តុលាការ​ដោះលែង​សកម្មជន​សិទ្ធិ​កម្មករ​សិទ្ធិ​លំនៅដ្ឋាន​ដោយ​មាន​ចំណង​ច្បាប់

Your browser doesn’t support HTML5

តុលាការ​ដោះលែង​សកម្មជន​សិទ្ធិ​កម្មករ ​សិទ្ធិ​លំនៅដ្ឋាន​ ដោយ​មាន​ចំណង​ច្បាប់

សំឡេង​ទ្រហោ​យំ​ ដែល​កើត​ចេញ​ដោយ​សារ​ការ​រំជួល​ចិត្ត​ពី​សមាជិក​ក្រុម​គ្រួសារ​ជនជាប់​ចោទ ​បាន​ឮ​ខ្ទរខ្ទារ​ក្នុង​បរិវេណ​តុលាការ​ក្រោយ​ពី​តុលាការ​បាន​ប្រកាស​សាលក្រម​រួច។

លោក ​កែវ មុន្នី​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ប្រកាស​សាល​ក្រម​នៅ​ចំពោះ​មុខ​ជនជាប់​ចោទ​ចំនួន​១០​ក្នុង​សំណុំ​រឿង​រោង​ចក្រ​យ៉ាកជីង​ ដែល​មាន​ទី​តាំង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​បួន។​

លោក​ប្រធាន​ចៅ​ក្រម​បាន​ប្រកាស​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ទាំង​១០​នាក់​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​ចាប់​ពី​២​ឆ្នាំនិង​៦​ខែរហូត​ដល់​៤​ឆ្នាំ​និង​៦​ខែ។​ ក៏ប៉ុន្តែ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​នៃ​ការ​ឃុំ​ខ្លួន​កន្លង​មក​តែ​ប៉ុណ្ណោះ​ ហើយ​ទោស​ទាំង​ប៉ុន្មាន​ត្រូវ​ព្យួរ​ មាន​ន័យ​ថា​ ជនជាប់​ចោទ​ទាំង​១០​នាក់​ត្រូវ​បាន​ដោះលែង​ឲ្យមាន​សេរីភាព​វិញ។

តុលាការ​ក៏​បាន​សម្រេច​ឲ្យជន​ជាប់​ចោទ​ចំនួន​បួន​នាក់​ ​ក្នុង​ចំណោម​១០​នាក់​ ដែល​រួម​មាន​លោក​វន់ ពៅ​ លោក​ចាន់ ពុទ្ធិស័ក​ លោកសុ គន្ធ សម្បត្តិ​ពិសិដ្ឋ​ និង​លោក​ថេង សាវឿង​បង់​ប្រាក់​ពិន័យ​ចូល​ថវិកា​រដ្ឋ​ក្នុង​ម្នាក់ៗ​ចំនួន​៨​លាន​រៀល​គឺ​ ប្រមាណ​២​ពាន់​ដុល្លារសហរដ្ឋ​អាមេរិក។​

ចំណែកឯ​នៅ​ក្នុង​សំណុំ​រឿង​ទាក់ទង​នឹង​ព្រឹត្តិការណ៍នៅ​សួន​ឧស្សាហកម្ម​ កាណាឌីយ៉ា​ និង​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ​វិញ​ ដែល​មាន​ជន​ជាប់​ចោទ​១៥​នាក់​នោះ​ ​តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពី​១ឆ្នាំ​ទៅ​ ៤ឆ្នាំ។​ ក៏ប៉ុន្តែអនុវត្ត​ទោស​រយៈ​ពេល​នៃ​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កន្លង​មក ​តែ​ប៉ុណ្ណោះ។​

ក្រោយ​ពី​ប្រកាស​សាល​ក្រម​ ក្រុម​អ្នក​សារ​ព័ត៌មាន​ត្រូវ​បាន​បណ្តេញ​ចេញ​មិន​អនុញ្ញាត​ឲ្យសាក​សួរ​ ជនជាប់​ចោទ​ទេ​ លើកលែងតែ​អ្នក​កាសែត​មួយ​ចំនួន​ដែល​តែង​តែយក​ព័ត៌មាន​ក្នុង​តុលាការ​គឺ​ សមត្ថកិច្ច​មិន​បាន​បណ្តេញ​ចេញ​ទេ។​

តុលាការ​ដោះលែង​សកម្មជន​សិទ្ធិ​កម្មករ សិទ្ធិ​លំនៅដ្ឋាន ដោយ​មាន​ចំណង​ច្បាប់


លោក​ សំ​ សុខគង់​ មេធាវី​ការពារ​ក្តី​លោក​វន់ ពៅ​ មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​ពេញ​ចិត្ត​ខ្លះ​និង​មិន​ពេញ​ចិត្ត​ខ្លះ​ទាក់​ទិន​នឹង​ការ​ដោះ​លែង​កូន​ក្តី​របស់​លោក។

លោក​មាន​ប្រសាសន៍​ថា​ លោក​នឹង​ពិចារណា​ប្តឹង​ទាស់​ទៅ​កាន់​តុលាការ​សាលា​ឧទ្ធរណ៍​ដើម្បី​រក​យុត្តិធម៌​ជូន​កូន​ក្តី​របស់​លោក ​ក្រោយ​ពីបាន​ជាប់​ឃុំឃាំង​អស់​រយៈពេល​ជិត​៥​ខែ។​

