ប្រជា​សហគមន៍​ឡពាង​ខេត្ត​កំពង់ឆ្នាំង​អំពាវនាវ​រក​យុត្តិធម៌ ខណៈ​អាជ្ញាធរ​បន្ត​ប្តឹង​ប្រឆាំង​អ្នកតវ៉ា​រឿង​ដីធ្លី

រូបឯកសារ៖ ពលរដ្ឋសហគមន៍ឡពាងនៃខេត្តកំពង់ឆ្នាំងកាន់បដាអំពាវនាវឱ្យតុលាការខេត្តទម្លាក់​បទចោទ​លើ​សមាជិករបស់សហគមន៍ខ្លួនដែលត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងជម្លោះដីធ្លី។ (Facebook/សហគមន៍ឡពាង)

ប្រជា​សហគមន៍​ឡពាង​ ឃុំ​តាជេស​ ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​ ជារឿយៗ​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ បរិហារកេរ្តិ៍​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ទៀត​ពី​សំណាក់​ភាគី​អាជ្ញាធរ​ ខណៈ​ពួកគេ​កំពុង​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី​រ៉ាំ​រ៉ៃជា​មួយ​ក្រុម​ហ៊ុន ​ខេ.ឌី.ស៊ី​ (KDC)​ ដែល​គ្រប់​គ្រង​ដោយ​ភរិយា​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ ​និង​ថាមពល។ ​នេះ​បើតាម​ប្រជា​សហគមន៍ឡពាង។​

លោក​ ស្ងួន ញឿន ​អាយុ​៤៤​ឆ្នាំ ​ប្រជា​សហគមន៍​ឡពាង​ម្នាក់​ដែល​មាន​វិវាទ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី​រ៉ាំ​រ៉ៃ​ជា​មួយ​ក្រុម​ហ៊ុន KDC នោះ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​ និង​ប្រជា​ពលរដ្ឋ​៥២​គ្រួសារ​ទៀត​ក្នុង​ឃុំ​តាជេស ​បាន​ជួប​បញ្ហា​រឿង​ដីធ្លី​នេះ​២៤​ឆ្នាំ​មក​ហើយ​ តែ​មិន​មាន​នរណា​ម្នាក់​ចេញ​មុខ​មក​ចូល​រួម​ដោះ​ស្រាយ​នោះ​ឡើយ។​

លោក​បញ្ជាក់​ទៀត​ថា​ ស្រប​ពេល​ដែល​មិន​មាន​ការ​គិតគូរ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ពី​ខាង​ភាគី​ពាក់ព័ន្ធ​ជូនប្រជា​ពលរដ្ឋ​នោះ​ អាជ្ញាធរ​ភូមិ ​ឃុំ បែរ​ជា​ងាក​មកដាក់​សម្ពាធ​មក​លើ​ពួក​គាត់ទៅ​វិញ។​

តួយ៉ាង​ដូចជា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ អាជ្ញាធរ​ភូមិ​ឃុំ​បាន​ប្តឹង​លោក​ពី​បទ​បរិហារ​កេរ្តិ៍​ ក្រោយ​ពេល​ដែល​លោក​បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុកទាក់ទង​នឹង​វិវាទ​ដីធ្លី​ដែល​លោក​បាន​ដឹង​ ជូន​ទៅ​ក្រុម​យុវជន​ដែល​មក​បំពេញ​កម្ម​សិក្សា​ពាក់​ព័ន្ធ​នឹង​រឿង​បញ្ហា​ដីធ្លី​នេះ​តែ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​យល់​ឃើញ​ថា​ នេះ​គឺ​ជា​ការ​គំរាម​កំហែង​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​ការ​ឡាយ​វីដេអូ​និយាយ​អំពី​រឿង​ទាំង​អស់​ហ្នឹង​ប្រាប់​ដល់​យុវជន​ អ៊ីចឹង​គឺ​ខ្ញុំ​និយាយ​ពិត។​ ខ្ញុំ​អត់​ដែល​និយាយ​រឿង​បរិហារ​កេរ្តិ៍​អ្នក​ណា​ទេ​ គឺ​ខ្ញុំ​គេ​ដេញ​ខ្ញុំ​ចេញ​មែន​ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​រឿង​ជម្លោះ​ដីធ្លី​ប្រាកដ​ជា​មាន​មែន។ ​ប៉ុន្តែ​ក្នុង​[ពាក្យ]​បណ្តឹង​នោះ ​គេ​ដាក់​ថា​ មាន​ជម្លោះ​ជា​មួយ​នឹង​មេភូមិ​ ​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ ជា​មេភូមិ​មួយ​ណា​ទេ»។​

