មន្ត្រី​និង​មេដឹកនាំ​សហជីព​រួម​គ្នា​បង្កើត​យន្តការ​សម្រាប់​តម្លើង​ប្រាក់​ឈ្នួល​កម្មករ

យ៉ាង​ហោច​ណាស់​ក៏​មាន​កម្មករ​ធ្វើ​ការ​នៅ​ក្នុង​រោចក្រ​កាត់​ដេរ​ និង​ស្បែក​ជើង​ជាង​៦២​ម៉ឺន​នាក់​បាន​នឹង​កំពុង​ធ្វើការ​ក្នុង​រោង​ចក្រ​សរុប​ដែល​មាន​ជាង​៩៦០​រោង​ចក្រ​ទូទាំង​ប្រទេស។

មន្ត្រី​រដ្ឋាភិបាល តំណាង​សមាគម​រោង​ចក្រ​ និង​សហជីព​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បានឯកភាព​លើ​យន្តការ​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​នៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ នៅ​មិន​ទាន់​មាន​ការ​សម្រេចពី​ការ​តម្លើង​ប្រាក់ឈ្នួល​កម្មករ​ដល់​កម្រិត​ណា​នៅ​ឡើយ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​សិក្ខា​សិលា​ថ្នាក់​ជាតិ​ស្តី​ពី​ការ​ពង្រឹង​ដំណើរ​ការ​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរមា​នៅ​កម្ពុជាដែល​ស្ថិត​នៅ​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)។ សេចក្តីប្រកាស​រួម ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បង្ហាញ​ថា​សេចក្តី​សម្រេច​រួម​មាន​ប្រាំ​ចំណុច​ធំៗដូចជា​ការ​ពិនិត្យ​មើល​ឲ្យ​បាន​ញឹក​ញាប់​ពី​លទ្ធភាព​នៃ​ការ​កែ​សម្រួល​ប្រាក់​ឈ្នួល​កម្មករ ការ​បង្កើត​យន្តការ​នៃការ​ចរចា​ដែល​ចូលរួម​ដោយ​ដៃ​គូរពាក់​ព័ន្ធ​ទាំងអស់ ការ​សម្រេច​ចេញ​ដោយ​ប្រើ​យន្តការ​កុងសង់​ស៊ីសនិង​ការ​បោះឆ្នោត​ជា​សម្ងាត់។

លើស​ពី​នេះ​ក៏​មាន​ការ​យល់​ព្រម​លើការ​ប្រើ​ប្រាស់​ទិន្នន័យ​ដែល​ឆ្លុះ​បញ្ជាំង​ពី​ទិដ្ឋភាព​សេដ្ឋកិច្ច​ សង្គម​ លទ្ធភាព​ទីផ្សារ​ការ​ងារ និង​ភាព​ប្រកួត​ប្រជែង​ដើម្បី​ជាមូល​ដ្ឋាន​សម្រាប់​ការ​តម្លើង​ប្រាក់​ខែ​ដល់​ក្រុម​កម្មករ​ និង​គម្រោង​នៃ​ការ​តម្លើងប្រាក់​ខែ​អប្បបរា​ជា​លំដាប់ៗ។

លោក អ៊ិត​ សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​សាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​ការ​ពិភាក្សា។

«កំណត់​លក្ខណៈ​វិនិច្ឆ័យ​នីតិវិធី​ផ្សេងៗ​ក្នុង​ការ​ពិភាក្សា។ អញ្ចឹការ​ពិភាក្សា​លើក​ក្រោយ​វា​នឹង​លែង​មាន​បញ្ហា​ទំនាស់ ការ​ធ្វើ​កូដកម្ម​ បាតុកម្ម​ ឬលែង​មែន​ការ​លើក​យក​បញ្ហា​បាតុកម្ម​ កូដកម្មហ្នឹង​មក​ដាក់​សម្ពាធ​ក្នុង​តុ​ចរចា»។

