បីធានាឱ្យមានភាពច្បាស់លាស់ និងដើម្បីបង្ការកុំឱ្យមានការភ័ន្តច្រឡំដទៃទៀត ដែលអាចកើតមានពីការផ្សព្វផ្សាយរបាយការណ៍នេះ»។
បើតាមរបាយការណ៍សិក្សាចេញផ្សាយកាលពីដើមខែមិថុនា អង្គការសង់ត្រាល់បានសម្ភាស ហើយវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុងរោងចក្រចំនួន ១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO)។ ក្នុងចំណោមសហជីពចំនួន ១៤ នេះ មានសហជីពចំនួន ១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់ពួកគេ។ អង្គការសង់ត្រាល់ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករនិយោជិត និងសហជីព។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់វីអូអេថា លោករីករាយក្នុងការពិភាក្សាជាមួយភាគីពាក់ព័ន្ធដែលជំទាស់ ឬរិះគន់របាយការណ៍មួយនេះ។
លោកថ្លែងថា៖ «ស្ថាប័នក្នុងនាមដែលជាអ្នកសរសេររបាយការណ៍ក៏ដូចជាដៃគូសហជីពដែលបានចូលរួមនៅក្នុងការប្រមូលទិន្នន័យគឺយើងមានការស្វាគមន៍ទៅនឹងការជជែកពិភាក្សាជាមួយភាគីពាក់ព័ន្ធ...ក្នុងករណីដែលមានការខ្វល់ខ្វាយឬក៏ការយល់ច្រឡំ ឬក៏ពាក់ព័ន្ធទៅក្នុងអនុសាស្រ្តដែលមាននៅក្នុងរបាយការណ៍»។
ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា លោក គឹម ចាន់សំណាង ដែលចេញមុខតវ៉ាជំទាស់នឹងរបាយការណ៍របស់អង្គការសង់ត្រាល់ លើកឡើងថា គោលបំណងរបស់លោកគឺចង់ឃើញការកែសម្រួលខ្លឹមសាររបស់របាយការណ៍។
លោកប្រាប់វីអូអេថា៖ «ទីមួយគឺយើងសំណូមពរសុំឱ្យកែសម្រួលខ្លឹមសារនៅរបាយការណ៍ មិនមែនឱ្យគាត់មកឆ្លើយតបបកស្រាយបំភ្លឺទៅលើរបាយការណ៍ហ្នឹងទេ។ អ៊ីចឹងសម្រាប់ខាងសហភាពសិទ្ធិកម្មករកម្ពុជា គឺយើងមិនទាន់អាចទទួលបានទេ ព្រោះវាមិនឆ្លុះបញ្ចាំងជាមួយនឹងអ្វីដែលយើងចង់បាន»។
គួរបញ្ជាក់ថា កាលពីពេលថ្មីនេះ តំណាងសហជីពមួយចំនួនដែលតំណាងដោយ លោក គឹម ចាន់សំណាង បានដាក់លិខិតទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ដោយស្នើឱ្យពិនិត្យមើលសកម្មភាព និងប្រភពថវិការបស់អង្គការសង់ត្រាល់៕