លោក​បន្ត​ថា​ រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​នឹង​ឡើង​កាន់​អំណាច​គួរតែ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ទាំង​អស់​នេះ​ឱ្យ​បាន​ឆាប់។​

លោក​ប្រាប់​វីអូអេថា៖​ «អាជ្ញាធរ​ពាក់ព័ន្ធ​ និង​រដ្ឋាភិបាល​ដែល​ឡើង​មក​ថ្មី​នេះ​ត្រូវ​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជា​រាស្រ្ត​ជា​ធំ​ ហើយ​ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ឈប់​ការ​ទន្ទ្រាន​យក​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ទៀត​ ដើម្បី​កុំ​ឱ្យ​មាន​អំពើ​ទាំង​អស់​ហ្នឹង ​ដោយ​សារតែ​អាជ្ញាធរ​ថ្នាក់​ក្រោម​ធ្វើ​បាប​ប្រជា​រាស្រ្ត​ ប្រហែល​ជា​ថ្នាក់​លើ​អត់​ដឹង។​ អ៊ីចឹង​សុំឱ្យ​អាទាំង​អស់​ហ្នឹង​គឺ​សូម​បញ្ឈប់»។​

ជា​មួយ​គ្នា​នេះ​ដែរ ​អ្នកស្រី​ អ៊ុំ សុភី ​អាយុ​៤៤​ឆ្នាំ​ តំណាង​សហគមន៍​ឡពាង​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ប្រាប់​វីអូអេ​ថា ​នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​លើក​ឡើង​អំពី​វិវាទ​ដីធ្លី​ អាជ្ញាធរ​ជា​ញឹក​ញាប់បែរ​មកចោទ​ប្រកាន់​ថា ​ប្រជា​ពលរដ្ឋ​និយាយ​ញុះញង់​ បរិហារ​កេរ្តិ៍​និយាយ​មិន​ពិត​ និង​ប្តឹង​ចោទ​ប្រកាន់​សព្វ​បែប​យ៉ាង។​

អ្នកស្រី​ថា៖​ «សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ឃើញ​ថា​ វា​គឺ​ជា​ភាព​អយុត្តិធម៌​ណាស់។​ សូម្បី​តែ​អាជ្ញាធរ​ហ្នឹង​ក៏​រើស​អើង​ពួក​ខ្ញុំ​ ប្តឹង​ពួក​ខ្ញុំ​ដែរ។​ អ៊ីចឹង​ពួកខ្ញុំ​ប្រជា​ពលរដ្ឋ​និយាយ​ត្រង់ពេក ​គេ​ចោទ​ថា​ បរិហារ​កេរ្តិ៍»។​

អ្នកស្រី​ឱ្យ​ដឹង​ទៀតថា​ អ្នកស្រី​ និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​កំពុង​មាន​ជម្លោះ​ជា​មួយ​នឹង​ក្រុមហ៊ុន ​KDC ​បាន​ដាក់​ពាក្យ​ស្នើសុំ​ឱ្យជួយ​អន្តរាគមន៍​ពី​ខាង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ តែ​អាជ្ញាធរ​មិន​ដែល​គិត​គូរ​រក​ដំណោះ​ស្រាយ​ទេ។​

អ្នកស្រី​ថ្លែង​ថា៖​ «បណ្តឹង​របស់​ពលរដ្ឋ​ខ្ញុំ​ដាក់​ទៅ​ផូងៗ​ គេ​មិន​ដែរ​ហៅ​ទៅ​ដោះ​ស្រាយ​ឱ្យ​ផង។​ រឿង​ផល​លំបាក​កើត​ឡើង​ ពួក​ខ្ញុំ​ត្រូវ​ការអី?​ ពួកខ្ញុំ​ចង់​បាន​អី? ​គាត់​មិន​ដែល​សួរ។​ ចុះ​បើ​អាជ្ញាធរ​ក្រុម​គ្នា​គេ​ហ្នឹង​ គ្រាន់​តែ​ប្តឹង​ភ្លាម ​កោះ​ហៅ​ភ្លាម។​ អ៊ីចឹង​យល់​ថា​ រឿង​នេះ​អយុត្តិធម៌​ណាស់​សម្រាប់​ពលរដ្ឋ​ដូច​ពួក​ខ្ញុំ»។​