លោក អាត់​ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ (ស៊ីខៅឌូ)​យល់​ថា​យន្តការ​ទាំង​នោះ​នឹង​អាច​ជួយ​តម្លើង​ប្រាក់​ខែ​កម្មករ​បាន​នៅ​ពេល​ខាង​មុខ។

«អ្វី​ដែល​ជា​លទ្ធផល​ក្នុង​អង្គ​ប្រជុំ​រយៈ​ពេល​មួយ​ថ្ងៃ​កន្លះ​នេះ ខ្ញុំ​តំណាង​ឲ្យ​សហជីព​ខ្ញុំ​ថា ​ខ្ញុំ​សប្បាយ​ចិត្ត​រីក​រាយ។ យើង​គិត​ថា ជា​ចំណុច​មួយ​ល្អ​នៃ​ការចាប់​ផ្តើម​យន្តការ​នេះ​ក្នុង​រយៈ​ពេល​វែង​ដែល​អាច​កំណត់​ទៅ​លែង​មាន​បញ្ហា»។

យ៉ាង​ហោច​ណាស់​ក៏​មាន​កម្មករ​ធ្វើ​ការ​នៅ​ក្នុង​រោចក្រ​កាត់​ដេរ​ និង​ស្បែក​ជើង​ជាង​៦២​ម៉ឺន​នាក់​បាន​នឹង​កំពុង​ធ្វើការ​ក្នុង​រោង​ចក្រ​សរុប​ដែល​មាន​ជាង​៩៦០​រោង​ចក្រ​ទូទាំង​ប្រទេស។ កម្មករ​ភាគ​ច្រើន​បាន​ធ្វើ​បាតុកម្ម​ទាមទារត​ម្លើង​ប្រាក់​ខែ​អប្បរមា​ឲ្យ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៣​មក​ម្ល៉េះ។ ប៉ុន្តែ​ក្រោយ​មក​រដ្ឋា​ភិបាល​បាន​បាញ់​បង្រ្កាប​ចលនា​តវ៉ា​នេះ​និង​បាន​សម្រេច​ផ្តល់​ប្រាក់​ឈ្នួក​ទាប​បំផុត​ដល់​ពួក​គេ​ត្រឹម​តែ​១០០​ដុល្លារ​តែ​ប៉ុណ្ណោះ។

លោក ប៉ាវ​ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​យល់​ថា ការ​សម្រេច​ខាង​លើ​នឹង​មិន​អាច​ជួយ​ឲ្យ​ក្រុម​កម្មករ​ឈាន​ដល់​ការ​ទទួល​ប្រាក់ខែ​តាម​ការចង់​បាន​របស់​ពួក​គេ​ទេ។​

«កិច្ច​ប្រជុំ​នេះ​គ្រាន់​តែ​ជា​យុទ្ធសាស្រ្ថ​ក្នុង​ការ​អូស​បន្លាយ​ពេល​វេលា។ យើង​ឃើញ​ថា​មាន​តែ​ភាគី​សហជីព​ចូល​រួម​ ភាគី​នយោជក​គេ​មិន​បាន​ចាប់​អារម្មណ៍​កម្មវិធី​នេះ​ទេ។ បាទ​ខ្ញុំ​អត់​ទាន់​មាន​ជំនឿ​ចិត្ត​ថា​វា​នឹង​មាន​ការ​ជុំ​គ្នា​ដើម្បី​សម្រេច​បាន​ការ​កំណត់​ប្រាក់​ឈ្នួល​ស្តង់​ដារ​នោះ​ទេ»។

គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​ភាគី​ជាប់​ពាក់​ព័ន្ធ​ខាង​លើ​នឹង​ជជែក​ពិភាក្សា​គ្នា​ជាក់​ស្តែង​ឡើង​វិញ​នៅ​ពេល​ណា​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​កម្មករ​រោង​ចក្រ​ឡើង​វិញ៕