លោក​និយាយ​ថា៖​ «មូលហេតុ​ ការ​ដាក់​ទោស​នេះវា​អត់​មាន​លក្ខណៈ​មួយ​ដែល​ថា​ មាន​ភស្តុតាង​ ឬ​ក៏​មាន​អ្វី​មួយ​ដែល​ជាការ​ដាក់​បន្ទុក​ ដែល​បង្ហាញ​ថា ​ជន​ជាប់​ចោទ​ទាំង​អស់​ហ្នឹង​គាត់​មាន​កំហុស​ទេ។​ ក៏​ប៉ុន្តែ​ការ​ពេញ​ចិត្ត​ត្រង់​ថា​ គេ​ឲ្យពួក​គាត់​ហ្នឹង​បាន​នៅ​ក្រៅ​ឃុំ​ ដោយ​ប្រើ​វិធី​មួយ​ដាក់​ទោស​ព្យួរ​គាត់»។​

ជនជាប់​ចោទ​នៅ​ក្នុង​សំណុំ​រឿង​រោចក្រ​យ៉ាក​ជីង​ទាំង​១០​នាក់​ត្រូវ​បាន​តុលាការ​កែប្រែ​បទ​ចោទ​ពី​បទ​«ញុះញង់»​ទៅ​ជា«ផ្តើម​គំនិត​ឲ្យមាន​អំពើ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​វិញ»។​

តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រើ​ប្រាស់​ពេល​វេលា​ប្រមាណ​ជាង​១​ខែ​ក្នុង​ការ​បើក​សវនាការកាត់​ទោស​នៅ​ក្នុង​សំណុំ​រឿង​ទាំង​នេះ។​ ក៏ប៉ុន្តែ​ក្នុង​ពេល​បើក​សវនាការ​កន្លង​មក​តុលាការ​បាន​បង្ហាញ​ភស្តុតាង​តិចតួច​តែ​ប៉ុណ្ណោះ​មក​ដាក់​បន្ទុក​ទៅ​លើ​ជន​ជាប់​ចោទ។

លោក​អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​មាន​ប្រសាសន៍​ថា​ លោក​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេចរបស់​តុលាការ​ដែល​បាន​កាត់​តម្រឹម​ទោស​កំហុស។​ តែ​ជនជាប់​ចោទ​ទាំង​អស់​មិន​គួរ​ប្រឈម​មុខ​ទទួល​ទោស​រហូត​ជិត​៥ខែ​ទេ។​

លោក​និយាយ​ថា៖​ «ហើយ​អ្វី​ដែល​យើង​មើល​នេះ​គឺ​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​យ៉ាង​ច្បាស់​ក្រឡែត​ ពី​ព្រោះ​ដោយ​សារ​មាន​សម្ពាធ​ពី​អ្នក​បញ្ជា​ទិញ​ មាន​សម្ពាធ​ផ្សេងៗ​ ហើយ​ស្ថាន​ភាព​នយោ​បាយ​មាន​ភាព​ល្អ​ប្រសើរ​ទើប​អ្នក​ទាំង​អស់​ហ្នឹង​ត្រូវ​បាន​កាត់​តម្រឹម​ ​ត្រូវ​ដោះ​លែង​ថ្ងៃ​នេះ»។​

លោកស្រី​ប៉ាន់​ ស៊ីណា​ ម្តាយ​បង្កើត​របស់​ជនជាប់​ចោទ​ ​សុគន្ធ​ សម្បត្តិ​ ពិសិដ្ឋ​ មាន​ប្រសាសន៍​ដោយ​ត្រេក​អរ​ថា៖​ «ក្មួយ ​មីង​មាន​ទឹក​ចិត្ត​ត្រេក​អរ​ណាស់​ ដែល​កូន​បាន​ចេញ​នៅ​ក្រៅ​ឃុំ​ ​ពី​ព្រោះ​អ្វី​បាន​តុលាការ​គាត់​លើក​លែង​ទោស​ឲ្យនៅ​ក្រៅ​ឃុំ»។​

លោក​វន់ ពៅ​ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ជនជាប់​ចោទ​ផ្សេង​ទៀត ​ត្រូវ​បាន​អនុញ្ញាត​ឲ្យចេញពី​ពន្ធនាគារ​ហើយ​ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​តុលាការ​ប្រកាស​សាល​ក្រម។​

មាន​មនុស្ស​ជាច្រើនពាន់​នាក់បាន​ទៅ​ស្វាគមន៍​លោក​វន់​ ពៅ​ និង​ជនជាប់​ចោទ​ផ្សេង​ទៀត​នៅ​ពន្ធនាគារ​ព្រៃ​ស​ ​ដោយ​បាន​ដង្ហែ​តាម​ដង​ផ្លូវ​ឆ្ពោះ​មកកាន់​ទី​ក្រុង​ភ្នំពេញ ​ក៏ប៉ុន្តែ​គ្មាន​កង​កម្លាំងសមត្ថកិច្ច​ណា​មក​បំបែក​ការ​ហែ​ក្បួន​នេះ​ទេ៕