បើ​តាម​អ្នកស្រី​ អ៊ុំ សុភី​ កាល​ពី​កន្លង​ទៅ​ក៏​ធ្លាប់​មាន​ការ​ផ្តល់​ជា​ប្រាក់​សំណង​មក​កាន់​ប្រជា​ពលរដ្ឋ​ដែរ​ តែ​អ្នកស្រី​ថា​ សំណង​ទាំង​នោះ​គឺ​ជាសំណង​មិន​សមរម្យ​ ដែល​គ្រាន់​តែ​ជា​ការ​បោក​បញ្ឆោត​ និង​បង្ខំ​ប្រជា​ពលរដ្ឋ​ឱ្យ​ទទួល​តែ​ប៉ុណ្ណោះ។​

អ្នកស្រី​បន្ថែម​ថា៖​ «ពួក​ខ្ញុំ​ចង់​បាន​តែ​យុត្តិធម៌​ អ្វី​ដែល​ជា​ការណ៍​ពិត ​ហើយ​អស់​លោក​ដោះ​ស្រាយ​ អស់លោក​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​មក​ កុំ​ឱ្យ​អស់​លោក​ស្តាប់​តាម​តែ​អាជ្ញា​ធរ​ដែន​ដី​ខាង​ក្រោម​ថា​ អស់​ហើយ​ ថា​ ចប់​ហើយ​ក៏​ថា​ចប់​ដែរ។​ តែ​ធាតុ​ពិត​ទៅ​ពួក​ខ្ញុំ​គឺ​អត់​ទាន់​បាន​អី​ អត់​ទាន់​បាន​ទទួល​នូវ​យុត្តិធម៌​ទេ»។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីភាគី​ក្រុម​ហ៊ុន ​KDC​ និង​មេឃុំ​តាជេស​ លោក​ នួន ស៊ន​ បាន​នៅ​ឡើយ​ទេ។​

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក​ ស៊ឹង សែនករុណា​ យល់​ឃើញ​ថា​ ករណី​វិវាទ​ដីធ្លីរវាងប្រជា​សហគមន៍​ឡពាង និង​ក្រុមហ៊ុន ​KDC គឺ​ជា​រឿង​ដែល​កើត​ឡើង​យូរ​មក​ហើយ​ តែ​នៅ​មិន​ទាន់​មាន​ការ​ដោះ​ស្រាយ។ ​ដូច្នេះ​លោក​ថា បើ​សិន​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​នោះ ​ជម្លោះដីធ្លី​នេះ​ក៏​មិន​នៅ​អូស​បន្លាយ​មក​ដល់​ពេល​នេះ​ទេ។​

លោក​ថ្លែង​ថា៖ «ករណី​នេះ​ខ្ញុំ​ក៏​រំពឹង​ថា​ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ស្ថាប័ន​ពាក់​ព័ន្ធ​នានា និង​ថ្នាក់​ដឹកនាំ​ប្រមុខ​រដ្ឋាភិបាល​[ថ្មី]​ផង​ដែរ ​ក្នុង​ការ​គិត​គូរ​ដើម្បី​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ ពីព្រោះ​ប្រជា​ពលរដ្ឋ​លោក​ទន្ទឹម​រង់ចាំ​ដំណោះ​ស្រាយ​នេះ​យូរ​មក​ហើយ​ ហើយ​ផល​ប៉ះពាល់​ក៏​កើត​មាន​មក​លើ​ពួក​គាត់​ក៏​ច្រើន​មក​ដែរ»។​

គួរ​បញ្ជាក់​ថា​ សហគមន៍​ឡពាង​បាន​ជាប់​នៅ​ក្នុង​ជម្លោះ​ដីធ្លី​អស់​រយៈ​ពេល​ជាង​២០ឆ្នាំ​មក​ហើយ​ជាមួយ​ក្រុមហ៊ុន ​KDC​ ដែល​គ្រប់​គ្រង​ដោយ​អ្នកស្រី ​ជា ខេង ​ភរិយា​អតីត​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ ​និង​ថាមពល ​លោក ​ស៊ុយ សែម៕