កងកម្លាំង Kurd នៅ​អ៊ីរ៉ាក់​នឹង​វាយដណ្ដើម​យក​ទីក្រុង Sinjar មក​វិញ

កងកម្លាំង Kurd បាន​ផ្អាក​ការ​វាយប្រហារ ក្នុង​ប្រតិបត្តិការ​ដើម្បី​វាយ​ដណ្តើម​យក​ក្រុង​ Sinjar ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥។

ក្រុម​អ្នក​ប្រយុទ្ធ Kurd រាប់​ពាន់​នាក់​ធ្វើ​ប្រតិបត្តិការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​វាយ​ដណ្ដើម​យក​ទីក្រុង Sinjar ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​ពី​ក្រុម​រដ្ឋ​ឥស្លាម​មកវិញ។​

ក្រុម​អ្នក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​ដណ្ដើម​យក​ទីក្រុង Sinjar កាលពី​ខែសីហា ឆ្នាំ​២០១៤ ពី​ជនជាតិ​ដើម​ភាគ​តិច Yazidi និង​ឡោមព័ទ្ធ​ពួកគេ​នៅ​តំបន់​ភ្នំ។ ការ​វាយលុក​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​វាយប្រហារ​តាម​អាកាស​ជា​លើក​ដំបូង​ក្នុង​ចំណោម​ការ​វាយប្រហារ​តាម​អាកាស​ជាង​៥០០០ដង​ ពី​សំណាក់​ក្រុម​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់។​

សេចក្ដី​ថ្លែងការណ៍​មួយ​របស់​កងកម្លាំង Kurd បាន​ចេញ​ផ្សាយ​ថា អ្នក​ប្រយុទ្ធ​៧៥០០នាក់​កំពុង​តែ​ព្យាយាម​វាយ​ដណ្ដើម​យក​ទីក្រុង Sinjar កាត់​ផ្តាច់​ចរាចរណ៍​ផ្គត់ផ្គង់​សំខាន់​របស់​ក្រុម​រដ្ឋ​ឥស្លាម និង​បង្កើត​តំបន់​សុវត្ថិភាព​មួយ​ដើម្បី​ការពារ​ជន​ស៊ីវិល។ មុន​ពេល​មាន​ប្រតិបត្តិការ​នេះ ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​ក្រុម​សម្ព័ន្ធមិត្ត​បាន​កើត​មាន​ឡើង​ជារៀងរាល់​ថ្ងៃ​ក្នុង​តំបន់​នេះ អស់​រយៈពេល​ជាង​១​សប្តាហ៍​មក​ហើយ។ ​

ទីក្រុង Sinjar មាន​ទីតាំង​នៅ​ក្បែរ​មហាវិថី​ដ៏​ធំមួយ ​លើ​គន្លង​ចន្លោះ​ពី​ទីក្រុង Mosul ដែល​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​ឥស្លាម ទៅ​ប៉ែក​ខាង​កើត និង​រដ្ឋធានី​ដែល​ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ថា ជា​តំបន់​របស់​ខ្លួន ទៅ​ប៉ែក​ខាង​លិច​ នៅ​ក្នុង​ទីក្រុង Raqqa នៃ​ប្រទេស​ស៊ីរី។ ​

មន្រ្តី​ជាន់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា កងកម្លាំង​សន្តិសុខ​របស់​ប្រទេស​អ៊ីរ៉ាក់​កំពុង​តែ​ដំណើរការ​វិធានការ​នេះ​ដោយ​សន្សឹមៗ ​ដើម្បី​វាយប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ដែល​បាន​ត្រួតត្រា​តំបន់​ជាច្រើន​ក្នុង​ប្រទេស​អ៊ីរ៉ាក់៕