ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សហគមន៍​ឡពាង​ម្នាក់​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំពី​បទ​ហិង្សា


រូបឯកសារ៖ លោក រាជ សីមា ឈរ​នៅមុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ (រូបភាព​ផ្តល់​ឲ្យ​ដោយ​លោក ស្ងួន ញឿន)
រូបឯកសារ៖ លោក រាជ សីមា ឈរ​នៅមុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ (រូបភាព​ផ្តល់​ឲ្យ​ដោយ​លោក ស្ងួន ញឿន)

សកម្មជន​ឡ​ពាង​ម្នាក់​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ត្រូវ​បាន​តុលា​ការ​សម្រេច​ផ្តន្ទាទោស ​២ ​ឆ្នាំ កាល​ពី​ថ្ងៃ​ពុធ ពី​បទ​ប្រើ​ប្រាស់​ហិង្សា​លើ​អ្នក​ភូមិ​ម្នាក់។ នេះ​បើ​តាម​មេធា​វី និង​ប្រជា​សហគមន៍។ ប៉ុន្តែ​ការ​សម្រេច​នេះ​ត្រូវ​បាន​ប្រជា​សហគមន៍​អះ​អាង​ថា ​អយុត្តិ​ធម៌។

លោក រាជ សីម៉ា អាយុ​ ៤១​ ឆ្នាំ ជា​សកម្មជន​សហគមន៍​ឡ​ពាង​ដែល​តែង​តែ​ចេញ​មុខ​ក្នុង​ការ​តវ៉ា​រឿង​ទំនាស់​ដី​ធ្លី​ក្នុង​សហគមន៍ ដែល​អូស​បន្លាយ​ប្រមាណ​ ១០​ ឆ្នាំ​មក​ហើយ។ លោក​ត្រូវ​បាន​សមត្ថ​កិច្ច​ហៅ​សួរ​នាំ កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​វិច្ឆិកា ឆ្នាំ​ ២០២១ ពី​ដំណើរ​រឿង​បង្ក​របួស​ស្នាម និង​ហិង្សា​លើ​អ្នក​ភូមិ​ម្នាក់ ហើយ​នៅ​ថ្ងៃ​បន្ទាប់​លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនា​គារ។

មេ​ធា​វី​ការ​ពារ​ក្តី​ឱ្យ​លោក រាជ សីម៉ា អ្នក​ស្រី សឹម សោភា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក រាជ សីម៉ា ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់​ឆ្នាំង​ កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ២ ​ឆ្នាំ រួម​ទាំង​ពិន័យ​ជា​ប្រាក់​ ៤ ​លាន​រៀល។ មេធាវី​រូប​នេះ​អះអាង​ថា​ អ្នក​ស្រី​បាន​ពិភាក្សា​ជាមួយ​កូន​ក្តី ​ហើយ​ក៏​សម្រេច​ថា ​ប្តឹង​ទាស់​នឹង​សេចក្តី​សម្រេច​នេះ។ អ្នកស្រី​បន្ថែម​ថា​ ពាក្យ​បណ្តឹង​ទាស់​ត្រូវ​បាន​ដាក់​ទៅ​សាលា​ឧទ្ធរណ៍​រួច​រាល់​ហើយ។

អ្នក​ស្រី​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ អយុត្តិ​ធម៌ និង​មិន​ត្រឹម​ត្រូវ​ឡើយ ដោយ​សារ​ដើម​បណ្តឹង​បាន​ដកពាក្យ​ប្តឹង​រួច​ហើយ។

អ្នក​ស្រី​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ឃើញ​ថា ព្រោះ​អី​ដើម​បណ្តឹង​ដក​ពាក្យ​បណ្តឹង​ហើយ។ អ៊ីចឹង​នៅ​ផ្តន្ទាទោស​គាត់​ទៀត អយុត្តិធម៌​សម្រាប់​គាត់»។

បង​ប្រុស​របស់​លោក រាជ សីម៉ា លោក ស្ងួន ញឿន អាយុ​ ៤៣ ​ឆ្នាំ លើក​ឡើង​ថា ​ការ​សម្រេច​របស់​តុលាការ គឺ​អយុត្តិធម៌ និង​មិន​មាន​ឯក​រាជ្យ​ភាព ដោយ​លោក​ថា ​តុលាការ​មិន​បាន​ចុះ​មក​កត់កំណត់​ហេតុ​ដោយ​ផ្ទាល់​ឡើយ គឺ​ធ្វើ​ទៅ​តាម​កំណត់​ហេតុ​របស់​នគរបាល​តែ​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា​ នគរបាល​ធ្លាប់​ត្រូវ​បាន​លោក រាជ សីម៉ា ប្តឹង ហេតុ​នេះក៏​មាន​គំនុំ​ជាមួយ​លោក រាជ សីម៉ា។ លោក​ចាត់​ទុក​របាយការណ៍​របស់​នគរបាល​ដែល​បញ្ជូន​ទៅ​តុលាការ​ «សុទ្ធ​តែ​ក្លែង​ក្លាយ និង​បំផ្លើស»។

លោក​ថ្លែង​ថា៖ «រឿង​នេះ​ គឺ​យើង​និយាយ​ថា ​វា​អយុត្តិធម៌​ដោយ​តុលាការ​កាត់​នេះ​មិនមាន​ភាព​ឯករាជ្យ និង​ត្រឹម​ត្រូវ និង​យុត្តិធម៌​ទេ ដោយ​សារ​តែ​តុលាការ​កាត់​ក្តី​នេះ គឺ​នៅ​តែ​ក្នុង​ការិយាល័យ គឺ​អត់​បាន​ចុះ​មក​ស៊ើប​អង្កេត​នៅ​កន្លែង​កើត​ហេតុ​ផ្ទាល់។ ធ្វើ​ទៅ​តាម​តែ​របាយ​ការណ៍​របស់​សមត្ថ​កិច្ច»។

វី​អូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ខូវ​ លី ស្នងការ​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​បាន​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ហុង គឹមហាក់ ប្រាប់​វីអូអេ​ថា ​ការ​សម្រេច​របស់​តុលាការ គឺ​ផ្អែក​ទៅ​លើ​ភស្តុតាង​ សាក្សី និង​ចម្លើយ​របស់​ភាគី​ពាក់ព័ន្ធ គឺ​មិន​មែន​ដោយ​គ្រាន់​តែ​យោង​ទៅ​តាម​កំណត់​ហេតុ​របស់​សមត្ថកិច្ច​ឡើយ។

​លោក រាជ សីម៉ា ធ្លាប់​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ ក្នុង​រឿង​ដី​ធ្លី ប៉ុន្តែ​លោក​មិនត្រូវ​បាន​ចាប់​ខ្លួន​មក​ឃុំ​ក្នុង​ពន្ធនាគារ​ឡើយ។

គួរ​បញ្ជាក់ថា ​សហគមន៍​ឡពាង​បាន​ជាប់​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​អស់​រយៈ​ពេល​ជិត​ ១០ ​ឆ្នាំ​មក​ហើយ​ជាមួយ​ក្រុម​ហ៊ុន​ KDC ដែល​គ្រប់​គ្រង​ដោយ​អ្នក​ស្រី ជា ខេង ភរិយា​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម៕

XS
SM
MD
LG